(ភ្នំពេញ)៖ ក្នុងជំនួបជាមួយលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក ណាយជែល ប្រេត នាយកប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក របស់មូលនិធិអន្តរជាតិ សម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) បានសម្រេចផ្តល់ថវិកាបន្ថែម៦៤លានដុល្លារអាមេរិកទៀតដល់កម្ពុជា សម្រាប់គម្រោងថ្មី ដែលផ្តោតលើការជំរុញ «ទីផ្សារកសិកម្ម និងកសាងហេដ្ឋា រចនាសម្ព័ន្ធ កសិកម្ម និងជនបទ» ដោយគ្រោងអនុវត្តពីឆ្នាំ ២០១៩-២០២១។
កិច្ចជំនួបពិភាក្សាការងារ រវាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជាមួយលោក ណាយជែល ប្រេត ខាងលើនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ នៅទីស្តីការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងឱកាសដែលលោក ណាយជែល ប្រេត ទើបតែទទួលបាន ការតែងតាំងចូលកាន់តំណែងថ្មី ។
លោកអគ្គបណ្ឌិតសភាចារ្យទេសរដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក ណាយជែល ប្រេត និងសហការី ដែលត្រូវបានតែងតាំងចូលបំពេញភារកិច្ចថ្មីនេះ ជាមួយនឹងក្តីរំពឹងយ៉ាងមុតមាំថា វត្តមានរបស់លោក និងសហការី នឹងចូលរួមបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អប្រសើរ រវាងរាជរដ្ឋាភិបាលកម្ពុជា និង IFAD កាន់តែរឹងមាំបន្ថែមទៀត។
លោកអគ្គបណ្ឌិតសភាចារ្យទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ក៏បានថ្លែងកោតសរសើរ និងថ្លែងអំណរគុណចំពោះ ការចូលរួមចំណែករបស់ IFAD ក្នុងដំណើរការអភិវឌ្ឍកម្ពុជា និងបានចាត់ទុក IFAD ជាដៃគូដ៏សំខាន់ក្នុងការអភិវឌ្ឍ វិស័យកសិកម្ម និងជនបទនៅកម្ពុជា នារយៈកាលប៉ុន្មានទស្សវត្សចុងក្រោយនេះ។
លោក ណាយជែល ប្រេត វាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានដឹកនាំ និងគ្រប់គ្រងលើ ការអនុវត្តគម្រោងក្រោមក្របខ័ណ្ឌហិរញ្ញប្បទានរបស់ IFAD ប្រកបដោយជោគជ័យ និងប្រសិទ្ធភាពខ្ពស់។
ឆ្លើយតបចំពោះ សមិទ្ធិផលដ៏ថ្លៃថ្លានេះ, IFAD បានសម្រេចផ្តល់ថវិកាបន្ថែម សរុបចំនួន៦៤លានដុល្លារអាមេរិកទៀត ក្នុងនោះថវិកាចំនួន១២លានដុល្លារអាមេរិក សម្រាប់បន្ថែមលើគម្រោង ដែលកំពុងអនុវត្តបច្ចុប្បន្ន និងចំនួន៥២លានដុល្លារអាមេរិក សម្រាប់គម្រោងថ្មី ដែលផ្តោតលើការជំរុញ «ទីផ្សារកសិកម្ម និងកសាងហេដ្ឋារចនាសម្ព័ន្ធកសិកម្ម និងជនបទ» ដោយគ្រោងអនុវត្តពីឆ្នាំ ២០១៩-២០២១ ។
បន្ថែមលើនេះ, IFAD នឹងសហការជិតស្និទ្ធ ជាមួយរាជរដ្ឋាភិបាល ដើម្បីរៀបចំក្របខ័ណ្ឌយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការផ្តល់ហិរញ្ញប្បទានថ្មីសម្រាប់ឆ្នាំ ២០២១-២០២៦ ដែលយុទ្ធសាស្រ្តនេះ នឹងមានសង្គតភាព ទាំងស្រុងជាមួយទិសដៅជាអាទិភាព និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល និងក្នុងទំហំហិរញ្ញប្បទានកាន់តែធំជាងមុន ។
លោកអគ្គបណ្ឌិតសភាចារ្យទេសរដ្ឋមន្រ្តី បានថ្លែងស្វាគមន៍ចំពោះសុភវិនិច្ឆ័យរបស់ IFAD ចំពោះកិច្ចខិតខំ ប្រឹងប្រែង និងសមិទ្ធផលរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានស្តែងឡើងតាមរយៈ ការបង្ហាញជំហរច្បាស់លាស់របស់ IFAD ក្នុងការបន្តគាំទ្រ និងពង្រីកទំហំកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា។
លោកបានសង្កត់ធ្ងន់ថា ចំពោះទិសដៅជា យុទ្ធសាស្រ្តនៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ IFAD សម្រាប់ពេលខាងមុខ គឺត្រូវផ្តោតលើការអភិវឌ្ឍកសិកម្ម និង កាត់បន្ថយភាពក្រីក្រជនបទ ដែលកាន់តែរឹងមាំ និងមាននិរន្តភាពជាងមុន ពោលគឺមិនត្រឹមតែផ្តោតលើផលិតកម្មដើម្បី សន្តិសុខស្បៀងប៉ុណ្ណោះទេ តែត្រូវផ្តោតលើ «ការលើកកម្ពស់ផលិតភាពកសិកម្ម, ពាណិជ្ជូបនីយកម្ម និងពិពិធកម្មកសិកម្ម» ដើម្បីលើកស្ទួយជីវភាព និងវិបុលភាពរបស់ប្រជាកសិករកម្ពុជា។
ជាមួយគ្នានេះ, ត្រូវបង្កើនការវិនិយោគលើការកសាងហេដ្ឋារចនាសម្ព័ន្ធ រូបវន្តកសិកម្ម និងជនបទ ជាពិសេស ប្រព័ន្ធធារាសាស្រ្តខ្នាតតូច និងមធ្យម ផ្លូវលំ ដែលបម្រើដល់ការ ដឹកជញ្ជូនកសិផលរបស់ប្រជាកសិករ ទៅកាន់ទីផ្សារ និងការភ្ជាប់អគ្គិសនីតម្លៃទាប សម្រាប់កសិករបូមទឹកបញ្ចូល ស្រែជាដើម៕