(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីប្រមាណ ១៦,៤៧៤នាក់ មកពីរោងចក្រ សហគ្រាសចំនួន១០មកពី តំបន់នានាស្ថិតក្នុងស្រុកស្អាង និងស្រុកកោះធំ ខេត្តកណ្តាល។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* ជាកិច្ចចាប់ផ្ដើមនៃសន្ទរកថា សម្ដេចតេជោ ហ៊ុន សែន សម្ដែងការរីករាយដែលសម្ដេច បានចូលរួមក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីនៅពេលនេះ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចុះសំណេះសំណាលជាមួយកម្មករ នឹងផ្អាកក្នុងពេលធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត។ តែបន្ទាប់ពីថ្ងៃនោះ សម្តេចនឹងអញ្ជើញចុះជួបបន្តទៀតក្នុងក្របខណ្ឌទូទាំងប្រទេស។
* សម្តេចតេជោបានថ្លែងថា អាចនឹងមានអ្នកឆ្ងល់ថា ហេតុអ្វីបានជាសម្តេចទើបមានជំនួបជាមួយកម្មករ កម្មការិនីក្នុងពេលបច្ចុប្បន្ននេះ។ ចម្ងល់នេះ សម្តេចបញ្ជាក់ថា ស្ថានភាពប្រទេសខុសគ្នាទៅតាមសម័យកាល ដែលតម្រូវឲ្យសម្តេចត្រូវបង្ហាញមុខ នៅតាមទីកន្លែងផ្សេងៗគ្នា តាមសម័យកាលរបស់កម្ពុជាផងដែរ។
* សម្តេចតេជោ បានបញ្ជាក់ថា ក្នុងដំណាក់កាលប្រទេសត្រូវរំដោះចេញ ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត គេក៏ឃើញវត្តមានរបស់សម្តេចនៅលើសមរភូមិ ក្នុងដំណាក់កាលចរចា គេក៏ឃើញវត្តមានរបស់សម្តេចនៅលើតុចរចា ដើម្បីនាំមកនូវសុខសន្តិភាព ការបង្រួបបង្រួមជាតិ។ ក្នុងពេលប្រទេសកម្ពុជាជួបគ្រោះទុរភិក្ស គេក៏ឃើញវត្តមានរបស់សម្តេចនៅតាមវាលស្រែ ដើម្បីជំរុញការបង្កបង្កើនផល។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា កាលពីមុនសម្តេចចំណាយពេលច្រើនជាមួយកសិករ និងនៅតាមប្រឡាយទឹក ព្រោះជាពេលដែលកម្ពុជាជំរុញការផលិតស្បៀង តែបច្ចុប្បន្នកម្ពុជាសល់ស្រូវ ៥.៦លានតោន សម្រាប់ការនាំចេញ។ សម្តេចថ្លែងបន្ថែមថា ការធ្វើកសិកម្មតែមួយមុខ មិនអាចគ្រប់គ្រាន់នោះទេ ទើបត្រូវជំរុញវិស័យឧស្សាហកម្មបន្ថែមទៀត។
* បើតាមសម្តេចតេជោ ព្រោះតែការជំរុញនូវវិស័យឧស្សាហកម្មនេះហើយ ទើបតម្រូវឲ្យសម្តេចចុះជួបជាបន្តបន្ទាប់ជាមួយបងប្អូនកម្មករ កម្មការិនី។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពីអតីតកាលកម្ពុជាប្រឹងពង្រាយសាលាទៅតាមភូមិ ដែលបានសាងសង់ឡើងដោយរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តែបច្ចុប្បន្នយកចិត្តទុកដាក់ពង្រាយរោងចក្រ នៅតាមមូលដ្ឋានរបស់ប្រជាពលរដ្ឋ ដើម្បីឲ្យប្រជាពលរដ្ឋទទួលបានការងារកាន់តែល្អប្រសើរ។
* សម្តេចតេជោបានថ្លែងថា បើមិនមានការពង្រាយរោងចក្រមកដល់ភូមិឋាន របស់ប្រជាពលរដ្ឋទេ គឺកូនប្រជាពលរដ្ឋនឹងត្រូវចំណាយពេលទៅធ្វើការ នៅរាជធានីភ្នំពេញ ឬអាចនឹងត្រូវនៅធ្វើស្រែចំការជាមួយឪពុកម្តាយ មិនបានទទួលបានប្រាក់ខែខ្ពស់ ដូចបច្ចុប្បន្នឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន មិនមែនមានគោលនយោបាយអភិវឌ្ឍន៍ តែរាជធានីភ្នំពេញនោះទេ តែក៏បានយកចិត្តទុកដាក់នៅតាមបណ្តាខេត្ត ដែលមានសក្តានុពលផងដែរ ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលរបស់សម្តេច បានរៀបចំគោលនយោបាយពង្រាយរោងចក្រចេញពីទីក្រុង ទៅតាមបណ្តាខេត្តតាំងពីឆ្នាំ១៩៩៦មកម្ល៉េះ។
* សម្តេចតេជោថ្លែងថា ការបង្កើតរោងចក្រនៅតាមបណ្តាខេត្តនេះ បានបង្កលក្ខណៈងាយស្រួលដល់កម្មករ កម្មការិនី មិនបាច់ជួលផ្ទះគេសម្រាប់ស្នាក់នៅនោះទេ ពោលអាចទៅស្នាក់នៅផ្ទះខ្លួនឯង ដែលជាការរួមចំណែកកាត់បន្ថយការចំណាយមួយផ្នែកធំ។
* សម្តេចតេជោទៀតថ្លែងថា គោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជា មិនមែនធ្វើឡើងតាមរបៀបឆក់កណ្តៀតនោះទេ។
* សម្តេចតេជោថ្លែងថា នយោបាយអនុញ្ញាតឲ្យកម្មការិនីឈប់សម្រាក ពេលសម្រាលកូនទទួលប្រាក់ឈ្នួលរហូតដល់១២០% មិនមានប្រទេសណាអនុវត្តន៍ដូចកម្ពុជានោះទេ សូម្បីតែប្រទេសបិតាប្រជាធិបតេយ្យ ដូចជាអាមេរិក។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨មក មានកម្មការិនីសម្រាលកូនចំនួន ២២,៧១៩នាក់ មានចំនួនកូន២២,៨៩៩នាក់ ហើយបានទទួលប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលសរុបជាង៩.១ប៊ីលានរៀល។
* សម្តេចតេជោថ្លែងថា ការឧបត្ថម្ភថវិកាសម្រាប់ស្រ្តីពេលសម្រាលកូន មិនមែនចង់ធ្វើសម្រាប់តែស្រ្តីជាមន្រ្តីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ និងកម្មការិនីនោះទេ ពោលសម្តេចចង់ធ្វើនៅក្របខណ្ឌទូទាំងប្រទេសតែម្តង។
* សម្តេចនាយករដ្ឋមន្ត្រីថ្លែងថា សម្តេចមិនមែនជាអ្នកប្រជាភិថុតិទេ តែជាអ្នកធ្វើអ្វីមួយប្រកបដោយភាពច្បាស់លាស់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាក់ឈ្នួលក្នុងវិស័យវាយណភណ្ឌកាត់ដេរ របស់កម្ពុជា នាពេលបច្ចុប្បន្នខ្ពស់ ជាបណ្តាប្រទេសមួយចំនួន ដែលក្នុងនោះរួមមាន៖ បង់ក្លាដេសមានត្រឹម ៦៧ដុល្លារ, ស្រីលង្កកា ៦៧ដុល្លារ, ឥណ្ឌា ៦៧ដុល្លារ ទៅ ១៤៣ដុល្លារ, មីយ៉ាន់ម៉ា ១០៨ដុល្លារ, ឥណ្ឌូនេស៊ី ១០៧ដុល្លារ ទៅ២០៧ដុល្លារ, វៀតណាម ១៣៨ដុល្លារ, ឡាវ ១៣៣ដុល្លារ, ប៉ាគីស្ថាន ១៣៤ដុល្លារ។
* ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា មិនត្រូវអនុញ្ញាតឲ្យមានបងតូចបងធំនៅក្នុងរោងចក្រនោះទេ។
* សម្តេចតេជោបញ្ជាក់ថា ត្រូវមានការគោរពសិទ្ធិចំពោះអ្នកធ្វើកូដកម្ម បាតុកម្ម ប៉ុន្តែអ្នកធ្វើបាតុកម្ម និងកូដកម្ម ត្រូវតែគោរពសិទ្ធិសេរីភាពរបស់កម្មករ កម្មការិនី ដែលកំពុងធ្វើការផង។
* សម្តេចនាយករដ្ឋមន្ត្រី បានចោទសួរចំពោះបញ្ហារបស់កម្មករ កម្មការិនីនៅតាមរោងចក្រមួយចំនួន ដែលកំពុងធ្វើកូដកម្ម និងបាតុកម្មរឿងថៅកែរោងចក្ររត់ចោល។ សម្តេចបានជំរុញឲ្យដោះស្រាយបញ្ចប់រឿងនេះ មិនត្រូវនៅអង្គុយបក់ផ្សែងនោះទេ ព្រោះសម្តេចបានបញ្ចេញសាច់ប្រាក់បុរេប្រទាន សម្រាប់ដោះស្រាយហើយ ម្តេចដោះស្រាយមិនចាប់។ សម្តេចតេជោថា ប្រសិនបើខ្វះថវិកាត្រូវបញ្ចេញថវិកាទៅដោះស្រាយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិសោធនកម្មច្បាប់ស្តីពីការងារ នឹងកំណត់ឲ្យមានការដោះស្រាយប្រាក់អតីតភាពការងាររបស់កម្មករ កម្មការិនីក្នុងរយៈពេល៦ខែម្តង។ សម្តេចតេជោបានបញ្ជាក់ថា ការកំណត់បែបនេះ ដើម្បីទប់ស្កាត់ពុតត្បុតខិលខូច របស់ថៅកែមួយចំនួន នៅពេលប្រាក់អតីតភាពការងាររបស់កម្មករ កម្មការិនីច្រើន ក៏រត់ចោលតែម្តង។
* សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថា ការមានការងារធ្វើ និងធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋមានភាពល្អប្រសើរនេះ គឺបានមកពីប្រទេសមានសុខសន្តិភាព មិនមែនបានមកពីប្រទេស ដែលមានភ្លើងសង្គ្រាមនោះទេ។
* សម្តេចប្រមុខរាជរដ្ឋាភិបាល បានថ្លែងថា ការអភិវឌ្ឍនៅកម្ពុជា បានផ្សារភ្ជាប់ជាមួយសម្តេច និងគណបក្សប្រជាជនកម្ពុជា ហើយដើម្បីធានាការអភិវឌ្ឍនេះ ត្រូវបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានហៅការឃោសនារបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិចថា នឹងដោះស្រាយបញ្ហាបំណុលជូនប្រជាពលរដ្ឋ គឺជាការឃោសនាបោកប្រាស់។
* សម្តេចបានព្រលយថា ទើបតែសរសេរសំបុត្រមកខ្ចីលុយរបស់សម្តេចសោះ បែរជាទៅសន្យាដោះស្រាយបំណុល ជូនប្រជាពលរដ្ឋពេលឈ្នះឆ្នោត ដែលការឃោសនាបែបនេះ ជាការបោកប្រាស់ប្រជាពលរដ្ឋ។
* សម្តេចតេជោ ហ៊ុន សែន បានទម្លាយថា អ្នកឃោសនាសន្យាដោះស្រាយបំណុល ប្រជាពលរដ្ឋពេលឈ្នះឆ្នោត ដែលគេដឹងថា ជាសម្តេចក្រុមព្រះនោះ ទើបនឹងបានសរសេរសំបុត្រមកខ្ចីថវិកាសម្តេចជាង១លានដុល្លារ ហើយបោះឆ្នោតហើយបានសងវិញ។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្រាប់គណបក្សប្រជាជនអត់ហ៊ានសន្យាទេ ប៉ុន្តែបានដាក់ចេញកម្មវិធីនយោបាយមួយដ៏ជាក់លាក់ ដើម្បីធានាដល់និរន្តភាពរបស់សង្គម។ ការបោកប្រាស់ណាមួយ មិនគួរយកមកលេងជាល្បែង សម្រាប់ប្រជាពលរដ្ឋ ដែលនាំឲ្យអន្តរាយដល់សង្គមនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានតែគណបក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះ មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការការពាររបបរាជានិយមនៅកម្ពុជា។ ការថ្លែងបញ្ជាក់បែបនេះ បន្ទាប់ពីមានគណបក្សនយោបាយមួយចំនួន បានយករបបរាជានិយមជាកម្មសិទ្ធិផ្តាច់មុខ។
* សម្តេចបានបញ្ជាក់ថា ការការពាររបបរាជានិយម មិនអាចឲ្យបក្សណាមួយផ្តាច់មុខនោះទេ គឺត្រូវមានការចូលរួមពីគ្រប់គណបក្សនយោបាយ និងប្រជាពលរដ្ឋ។
* សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការឃោសនា យករបបរាជានិយមជាកម្មសិទ្ធិផ្តាច់មុខ របស់គណបក្សនយោបាយមួយចំនួន នឹងក្លាយទៅជាការបន្ទាបតម្លៃស្ថាប័នព្រះមហាក្សត្រ នៅពេលដែលបក្សនោះឃោសនាបែបនេះ ហើយបែរជាគ្មានការគាំទ្រ។
* សម្តេចតេជោបញ្ជាក់ថា ការឃោសនាសងបំណុលពេលជាប់ឆ្នោត គឺនៅលើលោកនេះគ្មានទេ នេះជាការឃោសនាបោកប្រាស់ប្រជាពលរដ្ឋ ដូច្នេះសម្តេចត្រូវតែទម្លាយរឿងនេះ។
* សម្តេចតេជោ ហ៊ុន សែន ការចាប់បានលេខរៀងទី២០នេះ គឺងាយចាំ ងាយគិត និងងាយគូរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចាប់បានលេខ២០នេះ ហាក់ដូចជាគាប់ជួនខ្លាំងណាស់ ព្រោះឆ្នាំនេះជាខួប២០ឆ្នាំនៃការរកបានសន្តិភាពទាំងស្រុង និងខួប២០ឆ្នាំ ដែលគណបក្សប្រជាជនកម្ពុជា ទទួលបានជោគជ័យ ដោយក្រុមខ្មែរក្រហមដឹកនាំដោយលោក ខៀវ សំផន បានដឹកនាំគ្នាមកចុះចូលជាមួយសម្តេចដល់ផ្ទះតែម្តង។
* សម្តេចតេជោ ហ៊ុន សែន បានប្រៀបធៀបលេខរៀងទី២០នេះ ថាជាលេខកូនពៅ ដែលតាមទំនៀមទម្លាប់ខ្មែរកូនពៅ តែងតែនៅថែរក្សាឪពុកម្តាយ។ ដូច្នេះសម្តេចជឿថា លេខរៀងកូនពៅនេះ នឹងនៅរួមរស់ជាមួយប្រជាពលរដ្ឋកម្ពុជាបន្តទៅទៀត។
* ជាថ្មីម្ដងទៀត សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា សម្ដេចនឹងបន្ដដឹកនាំប្រទេសក្នុងឋានៈជានាយករដ្ឋមន្ដ្រី យ៉ាងតិច១០ឆ្នាំទៀត ហើយសម្ដេចសង្ឃឹមថា កម្មករ កម្មការិនី នឹងបន្ដបោះឆ្នោតគាំទ្រសម្ដេច។
* សម្តេចតេជោ ហ៊ុន សែន បិទបញ្ចប់សុន្ទរកថានៅវេលាម៉ោង ៩៖២២នាទីព្រឹក, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់តាមរយៈ Fresh News៕