(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រតិកម្មយ៉ាង ខ្លាំងក្លាចំពោះគណបក្សនយោបាយដែលបានយករបបរាជានិយមជាកម្មសិទ្ធិផ្តាច់មុខក្នុងការឃោសនារកសំឡេងឆ្នោត។ សម្តេចតេជោ ហ៊ុន សែន បានហៅការឃោសនាដោយយករបបរាជានិយមជាកម្មសិទ្ធិផ្តាច់មុខ ដើម្បីស្វែងរកគាំទ្រពីម្ចាស់ឆ្នោតនេះមិនល្អនោះឡើយ ហើយគួរតែមានការអំពាវនាវឲ្យគ្រប់គណបក្សនយោបាយ និងប្រជាពលរដ្ឋគាំទ្ររបបរាជានិយមទាំងអស់គ្នាទើបជាការប្រសើរ។
នៅក្នុងប្រសាសន៍ដែលបានលើកឡើងពីលើវេទិកានៃជំនួបជាមួយកម្មករ កម្មការិនីប្រមាណ ១៦,០០០នាក់ មកពីរោងចក្រសហគ្រាសចំនួន១០ នៅស្រុកស្អាង ខេត្តកណ្តាល នាព្រឹកថ្ងៃពុធ ទី៣០ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន មិនបានចុចចំឈ្មោះ គណបក្សនយោបាយណាមួយនោះឡើយ។ ប៉ុន្តែគេអាចដឹងបានដឹងថា ក្នុងសារនយោបាយនាព្រឹកមិញនេះ ទំនឹងជាសម្តៅដល់គណបក្ស ហ៊្វុនស៊ិនប៉ិច ព្រោះថា គណបក្សហ៊្វុនស៊ិនប៉ិច ដែលមានសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាសែរាជវង្សនេះ តែងតែបានរំលេចក្នុងសារនយោបាយរបស់ខ្លួនថា គណបក្សហ៊្វុនស៊ិនប៉ិច ជាគណបក្សរាជានិយម។
សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ក្នុងពេលចុះជួបប្រជាពលរដ្ឋនៅខេត្តតាកែវ កាលពីថ្ងៃទី២៧ ខែឧសភា កន្លងទៅថា បានមានព្រះរាជបន្ទូលថា គណបក្សហ៊្វុនស៊ិនប៉ិច គឺប្រកាន់ខ្ជាប់របបរាជានិយម និងសីហនុនិយម ហើយរបបនេះបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនរហូតដល់សព្វថ្ងៃនេះ។ សម្តេចក្រុមព្រះមានព្រះបន្ទូលបន្ថែមថា ប្រសិនបើគណបក្សព្រះអង្គជាប់ឆ្នោត ព្រះអង្គនឹងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត។
សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការឃោសនាដោយយករបបរាជានិយមជាកម្មសិទ្ធិផ្តាច់មុខបែបនេះមិនល្អនោះឡើយ ហើយគួរតែ មានការអំពាវនាវឲ្យគណបក្សនយោបាយទាំងអស់ រួមទាំងប្រជាពលរដ្ឋផងដែរឲ្យការពាររបបរាជានិយម។ សម្តេចតេជោ ថែមទាំងចាត់ទុកការយករបបរាជានិយមទៅឃោសនាបែបនេះ អាចប៉ះពាល់ដល់តម្លៃនៃរបបរាជានិយមថែមទៀតផង នៅពេលបក្សនេះមិនទទួលបានការគាំទ្រ។
«អ្នកខ្លះតាំងខ្លួនជាគណបក្សរាជានិយមដោយយករាជបល្ល័ង្ក និងរាជានិយមយកមកផ្សារភ្ជាប់ ដើម្បីធ្វើជាដើមទុនធ្វើការឃោសនានយោបាយមិនមែនជារឿងល្អទេ របបរាជានិយម បើទុកគ្រាន់តែគណបក្សនយោបាយមួយការពារមិនគ្រប់គ្រាន់ទេ។ អំពើឆោតល្ងង់របៀបនេះ មិនត្រូវយកមកប្រើទេ ត្រូវប្រមូលបណ្តាបក្សនយោបាយទាំងអស់ចូលរួម ប្រជាជនទាំងអស់ការពាររបបរាជានិយម ទើបរបបរាជានិយមទៅបាន។ វាច្បាស់ណាស់ វាជាការបន្ថោកបន្ទាបរបបរាជានិយម ប្រសិនបើអ្នកទៅឃោសនាថា ខ្ញុំជារាជានិយមប៉ុន្តែបែរជាអត់សំឡេងឆ្នោត»។ សម្តេចប្រមុខបក្សកាន់អំណាចបញ្ជាក់។
សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា សម្តេចមិនជាប់សែស្រឡាយរាជវង្សនោះទេ ប៉ុន្តែសម្តេចជាអ្នកការពាររបបរាជានិយម ហើយបើមាននរណាម្នាក់ចង់រំលាយរបបរាជានិយមនេះ សូមកន្លងសពសម្តេចជាមុនសិនទៅ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំប្រកាសម្ដងហើយម្ដងទៀត បើចង់រំលាយរាជានិយម ត្រូវកន្លងសពហ៊ុនសែនសិន ព្រោះយើងនៅក្នុងក្របខណ្ឌប្រទេសប្រជាធិបតេយ្យសេរីពហុបក្ស និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។ សូម្បីតែរដ្ឋសភាក៏គ្មានសិទ្ធិធ្វើវិសោធនកម្មចំណុចនេះដែរ នេះគឺជាការដាស់តឿនចំពោះអ្នកដែលបានប្រើប្រាស់រាជានិយមធ្វើជារបស់ផ្ដាច់មុខ។ សូមកុំយករាជានិយមធ្វើជារបស់ផ្ដាច់មុខ បើទោះបីខ្លួនជារាជវង្សក៏ដោយ។ កុំភ្លេចថា បើគ្មានការការពាររបស់ប្រជាពលរដ្ឋ ហើយគ្មានការការពារដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ដែលចេញពីគណបក្សប្រជាជន សួរថាតើរាជានិយម និងរាជវង្សនេះ អាចមានលទ្ធភាពនៅបានទេ?»។
សម្តេចនាយករដ្ឋមន្ត្រី ដែលបាននាំយករបបរាជានិយមចូលកម្ពុជាជាថ្មីក្រោយផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត បានថ្លែងបន្តថា «រាជានិយមជារបស់រួម មិនមែនជារបស់គណបក្សនយោបាយណាមួយទេ ហើយខ្ញុំគឺជាមនុស្សម្នាក់ដែលឈរការពាររាជបល្ល័ង្ក ឈរការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ»៕