(ភ្នំពេញ)៖ ក្រុមអ្នកវិនិយោគចិន ដែលកំពុងរកស៊ីនៅកម្ពុជា បានបើកសន្និសីទពិភពលោកអាស៊ី-អឺរ៉ុប ស្តីពី «ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ» ក្នុងគោលបំណងដើម្បីកៀគរ អ្នកវិនិយោគរបស់ខ្លួន មករកស៊ីនៅក្នុងប្រទេសកម្ពុជា ឲ្យបានកាន់តែច្រើនឡើង។
សន្និសីទនេះ រៀបចំឡើងនៅសណ្ឋាគារណាហ្គាវើល នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨។
តាមរយៈអ្នកបកប្រែ លោក លី ជីខៃ តំណាងសម្ព័ន្ធក្រុមហ៊ុនជាង១០ បានប្រាប់មកក្រុមអ្នកយកព័ត៌មានថា សន្និសីទនេះ មានគោលបំណងកៀគរអ្នកវិនិយោគទុន មកពីបណ្តាប្រទេសនៅលើសាកលលោក ដែលមានចំណាប់អារម្មណ៍ មករកស៊ីនៅក្នុងប្រទេសកម្ពុជា។
លោកបានឲ្យដឹងថា កម្ពុជាត្រូវបានគេហៅថា «គុជខ្យងនៅអាស៊ី» ហើយត្រូវបានរងគ្រោះ ដោយសង្គ្រាមបណ្តាល ឲ្យមានការខ្ទេចខ្ទាំ ប៉ុន្តែបច្ចុប្បន្នប្រទេសដ៏កំសត់មួយនេះ បានកំពុងតែមានសុខសន្តិភាព និងស្ថិរភាពពេញលេញ ដែលធ្វើឲ្យអ្នករកស៊ីមានឱកាស ឬ ជាឱកាសមាសសម្រាប់ពួកគេ មកធ្វើការវិនិយោគនៅកម្ពុជា។
លោក លី ជីខៃ បន្ថែមទៀតថា អ្នកវិនិយោគនឹងជំរុញការអភិវឌ្ឍផ្នែកពាណិជ្ជកម្ម ពីការធ្វើពាណិជ្ជកម្មបែបប្រពៃណី ទៅជាការធ្វើពាណិជ្ជកម្មបែបវិទ្យាសាស្ត្រទំនើប ដើម្បីទទួលបានប្រសិទ្ធខ្ពស់ និងកាត់បន្ថយតម្លៃដើមផងដែរ។
តំណាងសម្ព័ន្ធក្រុមហ៊ុនជាង១០បានលើកឡើងថា សន្និសីទនេះក្រុមអ្នកវិនិយោគ បានកត់សម្គាល់ឃើញថា មូលហេតុដែលពួកគេចង់រកស៊ីនៅកម្ពុជា ដោយសារតែសេដ្ឋកិច្ចនៅកម្ពុជាមានកំណើន ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះស្ថិតក្នុងរង្វង់ ៧% នៃផលិតផលសរុបក្នុងស្រុក។
លោក លី ជីខៃ បន្ដថា កម្ពុជាគឺជាប្រទេស ដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងរក្សាបានសុខសន្តិភាព ដែលធ្វើឲ្យវិនិយោគទុនងាយស្រួល ក្នុងការមកវិនិយោគ។
សូមបញ្ជាក់ថា សន្និសីទពិភពលោកអាស៊ី-អឺរ៉ុប ស្តីពី «ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ» ខាងលើនេះមានអ្នកចូលរួមចំនួន១៥៣នាក់ មកពី កម្ពុជា ចិន អាមេរិក ជប៉ុន ថៃ ហុងកុង ម៉ាកាវ ក្រិច រុស្ស៊ី ស្វីស និងតំណាងពីអង្គការសហប្រជាជាតិ៕