(ភ្នំពេញ)៖ នាពេលថ្មីៗនេះ ការញុះញង់ពីសំណាក់បុគ្គលនៅក្រៅច្បាប់ ពិសេសទណ្ឌិត សម រង្ស៊ី រត់គេចខ្លួនទៅក្រៅប្រទេស និងបក្ខពួករបស់ខ្លួនបានអំពាវនាវ កុំឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត នៅខែកក្កដាខាងមុខនេះ ហើយក៏បានញុះញង់ថា ត្រូវយកថ្នាំខ្មៅផ្សេងៗ មកជ្រលក់ម្រាមដៃ ដើម្បីបន្លំថាខ្លួនបានទៅបោះឆ្នោតដែរ។
បន្ទាប់មានការញុះញង់យ៉ាងដូច្នេះ មហាជនជាច្រើន ពិសេសអ្នកតាមដានព្រឹត្តិការណ៍សង្គម ហាក់មានការងឿងឆ្ងល់ថា តើការយកថ្នាំខ្មៅផ្សេងៗ ដូចជាថ្នាំលាបសក់មកជ្រលក់ដៃ ដើម្បីបន្លំខ្លួននោះទេ អាចប្រឈមជាមួយនឹងបញ្ហាផ្លូវច្បាប់ដែរឬទេ?
ដើម្បីជ្រាបកាន់តែច្បាប់អំពីទិដ្ឋភាពច្បាប់ពាក់ព័ន្ធបញ្ហានេះ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨នេះ បណ្ដាញព័ត៌មាន Fresh News បានធ្វើការសម្ភាសន៍ ជាមួយអ្នកជំនាញផ្នែកច្បាប់មួយរូប គឺលោក គឹម សន្ដិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ ថា «តើការបន្លំថាទៅបោះឆ្នោត ដោយយកម្រាមដៃទៅជ្រលក់ទឹកថ្នាំពណ៌ខ្មៅនោះ អាចប្រឈមយ៉ាងដូច្នេះជាមួយផ្លូវច្បាប់?»។
អ្នកនាំពាក្យក្រសួងយុត្តិធម៌រូបនេះ បានបង្ហាញពីទិដ្ឋភាពច្បាប់ថា ការបន្លំខ្លួនបានទៅបោះឆ្នោត ដោយជ្រលក់ទឹកខ្មៅផ្សេងនោះ គឺជាចេតនាទុច្ចរិត ដើម្បីបង្កការភ័ន្តច្រលំ ទៅលើចំនួនពិតប្រាកដអ្នកដែលបានបោះឆ្នោត ដែលនាំឲ្យចំនួនអ្នកបោះឆ្នោតច្រើនជាងចំនួនសន្លឹកឆ្នោត ដែលបានបោះពិតប្រាកដ។
លោក គឹម សន្ដិភាព បានអះអាងយ៉ាងដូច្នេះថា «ម្រាមដៃខ្មៅ ក្រោយការបោះឆ្នោត គឺជាការកំណត់សំគាល់អត្តសញ្ញាណអ្នកដែលបានទៅបោះឆ្នោត ដែលមានតែ គ.ជ.ប ប៉ុណ្ណោះមានសមត្ថកិច្ចក្នុងការចាត់ចែងជ្រលក់ម្រាមដៃអ្នកដែលបានទៅបោះឆ្នោត។ អ្នកដែលប្រឡាក់ម្រាមដៃខ្មៅនេះ មានន័យថា បានបោះឆ្នោតរួចហើយ ហើយចំនួនអ្នកប្រឡាក់ម្រាមដៃខ្មៅ ត្រូវស្មើនឹងចំនួនអ្នកដែលបានទៅបោះឆ្នោត ហើយក៏ស្មើនឹងចំនួនសន្លឹកឆ្នោត ដែលបានបោះផងដែរ»។
លោកបន្ដថា «ហេតុនេះការបន្លំថាខ្លួនបានទៅបោះឆ្នោត ដោយជ្រលក់ទឹកខ្មៅផ្សេងនោះ គឺជាចេតនាទុច្ចរិតដើម្បីបង្កការភ័ន្តច្រលំ ទៅលើចំនួនពិតប្រាកដ អ្នកដែលបានបោះឆ្នោត ដែលនាំអោយចំនួនអ្នកបោះឆ្នោតច្រើនជាងចំនួនសន្លឹកឆ្នោតដែលបានបោះពិតប្រាកដ។ ទង្វើនេះនឹងបង្កើតនូវការយល់ច្រលំថា ការបោះឆ្នោតមានភាពមិនប្រក្រតី ដែលនឹងបង្កឲ្យមានភាពវឹកវរក្នុងសង្គមមួយកើតឡើងបាន! អំពើខាងលើនេះ ជាអំពើល្មើសច្បាប់ ប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធនាគារតាមច្បាប់ព្រហ្មទណ្ឌ»។
សូមជម្រាបថា បន្ទាប់ការអំពាវនាវរបស់ទណ្ឌិត សម រង្ស៊ី ប្រជាពលរដ្ឋដែលប្រើប្រាស់បណ្ដាញសង្គម Facebook ជាច្រើន បាននាំគ្នាប្រតិកម្មតបទៅវិញដោយ បាននាំគ្នាប្ដូរ Profile នៅលើ Facebook របស់ពួកគេដោយបញ្ជាក់ថា ពួកគេនឹងនាំគ្នាទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ នៅចុងខែកក្កដាខាងមុខ ព្រោះថាពួកគេបានយល់ច្បាស់អំពីសារៈសំខាន់នេះការបោះឆ្នោតដ៏ធំមួយនេះ៕