(រតនគិរី)៖ លោក សូ វណ្ណធិន ត្រូវបានប្រកាសឲ្យចូលកាន់តំណែងជាអភិបាលស្រុកតាវែងថ្មីជាផ្លូវការ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨នេះ ជំនួសលោក មួង ប៉ាង ដែលត្រូវបានតែងតាំងជាអភិបាលរងខេត្តរតនគិរី ក្រោមអធិបតីភាព លោក ថង សាវុន អភិបាលខេត្ត។
ថ្លែងក្នុងឱកាសនោះ លោក ថង សាវុន បានជំរុញឲ្យមន្ត្រីទាំងអស់នៃរដ្ឋបាលស្រុកតាវែង ត្រូវមានស្មារតីសាមគ្គីភាពផ្ទៃក្នុង និងលើកកម្ពស់ប្រសិទ្ធភាពការងារ និងផ្តល់សេវាសាធារណៈ សេវាតម្រូវការនានាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ស្របទៅតាមគោលនយោបាយកំណែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលកម្ពុជា អនុវត្តឲ្យបាននូវបទបញ្ចារបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ឲ្យបាននូវបទល្មើសគ្រប់ប្រភេទនៅក្នុងរដ្ឋបាលដែនដីរបស់ខ្លួន។
ទន្ទឹមគ្នានេះលោកអភិបាលខេត្ត បានណែនាំឲ្យអាជ្ញាធរ កងកម្លាំងទាំងអស់ ត្រូវសហការគ្នារក្សាសន្តិសុខសណ្តាប់ធ្នាប់ ស្ថិរភាពសង្គម ទាំងមុនពេល និងក្រោយពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ខាងមុខនេះ ឲ្យបានល្អប្រសើរ៕