(មណ្ឌលគិរី)៖ នៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨នេះ ប្រតិភូនគរបាលខេត្តមណ្ឌលគិរី បានវិលត្រឡប់មកដល់កម្ពុជាវិញហើយ បន្ទាប់បានទៅចូលរួមប្រជុំបូកសរុបលទ្ធផល កិច្ចសហប្រតិបត្តិការបង្ការ បង្រ្កាប ទប់ស្កាត់បទល្មើស នៅតាមបន្ទាត់ព្រំដែនប្រចាំឆមាសទី២ ឆ្នាំ២០១៧ និងលើកទិសដៅបន្ដ រវាងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី និងស្នងការដ្ឋាននគរបាលខេត្តដាក់ឡាក់ នៃប្រទេសវៀតណាម។
ភាគីកម្ពុជា ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ហើយភាគីវៀតណាម ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ចឹង គីរើយ ស្នងការនគរបាលខេត្តដាក់ឡាក់។
នៅក្នុងកិច្ចប្រជុំនេះដែរ ភាគីទាំងពីរ បានឯកភាព និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលដែលសម្រេចបាន នាពេលកន្លងមក និងបញ្ហាដែលនៅសេសសល់មួយចំនួន នៃកិច្ចសហប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗ រវាងភាគីទាំងពីរ ក្នុងរយៈពេល០៦ខែ ចុងឆ្នាំ២០១៧។
កិច្ចសហប្រតិបត្តិការនេះ ធ្វើឡើងក្នុងគោលបំណងបង្កើនចំណងសាមគ្គីភាព មិត្តភាព សហប្រតិបត្តិការល្អ ក្នុងការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងបទល្មើស គ្រប់ប្រភេទឲ្យកាន់តែប្រសើរថែមទៀត ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់តាមតំបន់ព្រំដែនរវាងខេត្តទាំងពីរ។
ភាគីទាំងពីរបានឯកភាពអនុវត្តយ៉ាងម៉ឺងម៉ាត់ ផែនការសហប្រតិបត្តិការឆ្នាំ២០១៨ រវាងក្រសួងមហាផ្ទៃ និងក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ និងបន្តអនុវត្តខ្លឹមសារនៃកិច្ចសហប្រតិបត្តិការលើកំណត់ហេតុ ក្នុងកិច្ចប្រជុំនាពេលនេះប្រកបដោយផ្លែផ្កាល្អ៕