(បាត់ដំបង)៖ ប្រជាពលរដ្ឋឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង នាំគ្នាប្តេជ្ញាទៅបោះឆ្នោតជ្រើសរើសមេដឹកនាំប្រទេស ដែលបាននាំមកនូវសុខសន្ដិភាព និងការអភិវឌ្ឍន៍ ហើយឈប់ជឿពួកជនអគតិដែលបាននិងកំពុងស្រែកឃោសនាបោកប្រាស់ មិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតនោះជាដាច់ខាត ព្រោះនៅសល់តែ៦០ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៦ នឹងឈានចូលមកដល់ហើយ។
ការប្តេជ្ញាចិត្តនេះ បានធ្វើឡើងនាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិកថ្មីគណបក្សប្រជាជនកម្ពុជា ចំនួន២០០នាក់ នៅទីស្នាក់បក្សឃុំតាប៉ុន ក្រោមវត្តមានលោក កុល វីរក្ស ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកសង្កែ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំតាប៉ុន និងសហការីអមដំណើរ ប្រធានបក្សស្រុកសង្កែ បក្សឃុំ សាខាបក្សភូមិ សមាជិកចូលរួមជាង៣០០នាក់។
លោក កុល វីរក្ស បានលើកឡើងថា ការបោះឆ្នោតជ្រើសរើសតំណាងរបស់រាស្ត្រ ដែលធ្វើឡើងរៀងរាល់៥ឆ្នាំម្តងនេះ គឺមានសារសំខាន់ណាស់ សម្រាប់ប្រជាពលរដ្ឋ ក្នុងការសម្រេចចិត្តជ្រើសរើសមេដឹកនាំ ដែលពួកគេមើលឃើញថា បានប្រឹងប្រែងធ្វើការដើម្បីអភិវឌ្ឍន៍ជាតិ ដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ និងជួយធ្វើឲ្យកម្រិតជីវភាពរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរ។
លោកប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំតាប៉ុន បានថ្លែងថា ដោយមានការណែនាំពីថ្នាក់ដឹកនាំជាន់ខ្ពស់ ពីថ្នាក់កណ្តាលមក ក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំ និងសហការី តែងបានចុះបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ តាមរយៈការកសាង អភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធ នៅតាមមូលដ្ឋានលើគ្រប់វិស័យ ពិសេសការងារ កិច្ចការសង្គមជាច្រើនកន្លងមក។
លោកបានបញ្ជាក់ថា ការធ្វើបដិវត្តពណ៌នៅប្រទេសមួយចំនួននៅលើពិភពលោក គឺបានជោគជ័យ ដោយឡែកនៅកម្ពុជាវិញ ក្រោមការដឹកនាំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី បានទប់ស្កាត់ទាន់ពេលវេលា ឈានដល់ប្តឹងរំលាយបក្សក្បត់ជាតិចោលទាំងស្រុង បានដោយជោគជ័យ និងការសម្រេចដ៏ត្រឹមត្រូវបំផុត មិនឲ្យប្រទេសជាតិធ្លាក់ចូលភ្លើងសង្រ្គាមបន្តទៀតបានឡើយ។
លោកប្រធានបានបន្តថា រយៈពេលកន្លងមកដោយមានការដឹកនាំសម្តេចតេជោ ហ៊ុន សែន កម្ពុជាមានការរីកចម្រើន និងអភិវឌ្ឍន៍លើគ្រប់វិស័យ ធ្វើឲ្យប្រជាពលរដ្ឋស្រឡាញ់ មានការគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកន្លងមក ពិសេសបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជន នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដើម្បីមានឱកាសដឹកនាំប្រទេសជាតិបន្តការ អភិវឌ្ឍន៍ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។
នៅក្នុងឱកាសនោះផងដែរ ប្រជាពលរដ្ឋនៅមូលដ្ឋានឃុំតាប៉ុនស្រុកសង្កែ ខេត្តបាត់ដំបង ក៏បានប្រកាសថា ពួកគាត់បានត្រៀមខ្លួនរួចជាស្រេចដើម្បីទៅចូលរួមបោះឆ្នោតជ្រើសរើសមេដឹកនាំប្រទេស ដែលបាននាំមកនូវសុខសន្ដិភាព និងការអភិវឌ្ឍ ហើយមិនចាញ់កលល្បិច និងការញុះញង់របស់ពួកជនអគតិ ដែលបានកំពុងស្រែកឃោសនាបោកប្រាស់ មិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតនោះជាដាច់ខាត ព្រោះនៅសល់តែ៦០ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៦ នឹងឈានចូលមកដល់ហើយ៕