(បន្ទាយមានជ័យ)៖ ១សប្តាហ៍នេះកម្លាំងគយចល័ត នៃស្នាក់ការិយាល័យគយ និងរដ្ឋាករច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានឆ្មក់បង្រាបរថយន្តទំនើបចង្កូតស្តាំចំនួន ៣គ្រឿងហើយ ដោយរថយន្តទាំងអស់ គឺត្រូវបានឈ្មួញខិលខូចឃុបឃិតគ្នា ជាមួយកម្លាំងសមត្ថកិច្ចតាមបន្ទាត់ព្រំដែនកម្ពុជា ថៃលួចនាំចូលពីប្រទេសថៃ។
លោកហ៊ុយ សុជាតិ ប្រធានស្នាក់ការការិយាល័យគយ និងរដ្ឋាករច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានឲ្យអង្គភាពព័ត៌មាន Fresh News ដឹងនាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨នេះថា ក្រោយពីមន្ត្រីចល័តដឹកនាំដោយលោក សាំង ណន ជាអនុប្រធានស្នាក់ការការិយាល័យគយ និងរដ្ឋាករច្រកទ្វារ ទទួលបន្ទុកប្រធានគយចល័យច្រកទ្វារប៉ោយប៉ែត បានបន្តសកម្មភាពទប់ស្កាត់រាល់បទល្មើសជាក់ស្តែង ជាពិសេសទំនិញគ្មានគេចពន្ធតែម្តង។
លោក សាំង ណន ប្រធានគយចល័តច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានប្រាប់ថា យប់មិញថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨នេះ មន្ត្រីជំនាញយើងបង្ក្រាបបានរថយន្តទំនើបចង្កូតស្តាំ១គ្រឿងទៀតហើយ ដោយមន្ត្រីជំនាញយើងបានដាក់សង្ស័យចំពោះរថយន្តនោះបន្លំឯកសារ (ក្លែងក្លាយ) និងបិតឈៀក ពន្ធឆ្នាំ និងបិតពន្ធនាំចូលរថយន្ត តែទាំងអស់នោះគឺជាពន្ធក្លែងក្លាយ។ ភ្លាមនោះលោកក៏បានដឹកនាំមន្ត្រីជំនាញធ្វើការស្ទាក់ចាប់តែម្តង និងពិនិត្យឯកសារបានរកឃើញថារថយន្តម៉ាក់ ISUZU ស៊េរីឆ្នាំ២០១៤ ពណ៌ស ពាក់ស្លាកលេខចង្កូតស្តាំ KPC-0127 គឺក្លែងក្លាយត្រង់ចំណុច ឆ្នាំ ឯកសាររថយន្តឆ្នាំ២០១៣ តែរថយន្តឆ្នាំ២០១៤។
បើតាមរៀបរាប់ម្ចាស់រថយន្តឈ្មោះស៊ុយ សុខណា ភេទប្រុស អាយុ៥១ឆ្នាំ រស់ភូមិបាលិលេយ្យ១ សង្កាត់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្រាប់ថា ខ្លួនបានទិញរថយន្តនេះពីគេមកប្រើប្រាស់ ដោយខ្លួនដឹងថា ជារថយន្តមានពន្ធត្រឹមត្រូវ តែបែររថយន្តគ្មានពន្ធទៅវិញ៕