(កំពត)៖ នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨នេះ អញ្ជើញប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្ដរស័ក្ដិ ជូនដល់នគរបាល៣២រូប នៃអធិការដ្ឋាននគរបាលស្រុកឈូក, ស្រុកជុំគិរី និងស្រុកដងទង់ នៃស្នងការដ្ឋាននគរបាលខេត្តកំពត។
ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ប៉ែន វិបុល បានណែនាំដល់កម្លាំងទាំងអស់ ត្រូវខិតខំប្រឹងប្រែងបំពេញការងារ យកចិត្តទុកដាក់ ដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ។
បន្ថែមពីនេះ នាយឧត្តមសេនីយ៍ ប៉ែន វិបុល បានបញ្ជាកម្លាំងនគរបាលទូទាំងខេត្តកំពត ដាច់ខាតត្រូវតែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ពិសេសការពារឲ្យខាងតែបាន នូវដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។
នាយឧត្តមសេនីយ៍អគ្គស្នងការរង ក៏បានគូសបញ្ជាក់ថា កម្លាំងនគរបាលទាំងអស់ត្រូវតែក្ដោបក្ដាប់សភាពការណ៍ក្នុងមូលដ្ឋានរបស់ខ្លួន ហើយមានសភាពការណ៍អ្វីកើតឡើង ត្រូវតែរាយការណ៍ជាបន្ទាន់មកថ្នាក់លើ ដើម្បីមានវិធានការបង្ក្រាប ឬទប់ស្កាត់ឲ្យបានទាន់ពេលវេលា៕