(ភ្នំពេញ)៖ លោក ហង្ស វីរ: ប្រធាននគរបាលការពារសាលាដំបូង និងស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ រួមជាមួយកម្លាំងគោលដៅរបស់លោក បានតាមចាប់ជនសង្ស័យ ជាចោរលួចទូរស័ព្ទម្នាក់ ដែលត្រូវសមត្ថកិច្ចខណ្ឌចំការមន បញ្ជូនទៅកាន់តុលាការបានលួចរត់ ខណៈកំពុងអង្គុយរងចាំព្រះរាជអាជ្ញាសួរចម្លើយ នៅជាន់ទី២ នៃអគារសាលាដំបូង រាជធានីភ្នំពេញ ហើយបាននាំខ្លួនប្រគល់ឲ្យតំណាងអយ្យការ បន្តការសាកសួរវិញតាមនីតិវិធី។
ជនសង្ស័យ ដែលលួចរត់នោះមានឈ្មោះ ចក់ ធឿន ភេទប្រុស អាយុ១៩ឆ្នាំ ត្រូវបានចាប់ខ្លួនមកវិញ ក្រោយពីរត់គេចខ្លួន ប្រមាណជិត១ម៉ោង។
លោក ហង្ស វិរៈ ជាប្រធានក្រុមគោលដៅការពារ បានឲ្យដឹងទៀតថា ក្រោយពីទទួលបាន បទបញ្ជាពីលោក កោ វណ្ឌី អនុប្រធានតុលាការក្រុងភ្នំពេញ ឲ្យសហការជាមួយនគរបាល ខណ្ឌចំការមន ជួយស្វែងរកចាប់ខ្លួន ជនសង្ស័យខាងលើ ទើបលោកបានខិតខំប្រឹងប្រែង ស្រាវជ្រាវរហូតឈានដល់ចាប់ខ្លួន ជនសង្ស័យមកវិញបាន។
លោក ហង្ស វិរៈ បានបន្ថែមថា ក្នុងនាមលោក ជាប្រធានក្រុមគោលដៅការពារ សាលាដំបូងរាជធានីភ្នំពេញ និងកម្លាំងរបស់លោកទាំងអស់ ប្រឹងប្រែងសហការជានិច្ចជាមួយបងប្អូន សមត្ថកិច្ចមកពីតាមបណ្តាខណ្ឌនានា ដើម្បីការសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងមហាជនដែលអញ្ជើញមកទំនាក់ទំនង កិច្ចការផ្សេងៗនៅទីនេះ។
ក្រោយពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យ ទៅអធិការដ្ឋាននគរបាលខណ្ឌចំការមនវិញ រងចាំចាត់ការតាមច្បាប់ជាបន្តទៀត នៅថ្ងៃបន្ទាប់៕