(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ បានបញ្ជូនខ្លួនថៅកែស្រីចិត្តកំណាចឈ្មោះ ម៉េង រ័ត្នពិសី (ហៅ សុភា) អាយុ៣៣ឆ្នាំ មុខរបរលក់សម្លៀកបំពាក់ មកកានសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ការចាប់ខ្លួននឹងបញ្ជូនខ្លួនថៅកែស្រីរូបនេះមកតុលាការ គឺធ្វើឡើងបន្ទាប់ពីមានពាក្យបណ្ដឹងពីកុមារីរងគ្រោះ ដែលត្រូវបានថៅកែស្រី ធ្វើទារុណកម្មដូចសត្វធាតុ អស់រយៈពេល៤ឆ្នាំ រងកម្មខ្លួនប្រាណ ពេញដោយស្លាកស្នាម ហើយរំដោះក្មេងរងគ្រោះចេញពីផ្ទះខាងលើ ហើយកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ចុះទៅនាំខ្លួនមកសាកសួរនៅប៉ុស្តិ៍រដ្ឋបាល។

សូមជម្រាបថា ប្រតិបត្តិការចុះទៅអន្តរាគមន៍​រំដោះក្មេងខាងលើ កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ នៅផ្ទះអ្នកលក់សម្លៀកបំពាក់មួយកន្លែង លេខ១៧អា ខាងត្បូងជាប់ផ្សារបុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែន រាធានីភ្នំពេញ។

ថៅកែចិត្តកំណាចរូបនេះមានឈ្មោះ ម៉េង រ័ត្នពិសី (ហៅ សុភា) អាយុ៣៣ឆ្នាំ មុខរបរលក់សម្លៀកបំពាក់នៅផ្ទះកើតហេតុ។ បើតាមអ្នកក្បែរខាងថា ជាជនជាតិវៀតណាម កាត់ចិន មានប្តីឈ្មោះ សុខ ទី អាយុ៣៣ឆ្នាំ មុខរបរលក់សម្លៀកបំពាក់ មានកូនស្រីម្នាក់ក្នុងបន្ទុក។

ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ជា ស្រីនូ ហៅស្រីពៅ អាយុ១៦ឆ្នាំ មករស់នៅផ្ទះកើតហេតុខាងលើរយៈពេល៤ឆ្នាំហើយ ជាអ្នកធ្វើការងារផ្ទះ មានស្រុកកំណើតភូមិទំនប់ថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ក្មេងស្រីរងគ្រោះ មានបងប្អូន៩នាក់ ប្រុស៤នាក់ ស្រី៥នាក់ នាងជាកូនទី៨ មានឪពុក ឈ្មោះ ជា សួ អាយុ៦៨ឆ្នាំ ឈឺនៅកន្ទេល មានម្តាយឈ្មោះ ឡេ ឡាយ អាយុ៦៥ឆ្នាំ មុខរបរលក់បន្លែ។

តាមការរៀបរាប់របស់ក្មេងស្រីរងគ្រោះ ទាំងទឹកភ្នែក ក្នុងអារម្មណ៍ភ័រញ័រ ប្រាប់នៅចំពោះមុខសមត្ថកិច្ចថា គាត់ត្រូវបានស្រ្តីខាងលើ យកមកឲ្យធ្វើការងារ តាំងពីអាយុ១២ឆ្នាំមកម្ល៉េះ ធ្វើជាកូនឈ្នួលបម្រើ ផ្ទះខាងលើរហូតមកដល់ពេលនេះ អស់រយៈពេល៤ឆ្នាំហើយ។ ស្រ្តីម្ចាស់ផ្ទះ បង្ខំឲ្យធ្វើការងារតាំងពីព្រឹកទល់យប់ បើធ្វើមិនទាន់ប្រដាប់ដោយដែក វាយពេញរាងកាយក្បាល ជូនយកម្ជុលដេប៉ាក់ មកចាក់លើរាងកាយក្នុង១ថ្ងៃ ឲ្យហូបបាយ២ពេល ពេលព្រឹក និងពេលល្ងាច ថ្ងៃត្រង់បន្តឲ្យធ្វើការងារ។

ក្មេងស្រីរងគ្រោះ បានបន្តទៀតថា មកស្នាក់នៅធ្វើការដំបូង បានប្រាក់ឈ្នួល៦០ដុល្លាក្នុង១ខែ ទើបតែ១ឆ្នាំមកនេះ បាន១០០ដុល្លាក្នុង១ខែ ហើយខែថ្មីៗនេះ ម្តាយនាងមានការខ្វះខាត ថវិកា ទិញថ្នាំព្យាបាលឪពុក បានសុំខ្ចីលុយ១០០ដុល្លារមុន។ ហើយអ្វីជាងនេះទៅទៀត ម្ចាស់ផ្ទះដាក់បំរាមមិនឲ្យនិយាយរឿង ធ្វើទារុណកម្ម រាងកាយ ប្រាប់អ្នកជិតខាង ឬប្រាប់ដំណឹងដល់ក្រុមគ្រួសារនៅឯស្រុកឡើយ មិនអនុញ្ញាតឲ្យជួបនិយាយជាមួយម្តាយតាមទូរស័ព្ទទៀតផង។

ករណីខាងលើក្រោយពីទទួលបានព័ត៌មានរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ ត្រូវបានស្រ្តីខាងលើឡូឡា រករឿងទាំងអ្នកជិតខាង គំរាមវាយស្រ្តីម្នាក់នៅក្បែរនោះ ដែលជួយឈឺឆ្អាលរឿងខាងលើ។

ក្រោយពីមានការបំភ្លឺពីក្មេងរងគ្រោះ សមត្ថកិច្ចហៅនាំខ្លួនស្រ្តីសង្ស័យទៅសាកសួរនៅប៉ុស្តិ៍ និងផ្អែកលើភស្តុតាង ស្លាកស្នាម ជាំ របួស ពេញខ្លួន ក្បាល ដៃ ជើង សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ កសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញ ចាត់ការបន្តតាមនីតិវិធី៕