(ភ្នំពេញ)៖ ជនជាតិវៀតណាមល្មោភកាមម្នាក់ សង្ស័យដោយសារឥទ្ធិពលនៃគ្រឿងញៀន បានចាប់ក្មេងស្រីអនីតិជន ជាជនជាតិវៀតណាមដូចគ្នា មានវ័យទើបតែ៤ឆ្នាំ ដើម្បីបង្ខាំងបង្ខំរំលោភ រួចមួលកបំបាក់សម្លាប់ចោល ហើយយកសាកសពទៅញាត់ចូលក្នុងកូនពាងទឹក យ៉ាងសាហាវព្រៃផ្សៃជាទីបំផុត ដើម្បីបំបាត់ភស្តុតាង តែឈាមស្រែកស្បែកហៅ ត្រូវជាប់ខ្នោះនគរបាល ខណៈពេលកំពុងព្យាយាមរត់គេចខ្លួន។
បើតាមសេចក្ដីរាយការណ៍ពីក្រុមប្រជាពលរដ្ឋរស់នៅក្បែរទីតាំងកើតហេតុ បានឲ្យដឹងថា ករណីខាងលើនេះ បានកើតឡើងនៅម៉ោងជាង១០យប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចជួរមាត់ទន្លេ ក្និងភូមិក១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ។
ក្រុមប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនត្រូវបានគេស្គាល់ថាមានឈ្មោះ ង្វៀង យ៉ាំងយី អាយុ៣២ឆ្នាំ ជនជាតិវៀតណាម មុខរបរពីមុនលក់ដំឡូងជៀន បច្ចុប្បន្នជាអ្នកប្រើប្រាស់គ្រឿងញៀន ស្នាក់នៅក្រុម៥ ភូមិក១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ។ រីឯជនរងគ្រោះដែលស្លាប់បាត់បង់ជីវិត ដោយសារជនសង្ស័យរំលោភសេពសន្ទវៈរួច មួលកបំបាក់ចោលមានឈ្មោះ ស្រី ចាន់ អាយុទើបតែ៤ឆ្នាំប៉ុណ្ណោះ រៀននៅសាលាមត្តេយ្យ ក្នុងសង្កាត់ស្វាយប៉ាក មានឪពុកឈ្មោះ ថា ហ៊ូ អាយុ៣២ឆ្នាំ មុខរបរកម្មករដឹកទឹកកក និងម្ដាយឈ្មោះ ម៉ា ចាង អាយុ២៦ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅក្បែរទីតាំងកើតហេតុ។
ប្រជាពលរដ្ឋបាននិយាយតៗគ្នាថា នាវេលាម៉ោងជាង៦ព្រលប់ៗ ថ្ងៃទី២៩ ខែឧសភា ពោលគឺនៅមុនពេលកើតហេតុ គេបានឃើញឪពុកម្ដាយក្រុមគ្រួសារ របស់ក្មេងស្រីរងគ្រោះកំពុងតែឆ្លេរឆ្លាដើររកកូនស្រីផ្អើលពេញភូមិ តែរកពុំឃើញឡើយ និងឃើញតែជនសង្ស័យមានអាការៈស្លេកស្លាំងប្លែក លុះមួយសន្ទុះក្រោយមក ស្រាប់តែបាត់ខ្លួនជនសង្ស័យទៅហើយ និងមានការសង្ស័យកាន់តែខ្លាំង ទើបនាំគ្នាដើរទៅក្រឡឹងផ្ទះ របស់ជនសង្ស័យដែលនៅក្បែរគ្នា និងអើតចូលរកមើលមិនឃើញកូនស្រីនោះទេ បែរជារកឃើញសាកសពកូនស្រីនៅក្នុងកូនពាងទឹកលើផ្ទះខ្ពស់មួយទៀត ដែលទុក្ខចោលគ្មានមនុស្សរស់នៅជាប់ផ្ទះ របស់ជនសង្ស័យតែម្ដង បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់សមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ បើកការស្រាវជ្រាវភ្លាមៗ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន ដែលបម្រុងរត់គេចខ្លួន ដើម្បីយកមកធ្វើការសាកសួរតាមជុំនាញ និងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ក្នុងការបន្តនិតិវិធី។
ដោយឡែកសាកសពក្មេងស្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារ យកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី នៅឯគេហដ្ឋានក្បែរនោះ៕