(ភ្នំពេញ)៖ នាវេលាម៉ោង៣រសៀល ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត រៀបចំការពិនិត្យទម្រង់សន្លឹកឆ្នោតដែលត្រូវបោះពុម្ព ជាមួយតំណាងគណបក្សនយោបាយទាំង២០ នៅទីស្ដីការ គ.ជ.ប។ នេះបើតាមលោក ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប។
លោក ឌឹម សុវណ្ណារុំ បានបញ្ជាក់ថា តំណាងគណបក្សនយោបាយទាំង២០ ត្រូវអញ្ជើញមកផ្ទៀងផ្ទាត់ ការសរសេរលក្ខណៈសម្គាល់របស់គណបក្សរបស់ខ្លួន នៅលើសន្លឹកឆ្នោតដែលត្រូវបោះពុម្ភ សម្រាប់យកទៅប្រើក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦។
បើតាមលោក ឌឹម សុវណ្ណារុំ សន្លឹកឆ្នោតដែលនឹងត្រូវបោះពុម្ភដើម្បីបម្រើដល់ការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះមានចំនួន ១០,៥២៥,៦៥០សន្លឹក។ ក្នុងនោះសន្លឹកឆ្នោត ៣២៩,២០០សន្លឹក ជាសន្លឹកឆ្នោតគំរូ ហើយក្រៅពីនោះក៏មានសន្លឹកឆ្នោតសម្រាប់ប្រើប្រាស់ដើម្បីបណ្តុះបណ្តាលមន្រ្តី និងសន្លឹកឆ្នោតត្រៀមបម្រុងនៅតាមការិយាល័យបោះឆ្នោតនីមួយៗផងដែរ។
លោក ឌឹម សុវណ្ណារុំ បានឲ្យដឹងថា ក្នុងសន្លឹកឆ្នោតមួយសន្លឹកចំណាយថវិកាប្រមាណ ៩៩០រៀល។ ដូច្នេះសន្លឹកឆ្នោតជាង ១០លានសន្លឹកនេះ ចំណាយថវិកាសរុបជា ១០ពាន់លានរៀល (១០,៤២០,៣៩៣,៥០០រៀល) ស្មើនឹងជាង ២.៦លានដុល្លារអាមេរិក៕