(កណ្ដាល)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញការងឿងឆ្ងល់ និងមិនសប្បាយចិត្តផងដែរ ចំពោះបញ្ហាកម្មកររោងចក្រមួយចំនួនដែលថៅរោងចក្ររត់ចោល ហើយមិនទាន់ដោះស្រាយបញ្ចប់ ខណៈថវិកាបុរេប្រធានជាង ៤លានដុល្លារត្រូវបានបញ្ចេញឲ្យដោះស្រាយតាំងពីខែមីនាមកនោះ។
ក្នុងឱកាសសម្តេចតេជោអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី ១៦,៤៧៤នាក់ មកពីរោងចក្រសហគ្រាសចំនួន១០ នៅស្រុកស្អាង ខេត្តកណ្តាល នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យរដ្ឋមន្ត្រីក្រសួងការងារ លោក អ៉ិត សំហេង ពន្លឿនដោះស្រាយបញ្ហាជូនកម្មករ-កម្មការិនីដែលត្រូវថៅកែរត់ចោលឲ្យបានឆាប់រហ័សបំផុត បើថវិកាដែលត្រូវបើកនោះមិនគ្រប់ទេ សម្ដេចនឹងផ្តល់ថវិកាបន្ថែម។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំបានផ្ដល់ប្រាក់បុរេប្រទានឲ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ៤លាន៦សែនដុល្លាររួចហើយ ដើម្បីដោះស្រាយជូនកម្មករដែលថៅកែរោងចក្ររត់ចោល។ ក៏ប៉ុន្តែតំបន់ចក្រអង្រែ តំបន់ក្បែរខាងយើងនេះ នៅតែមានរឿងនេះ។ តើមកពីអ្វី ខ្ញុំសុំរបាយការណ៍។ តើមកពីអ្វីបានជាអស់លោកមិនបញ្ចប់ ហើយទុកឲ្យក្មួយៗខ្លះចង់ដាក់ញ្ញត្តិនៅផ្ទះខ្ញុំ។ ក្មួយៗបោះតង់ តើរឿងនោះវាជារឿងអីឲ្យប្រាកដ សូមឲ្យខ្ញុំបានដឹងផងបានទេអំពីបញ្ហានេះ។ តើយើងអាចបុរេប្រទានលុយបន្ថែម ដើម្បីដោះស្រាយបញ្ចប់រឿងហ្នឹងបានទេ? ខ្ញុំតែងតែនិយាយថា ឲ្យអស់លោកអនុវត្តតាមច្បាប់ កុំអនុវត្តន៍តាមបទបញ្ជា»។
បើតាមលោករដ្ឋមន្ត្រី អ៉ិត សំហេង ក៏ធ្លាប់បានបញ្ជាក់ដែរថា ក្រសួងការងារបានរកឃើញរោងចក្រចំនួន៩ ដែលត្រូវថៅកែរត់ចោល ហើយមិនបើកប្រាក់ខែ ប្រាក់អត្ថប្រយោជន៍ ក៏ដូចជាប្រាក់អតីតភាពការងារជូនកម្មករ ក្នុងនោះកម្មករ-កម្មការិនីចំនួន៤រោងចក្រ បានទទួលថវិការបស់ខ្លួនរួចហើយ នៅឡើយតែ៥រោងចក្រទៀត ដែលក្រសួងមិនទាន់បើកជូន។
ជាមួយគ្នានោះ ប្រមុខរាជរដ្ឋាភិបាល ក៏បានអំពាវនាវដល់កម្មករ-កម្មការិនីទាំងអស់ សូមកុំបង្កឲ្យមានក្រុមបងតូចបងធំក្នុងរោងចក្រឲ្យសោះ អ្នកធ្វើកូដកម្មក៏មិនត្រូវធ្វើឲ្យរាំងស្ទាក់ដល់អ្នកចង់ធ្វើការផងដែរ ដើម្បីកុំឲ្យប៉ះពាល់ដល់ផលិតកម្មក្នុងរោងចក្រ៕