(បន្ទាយមានជ័យ)៖ ដីស្ថានីយរថភ្លើងនៅក្រុងប៉ោយប៉ែតនៅសល់ប្រហែល១០០ម៉ែត្រ អាជ្ញាធរបន្តធ្វើរបងបិទ ត្រូវសន្តិសុខក្រុមហ៊ុនឯកជនអានកូមករារាំង តែមិនបានសម្រេច។ហេតុការណ៏នេះ បានកើតឡើងនៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០១៨នេះ នៅចំណុចមុខផ្សាររ៉ាថ្មី ស្ថានីយរថភ្លើងក្រុងប៉ោយប៉ែត។
ដីស្ថានីយរថភ្លើងក្រុងប៉ោយប៉ែត ជារបស់រដ្ឋ ដែលក្រុមហ៊ុនឯកជនអានកូប្រើប្រាស់ ធ្វើតូបជួលអោយអាជីវករលក់ដូរ យកលុយក្នុងមួយខែៗតម្លៃរាប់ពាន់បាតនេះ ត្រូវបានអាជ្ញាធរដឹកនាំកម្លាំងធ្វើរបងបិទដើម្បីលប់បំបាត់ភាពអនាធិបតេយ្យនៅតំបន់នេះ និងយកដីរថភ្លើងនេះសំរាប់ធ្វើសួនច្បារសាធារណៈ អភិវឌ្ឍនក្រុងអោយមានការរីកចំរើន មានសោភ័ណភាពល្អ អនាម័យល្អ សំរាប់មុខមាត់ប្រទេសដែលមានភ្ញៀវជាតិ និងអន្តរជាតិ ដែលតែងតែធ្វើដំណើរឆ្លងកាត់នៅចំណុចនេះ។
ក្នុងពេលដែលអាជ្ញាធរក្រុងបន្តធ្វើសកម្មភាពធ្វើរបងបិទ ទំនងធ្វើអោយប៉ះពាល់ផលប្រយោជន៍ ទើបក្រុមហ៊ុឯកជនអានកូបញ្ជាសន្តិសុខរបស់ខ្លួនមករារាំងអាជ្ញាធរតែមិនអាចផ្អាកដំណើរការរបស់អាជ្ញាធរបានឡើយ ដោយសារមានបញ្ជាពីលោកអភិបាលក្រុងសាន ស៊ានហូ អោយធ្វើរបងបិទអោយខាងតែបាន។ តែយ៉ាងណាមិញលោកសាន ស៊ានហូ បានប្រាប់ថាទោះបីជាក្រុមហ៊ុនខាងលើនេះហាមឃាត់ក៏ដោយ តែក្នុងនាមយើងជាអាជ្ញាធរ ជារដ្ឋបាលក្រុងមានសិទ្ធគ្រប់គ្រាន់ ដើម្បីអភិវឌ្ឍន៏ទីតាំងនេះ មិនទុកអោយតំបន់ខាងលើនេះក្លាយជាតំបន់អនាធិបតេយ្យបែបនេះបន្តទៀតឡើយ ។លោកក៏បានអំពាវនាដល់ប្រជាពលរដ្ឋ អាជីវករដែលបានជួលតូបពីក្រុមហ៊ុនមេត្តាអាធ្យាស្រ័យដល់អាជ្ញាធរផង ព្រោះធ្វើបែបនេះដើម្បីតែទីក្រុងប៉ោយប៉ែតតែប៉ុណ្ណោះ។