(កំពង់ចាម)៖ ដោយបានការអនុញ្ញាតពី នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ បានប្រជុំផ្សព្វផ្សាយផែនការសំខាន់ៗ ដែលត្រូវអនុវត្តចំពោះមុខក្នុងកិច្ចដំណើរការ រៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨។
កិច្ចប្រជុំនេះដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងមានការចូលរួមពី លោក លោកស្រីស្នងការរង លោកអនុប្រធានផែនជំនាញ លោក លោកស្រី នាយ នាយរងការិយាល័យជំនាញ លោកអធិការ អធិការរងនគរបាលស្រុក ក្រុងទាំង១០ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៩ ទូទាំងខេត្ត សរុបចំនួន២៩២នាក់។
ថ្លែងក្នុងឱកាស លោកឧត្តមសេនីយ៍ទោ ឯម កុសល បានបញ្ជាកម្លាំងនគរបាលទូទាំងខេត្តកំពង់ចាម ដាច់ខាតត្រូវតែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ពិសេសការពារឲ្យខាងតែបាន នូវដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។
បើតាមលោកឧត្តមសេនីយ៍ស្នងការ កម្លាំងនគរបាលទាំងអស់ត្រូវតែក្ដោបក្ដាប់សភាពការណ៍ក្នុងមូលដ្ឋានរបស់ខ្លួន ហើយមានសភាពការណ៍អ្វីកើតឡើង ត្រូវតែរាយការណ៍ជាបន្ទាន់មកថ្នាក់លើ ដើម្បីមានវិធានការបង្ក្រាប ឬទប់ស្កាត់ឲ្យបានទាន់ពេលវេលា៕