(កណ្ដាល)៖ ​នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា នឹងផ្អាកចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីមួយរយៈ នៅអំឡុង​ពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ដែលកំណត់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។

​ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី មកពីស្រុកកោះធំ និងស្រុកស្អាង ខេត្តកណ្តាលនៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨នេះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការធ្វើយុទ្ធនាការឃោសនាបោះឆ្នោត គ.ជ.ប មិនអនុញ្ញាតឲ្យមានការផ្ដល់ជំនួយអ្វីផ្សេងៗនោះទេ ដូច្នេះបើសម្តេចបន្តចុះជួបកម្មករ កម្មការិនីនៅអំឡុងពេលធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត ហើយមានការ​ផ្ដល់ថវិកាជូនកម្មករនោះ នឹងត្រូវ គ.ជ.ប ផាកពិន័យតាមច្បាប់។

សម្ដេចតេជោ ហ៊ុន សែន ​មានប្រសាសន៍យ៉ាងដូច្នេះ «យុទ្ធនាការឃោសនាបោះឆ្នោតត្រូវផ្អាកសិន ព្រោះគេហាមក្នុងការផ្ដល់ជំនួយ។ ឧទាហរណ៍ស្ដ្រីមានផ្ទៃពោះដែលពូត្រូវដើរចែកមួយកញ្ចប់ៗម្នាក់នោះ គឺបើហ៊ានចែកនោះគេផាកភ្លាមតែម្ដង អ៊ីចឹងពូត្រូវទទួលទណ្ឌកម្មដាក់ចេញដោយច្បាប់ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតតម្រូវ»

លោក សោម សូរីដា អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ថា អនុលោមទៅតាមច្បាប់ស្ដីពីបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ ត្រង់មាត្រា១៤២ បានចែងថា ជនណាទិញសន្លឹកឆ្នោតដោយសម្ភារៈ និងទិញដោយប្រាក់កាស នឹងត្រូវផាកពិន័យជាប្រាក់ពី ៥លានរៀល ទៅ២០លានរៀល។ ក្នុងករណីផាកពិន័យហើយនៅតែមិនរៀងចាល បេក្ខជនរបស់គណបក្សនយោបាយនោះ អាចប្រឈមការដកបេក្ខភាព ឬលុបឈ្មោះចេញពីបញ្ជីផងដែរ។​

សូមបញ្ជាក់ថា ដំណើរការឃោសនាបោះឆ្នោតនឹងត្រូវប្រព្រឹត្តទៅរយៈពេល២០ថ្ងៃ ដោយចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។

បើទោះបីជាយ៉ាងណាសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅក្រោយពេលបោះឆ្នោតសម្តេចនឹងបន្តចុះជួបជាមួយកម្មករ កម្មការិនីបន្តទៀត ដើម្បីដោះស្រាយបញ្ហារបស់កម្មករ កម្មការិនី និងលើកស្ទួយវិស័យឧស្សាហកម្មនៅកម្ពុជា។ ចាប់តាំងពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ មកដល់ថ្ងៃទី៣០​ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន បានចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីចំនួន ៤៣លើកហើយ មានកម្មករ កម្មការិនីសរុបជាង ៥៤ម៉ឺននាក់ ដែលបានជួបសំណេះសំណាលជាមួយសម្តេចដោយផ្ទាល់។

តាមរយៈជំនួបជាបន្តបន្ទាប់បញ្ហារបស់កម្មករ កម្មការិនីជាច្រើនត្រូវបានដោះស្រាយ ហើយអត្ថប្រយោជន៍ជាច្រើនត្រូវបានដាក់ចេញ ដើម្បីជាប្រយោជន៍សម្រាប់កម្មករ កម្មការិនី។ ជាពិសេសតាមរយៈជំនួបនេះ បានធ្វើឲ្យបរិយាកាសការងារនៅតាមរោងចក្រ សហគ្រាសនានា បានកាន់តែល្អប្រសើរ៕