(ភ្នំពេញ)៖ លោក ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ បានឲ្យដឹងនាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨នេះថា លោកបានកំណត់រយៈពេល៥ថ្ងៃដល់លោកមេធាវី ទិត សុខវណ្ណា ឲ្យរុះរើរោងដែកដែលសង់រំលោភយកដីផ្លូវ សាធារណៈរបស់រដ្ឋចេញជាបន្ទាប់ ដោយគ្មានលក្ខណ្ឌអ្វីទាំងអស់។
លោកអភិបាល បានបញ្ជាក់ទៀតថា ការដាក់ឱសានវាទត្រឹមរយៈពេល៥ថ្ងៃនេះ ត្រូវតម្រូវឲ្យលោកមេធាវីរុះរើរោងដែក ចេញជាបន្ទាន់ ប្រសិនបើលោកមេធាវី ទិត សុខវណ្ណា មិនព្រមរុះរើសំណង់ខុសច្បាប់តាមកាលកំណត់ទេ អាជ្ញាធរ នឹងចាត់វិធានការច្បាប់ និងចុះរុះរើផ្ទាល់តែម្តង។
លោក ម៉ូវ ម៉ានិត អះអាងថា មេធាវី ទិត សុខវណ្ណា បានសង់រោងដែករំលោភយកផ្លូវសាធារណៈរបស់រដ្ឋ ដែលមានក្នុងប្លង់មេ (LMAP) ពិតប្រាកដមែនហើយបើសិនមេធាវីមានឆន្ទៈ រុះរើដោយខ្លួនឯងខាងអាជ្ញាធរ នឹងទុកពេលឲ្យប៉ុន្តែត្រូវធ្វើកិច្ចសន្យា ជាមួយអាជ្ញាធរឲ្យបានច្បាស់លាស់។
សូមជម្រាបជូនថា យោងតាមលិខិតរបស់សាលាសង្កាត់គោកឃ្លាង ចុះហត្ថលេខាដោយលោក ញ៉ាត សាម៉េត ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ បានកំណត់ឲ្យលោក ទិត សុខវណ្ណា ដែលមានមុខរបជាមេធាវី នៃគណៈមេធាវីកម្ពុជា រុះរើសំណង់រោងដែក ដែលសង់លើដីគម្រោងផ្លូវសាធារណៈក្នុងរយៈពេល៥ថ្ងៃក្រោយ ថ្ងៃជូនដំណឹង។
លោក ញ៉ាត សាម៉េត ចៅសង្កាត់គោកឃ្លាងបានឲ្យដឹងថា «ក្រុមមន្ត្រីរបស់ខ្ញុំបានចុះទៅបិទ លិខិតជូនដំណឹងនៅលើរោងដែក ដែលលោកមេធាវី ទិត សុខវណ្ណា សង់រំលោភយកដីផ្លូវសាធារណៈរបស់រដ្ឋនោះរួចរាល់ហើយដែរ ដោយបានកំណត់រយៈពេល៥ថ្ងៃ ឲ្យលោកមេធាវីរុះរើដោយខ្លួនឯង ហើយក្នុងករណីលោកមេធាវី មិនគោរពតាមសេចក្តីជូនដំណឹងទេ នោះអាជ្ញាធរនឹងចាត់វិធានការតាមផ្លូវច្បាប់ ដោយមិនទទួលខុសត្រូវ ចំពោះការខូចខាតនោះទេ»។
បើផ្អែកលើលិខិតជូនដំណឹង លោកមេធាវី ទិត សុខវណ្ណា បានសង់រោងដែករំលោភ យកផ្លូវសាធារណៈរបស់រដ្ឋនៅចំណុចក្រុមទី១ ភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋ ដែលរស់នៅមូលដ្ឋាន ដែលត្រូវបានលោកមេធាវី រំលោភយកផ្លូវសាធារណៈ របស់រដ្ឋជាកម្មសិទ្ធិ បានសម្តែងការខកចិត្តចំពោះអាជ្ញាធរមូលដ្ឋានដែលមិនបានត្រួតពិនិត្យ ឲ្យបានត្រឹមត្រូវនៅពេលមេធាវីរូបនេះសាងសង់ បែរជាទើបតែមានវិធានការនៅពេលពួកគាត់ រិះគន់តាមរយៈសារព័ត៌មាន។
ប្រជាពលរដ្ឋបានសំណូមពរ ឲ្យអាជ្ញាធរមូលដ្ឋាន និងអាជ្ញាធររាជធានី ចាត់វិធានការផ្លូវច្បាប់ឲ្យធ្ងន់ធ្ងរចំពោះលោកមេធាវី ដែលចេះដឹងច្បាប់បែរជាអង្គុយលើច្បាប់ រំលោភបំពានច្បាប់ ដែលជាហេតុនាំឲ្យប៉ះពាល់ដល់កិត្តិយសរបស់រាជរដ្ឋាភិបាលបែបនេះ និងបានស្នើដល់គណៈមេធាវីកម្ពុជា មេត្តាពិនិត្យលើបញ្ហានេះផង។
សូមបញ្ជាក់ថា បើយោងតាមមាត្រា២៥៩ នៃច្បាប់ភូមិបាលបានចែងថា ការប៉ះពាល់កម្មសិទ្ធិនៃទ្រព្យសម្បត្តិសាធារណៈត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី៥លាន ទៅ៥០លានរៀល និងផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៥ឆ្នាំ។
យ៉ាងណាក៏ដោយ នៅថ្ងៃនេះ អង្គភាពព័ត៌មាន Fresh News មិនអាចសុំការបកស្រាយពីលោក មេធាវីបាននោះទេ៕