(កំពង់ចាម)៖ ប្រជាពលរដ្ឋ រស់នៅក្នុងភូមិត្រពាំងអំពិល ឃុំជ្រៃវៀង​ ស្រុកព្រៃឈរ ខេត្តកំពង់ចាម​ ចំនួន៣,១៣២​​នាក់ ដែលបងប្អូនខ្លះធ្វើដំណើរមកយ៉ាងឆ្ងាយៗ ដើម្បីមកទទួលសេវា ពិនិត្យព្យាបាលជំងឺ និងវះកាត់លើសេវា ចំនួន១៧ប្រភេទ ដោយឥតគិតថ្លៃ ពីសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ចំនួន២៦៨នាក់ មានចិត្តរំភើបឥតឧបមា ចំពោះសកម្មភាពមនុស្សធម៌នេះ ដែលជាការចូលរួមចំណែកកាត់បន្ថយ ការចំណាយរបស់ពួកគេបានមួយកម្រិតទៀត។

សកម្មភាពចុះពិនិត្យព្យាបាល និងវះកាត់ ជំងឺជូនអ្នកស្រុក នាចុងសប្តាហ៍កន្លងទៅនេះ ដឹកនាំដោយលោកវេជ្ជបណ្ឌិត ស្រូយ អាដុល្លារ ប្រធានស្តីទីក្រុមប្រឹក្សាភិបាល តំណាងលោក ហេង ​សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម សិប្បកម្ម និងជា​សមាជិក គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធាន ស.គ.ស.ស.យ.ក ក្រោមកិច្ចសហការ និងមានការ ចូលរួមសម្របសម្រួលអាជ្ញាធរមូលដ្ឋាន លោកនាយកសាលា ក្រុមការងារ ចុះជួយឃុំ ជ្រៃវៀង ជាច្រើននាក់ផងដែរ។

ពិធីនេះប្រព្រឹត្តទៅ នៅសាលាបឋមសិក្សាត្រពាំងអំពិល ស្ថិតនៅក្នុងភូមិត្រពាំងអំពិល ឃុំជ្រៃវៀង​ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្រោម​អធិបតី​​ភាព​លោក ​ចាន់ រ៉ាស៊ី អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងជាសមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារ ចុះជួយស្រុកព្រៃឈរ ទទួលបន្ទុកឃុំជ្រៃវៀង ជាតំណាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកព្រៃឈរ​ លោក ឡោ ចាន់លី អភិបាលស្រុកព្រៃឈរ។

បងប្អូនប្រជាពលរដ្ឋ ដែលបានមកទទួលសេវានានាពេលនេះ ពិតជាមានក្តីរំភើបឥតឧបមា និងបានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ​លោក ចាន់ រ៉ាស៊ី ដែលបានអញ្ជើញសម្ព័ន្ធ គ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា មកពិនិត្យព្យាបាលដោយឥតគិតថ្លៃ ជូនប្រជាជននៅឃុំជ្រៃវៀង ជាពិសេសជូនចំពោះ​ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកស្រី យឹម ឆៃលីន ប្រធានកិត្តិយសសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ដែលមានគំនិតបង្កើតសម្ព័ន្ធគ្រូពេទ្យនេះ។

ក្នុងនោះ សុទ្ធតែជាក្រុមគ្រូពេទ្យមានជំនាញច្បាស់លាស់ មានក្រមសីលធម៌វិជ្ជាជីវៈ ពិតប្រាកដប្រកប ដោយបទពិសោធន៍ខ្ពស់ ហើយបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងធនធានផ្ទាល់ខ្លួន ដើម្បីចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅតំបន់ដាច់ស្រយ៉ាល និងឆ្ងាយពីសេវាសុខាភិបាលដោយពុំគិតថ្លៃ។

បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងភូមិត្រពាំងអំពិល ឃុំជ្រៃវៀង​ ស្រុកព្រៃឈរ ខេត្តកំពង់ចាម សូមលើកដៃបួងសួងជូនពរលោកទាំងពីរ បានភពប្រសប់តែនឹងសេចក្តីសុខ និងចម្រើន និងសំណូមពរឲ្យសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធកម្ពុជា ឧស្សាហ៍ចុះទៅមូលដ្ឋាន បងប្អូនឲ្យកាន់តែញឹកញាប់ថែមទៀត៕