(កណ្តាល)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបន្ដបង្ហាញក្តីរីករាយ ដែលគណបក្សប្រជាជនកម្ពុជារបស់សម្ដេច ត្រូវបានព្រះសង្ឃរាជទាំងពីរព្រះអង្គចាប់បានលេខរៀងទី២០ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៦នេះ។ សម្តេចតេជោ បានចាត់ទុកលេខរៀងទី២០ លេខរៀងចុងក្រោយគេនេះ គឺងាយចាំ ងាយគិត និងងាយគូស។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីប្រមាណ ១៦,៤៧៤នាក់ មកពីរោងចក្រ សហគ្រាសចំនួន១០ ក្នុងស្រុកស្អាង ខេត្តកណ្តាល នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំសូមបកស្រាយលេខរៀងទី២០ ខ្ញុំចង់និយាយថា ២០ងាយចាំ ២០ងាយគិត ២០ងាយគូស ព្រោះស្រួលណាស់ ក្នុងការណែនាំប្រជាពលរដ្ឋ ឲ្យគូសសន្លឹកឆ្នោត ព្រោះបើនៅលេខរៀងនេះ លេខរៀងនោះពិបាកណាស់។ អាចុងក្រោយគេ គឺស្រួលបំផុតហើយ សម្រាប់ប្រជាជនយើង គឺថារកអាណាក្រោមគេតែម្ដង គូសទៅចំហើយលេខ២០»។
សម្តេចតេជោ ហ៊ុន សែន ក៏បានចាត់ទុកលេខរៀងទី២០នេះ គឺជាការគាប់ជួនមួយ ឬក៏ដូចជាការប្រទានរបស់ទេវតាផងដែរ។ គាប់ជួននោះត្រង់ថា ឆ្នាំ២០១៨ គឺជាខួប២០ឆ្នាំ នៃការដែលកម្ពុជាត្រូវបានបិទបញ្ចប់សង្គ្រាមទាំងស្រុងកាលពី២០ឆ្នាំមុន ដោយមេដឹកនាំខ្មែរក្រហមដឹកនាំដោយលោក ខៀវ សំផន បានមកចុះចូលជាមួយសម្តេចដល់ផ្ទះនៅទួលក្រសាំងតែម្តង។
សម្តេចនាយករដ្ឋមន្ត្រី និងជាប្រមុខគណបក្សកាន់អំណាចបានអះអាងថា ខួប២០ឆ្នាំនៃការបិទបញ្ចប់សង្គ្រាមទាំងស្រុងនៅកម្ពុជា ដែលមិនធ្លាប់មានអស់រយៈពេលប្រមាណជា ៥០០ឆ្នាំកន្លងទៅនោះ នឹងមានការរៀបចំពិធីអបអរសាទរដ៏ធំមួយនៅវិមានឈ្នះឈ្នះនាខែធ្នូ ចុងឆ្នាំនេះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះ «ឆ្នាំនេះជាខួបលើកទី២០ នៃថ្ងៃបញ្ចប់សង្គ្រាមទាំងស្រុងនៅកម្ពុជា ដែលយើងនឹងធ្វើបុណ្យ ធ្វើបុណ្យឆ្នាំនេះឲ្យកក្រើកមេឃតែម្តងនៅវិមានឈ្នះឈ្នះ។ ឆ្នាំ១៩៩៨ គឺជាឆ្នាំដែលយើងបញ្ចប់សង្គ្រាមតាមនយោបាយឈ្នះឈ្នះ ដែលឆ្នាំនេះខួបលើកទី២០ យើងនឹងធ្វើបុណ្យនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨។ ២០ឆ្នាំមុន ខៀវ សំផុន នួន ជា និងមេដឹកនាំមួយគណៈរដ្ឋមន្ត្រីរបស់ខ្មែរក្រហមបានមកចុះចូលជាមួយខ្ញុំដល់ផ្ទះនៅទួលក្រសាំង។ វាហាក់ដូចជាការគាប់ជួនខ្លាំងណាស់ ២០នៃការបញ្ចប់សង្គ្រាម ២០នៃជោគជ័យសម្រាប់គណបក្សប្រជាជនក្នុងការបោះឆ្នោតនាពេលខាងមុខ»។
សម្តេចតេជោ ហ៊ុន សែន ក៏បានប្រៀបប្រដូចលេខរៀងទី២០ ដែលជាលេខរៀងចុងក្រោយនេះ ទៅនឹងកូនពៅ ដែលកូនពៅនៅក្នុងទំនៀមទម្លាប់ខ្មែរតែងតែនៅថែរក្សាឪពុកម្តាយ និងទទួលបានការស្រឡាញ់ច្រើនពីឪពុកម្តាយ។ ដូច្នេះសម្តេចតេជោ មានជំនឿមុតមាំថា លេខរៀងទី២០ របស់គណបក្សប្រជាជនកម្ពុជា នឹងបន្តរួមរស់ជាមួយប្រជាពលរដ្ឋកម្ពុជាបន្តទៅទៀត៕