(ភ្នំពេញ)៖ លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨នេះ បានទទួលជួបពិភាក្សា ការងារជាមួយគណៈប្រតិភូ ដឹកនាំដោយលោក កាវ យុនឡុង អនុប្រធានគណៈកម្មាធិការជាតិ នៃសន្និសីទពិគ្រោះនយោបាយប្រជាជនចិន (CPPCC) និងជាប្រធានសហព័ន្ធ ឧស្សាហកម្ម និងពាណិជ្ជកម្មចិន (ACFIC)។
ជំនួបពិភាក្សាការងារ ខាងលើនេះ ដោយមានការចូលរួមពី លោកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា និងតំណាងក្រុមហ៊ុន និងវិនិយោគិនចិន សរុបប្រមាណ៣០នាក់ ដែលរៀបចំធ្វើឡើង នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨នេះ។
លោក សុខ ចិន្តាសោភា បានសម្ដែងនូវមនោសញ្ចេតនារីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន របស់គណៈប្រតិភូ ដែលអញ្ជើញមកពី សាធារណរដ្ឋប្រជាមានិតចិន នាឱកាសនេះ ក្នុងគោលបំណងផ្លាស់ប្តូរទស្សនៈគ្នា លើកិច្ចសហប្រតិបត្តិការវិនិយោគទ្វេភាគី រវាងប្រទេសទាំងពីរ ក៏ដូចជា ស្វែងយល់បន្ថែមពីកាលានុវត្តភាព សក្ដានុពលពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។
លោករដ្ឋមន្ត្រីប្រតិភូ បានជម្រាបជូនភាគីចិន ពីគោលនយោបាយគាំទ្រនានា ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំយ៉ាងប៉ិនប្រសប់របស់ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញ ក្នុងទិសដៅលើកទឹកចិត្ត និងពង្រឹងនូវទំនុកចិត្ត ដល់វិនិយោគិនគ្រប់រូបក្នុងការធ្វើប្រតិបត្តិការធុរកិច្ច និងវិនិយោគនៅកម្ពុជា រួមបញ្ចូលទាំងគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្ម កម្ពុជា ឆ្នាំ២០១៥-២០២៥ ដែលមានចក្ខុវិស័យក្នុងការជំរុញកែប្រែ និងធ្វើទំនើបកម្មរចនាសម្ព័ន្ធ ឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម ឈានទៅឧស្សាហកម្ម ផ្អែកលើជំនាញ ត្រឹមឆ្នាំ២០២៥។
លោក កាវ យុនឡុង បានអបអរសាទរចំពោះការរីកចម្រើន ដ៏ឆាប់រហ័សរបស់ប្រទេសកម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលការងារទាំងឡាយ ដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចបាន ជាពិសេសគឺការទទួលបាននូវការបណ្តាក់ទុនវិនិយោគ យ៉ាងច្រើនសន្ធឹកសន្ធាប់ពីបរទេស។
លោក ក៏បានរំលេចនូវកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរ កម្ពុជា-ចិន តាមរយៈការប្រើប្រាស់ នូវយន្តការសម្របសម្រួល កិច្ចសន្ទនាទ្វេភាគី និងការផ្លាស់ប្ដូរទស្សនកិច្ចសិក្សា ដែលឆ្លើយតបយ៉ាងវិជ្ជមាន ទៅនឹងក្របខ័ណ្ឌនៃការអនុវត្តគំនិតផ្តួចផ្តើម «ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ»។
សូមបញ្ជាក់ថា យោងតាមទិន្នន័យរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គិតត្រឹមខែមេសា ឆ្នាំ២០១៨ ការវិនិយោគចិននៅកម្ពុជា មានទឹកប្រាក់សរុបប្រមាណ ១៧ ប៊ីលានដុល្លារអាមេរិក៕