(កណ្តាល)៖ កម្មការិនី២នាក់ដើរឆ្លងផ្លូវ ត្រូវរថយន្តដឹកទំនិញរបស់ក្រុមហ៊ុន អេសភី បើកជ្រុលទៅបុកបណ្តាលឲ្យស្លាប់ទាំង២នាក់នៅនឹងកន្លែង ហើយអ្នកបើកបរបានរត់គេចខ្លួនបាត់ ។
ហេតុការណ៏នេះបានកើតឡើងកាលពីម៉ោងជិត១០យប់ថ្ងៃទី២៩ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួលខេត្តកណ្ដាល ។
មន្ត្រីនគរបាលបានឲ្យដឹងថា រថយន្តបង្កម៉ាកហុីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ៣A ៥៦២២ បើកបរដោយជនមិនស្គាល់ឈ្មោះ ។
ចំណែកកម្មការិនីរងគ្រោះទាំងពីរនាក់មានឈ្មោះស្រែ ឡំ ភេទស្រី អាយុ២៥ឆ្នាំ និងឈ្មោះជាវ លីន ភេទស្រី អាយុ២៣ឆ្នាំ អ្នកទាំងពីរជាកម្មការិនី និងមានស្រុកកំណើតជាមួយគ្នាផងដែរនៅភូមិថ្មី ឃុំត្រាប់ ស្រុកបាធាយ ខេត្តកំពង់ចាម។ សព្វថ្ងៃស្នាក់នៅផ្ទះជួលភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
នគរបាលបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះទាំងពីរនាក់បានធ្វើដំណើរឆ្លងផ្លូវក្នុងទិសដៅពីជើងទៅត្បូង ស្របពេលនោះក៏រថយន្តបង្កបានបើកមកក្នុងល្បឿនលឿនក្នុងទិសដៅពីកើតទៅលិច(ភ្នំពេញកំពង់សោម)មើលមិនទាន់ក៏ជ្រុលទៅបុកអ្នកទាំងពីរបណ្តាលស្លាប់នៅនិងកន្លែងកើតហេតុតែម្ដង។ភ្លាមនោះដែរ អ្នកបើកបរបានព្យាយាមរត់គេចខ្លួនបាត់ទៅបន្សល់ទុករថយន្តនៅក្បែរកន្លែងកើតហេតុ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅដល់ជួយអន្តរាគមន៍អូសយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋានដើម្បីដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕