(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានលើកឡើងថា ភ្នាក់ងារសន្ដិសុខ​ឯកជន ទទួលបៀវត្សពីក្រុមហ៊ុនឯកជន តែពួកគេមានកាតព្វកិច្ចជាពលរដ្ឋល្អ ដែលមានតួនាទីមិនត្រឹមតែជាអ្នកការពារទ្រព្យសម្បត្តិឯកជន ឬសហគ្រាស គ្រឹះស្ថានឯកជនប៉ុណ្ណោះទេ តែក៏មានកាតព្វកិច្ចជួយការពារទ្រព្យសម្បត្តិសាធារណៈ សណ្ដាប់ធ្នាប់សង្គមផងដែរ។

ថ្លែង​នៅក្នុងកម្មវិធី បើកវគ្គបណ្តុះបណ្តាលបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន លើកទី៤ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨នេះ ដែលមានការចូលរួមពី តំណាងក្រុមហ៊ុនសន្តិសុខឯក ជិត២០០នាក់ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ក៏បានគូសបញ្ជាក់ថា ភ្នាក់ងារសន្ដិសុខឯកជន ក៏មានតួនាទីជាកម្លាំងជំនួយដល់អាជ្ញាធរមានសមត្ថកិច្ចក្នុងកិច្ចការពារ ទប់ស្កាត់ បង្ក្រាបបទល្មើសនានាដើម្បីឲ្យសង្គមមានសុខសុវត្ថិភាព។

បើតាម លោកឧត្តមសេនីយ៍ប្រធាននាយកដ្ឋាន ក្រសួងមហាផ្ទៃ តែងតែយកចិត្តទុកដាក់ជំរុញ និងលើកទឹកចិត្តដល់វិស័យសន្តិសុខឯកជន នៅក្នុងប្រទេសកម្ពុជា ឲ្យទទួលបានទំនុកចិត្តក្នុងការប្រកបអាជីវកម្មរបស់ខ្លួន ដោយសុខស្ថិរភាព និងនិត្យានុកូលភាព។ ជាក់ស្តែករាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើត នាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន កាលពី​ឆ្នាំ២០១៦កន្លងទៅនេះ គឺដើម្បីគ្រប់គ្រង គាំពារសហការ និងផ្តល់និត្យានុកូលភាពដល់ក្រុមហ៊ុនផ្តល់សេវា សន្តិសុខឯកជន និងសហគ្រាសគ្រឹះស្ថាន ដែលប្រើប្រាស់សន្តិសុខឯកជនទូទាំងប្រទេសកម្ពុជា។

បន្ថែមពីនេះ លោកឧត្តមសេនីយ៍​ឯក លឹម សុខារស្មី បានណែនាំ និងជំរុញឲ្យបណ្ដាក្រុមហ៊ុនសន្ដិសុខឯកជនទាំងអស់ គួរតែបញ្ជូនភ្នាក់ងាររបស់ខ្លួន ឲ្យមកចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន ដើម្បីឲ្យភ្នាក់ងាររបស់ខ្លួនទទួលបាននូវបទពិសោធន៍ និងចំណេះផ្សេងៗ ដើម្បីបង្កើនសមត្ថកិច្ចបន្ថែមទៀត។

យ៉ាងណាមិញ ក្នុងពិធីនៅព្រឹកមិញនេះ លោកប្រធាននាយកដ្ឋាន សង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមទាំងអស់នឹងខិតខំប្រឹងប្រែង យកចិត្តទុកដាក់ ត្រង់ត្រាប់ស្ដាប់វាឃ្មិនដែលបានពន្យល់ ហើយត្រូវក្រេបយកចំណេះដឹងទាំងនេះ ទៅបំពេញតួនាទីរប​ស់ខ្លួនក្នុងផ្លូវវិជ្ជមាន ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីការពារផលប្រយោជន៍ឯកជន សាធារណៈ និងសង្គមជាតិទាំងមូល៕​