(ភ្នំពេញ)៖ នេះជាការបញ្ជាក់យ៉ាងច្បាស់លាស់ របស់នាយឧត្តមសេនីយ៍បណ្ឌិត ជា តារា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទទួលបន្ទុកជាសាកលវិទ្យាធិការសាកលវិទ្យាល័យ ការពារជាតិនៃក្រសួងការពារជាតិ នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ ក្នុងជំនួបជាមួយប្រតិភូនិស្សិតនាយទាហានចម្រុះជាតិសាសន៍មកពី មហាវិទ្យាល័យការពារជាតិឥណ្ឌា១៩រូប ដឹកនាំដោយលោក ហាលីម អាន់វរ (Haleem Anwar) លេខាធិការចម្រុះនៃមហាវិទ្យាល័យ ការពារជាតិឥណ្ឌា ចូលជួបសម្ដែងការគួរសម ក្នុងឱកាសប្រតិភូមកបំពេញទស្សនកិច្ចសិក្សានៅកម្ពុជា ។
លោកនាយឧត្តមសេនីយ៍បានបញ្ជាក់ជូនប្រតិភូ អំពីគោលជំហរច្បាស់លាស់របស់កងទ័ពកម្ពុជា ទោះស្ថិតនៅក្នុងតម្លៃណាក៏ដោយ ត្រូវតែការពារធែរក្សាអោយបានសន្តិភាព។ ក្រោយថ្ងៃរំដោះ៧មករា ឥណ្ឌាបានគាំទ្រដល់កម្ពុជា រហូតចូលរួមបញ្ជូនកងកម្លាំងរក្សា សន្តិភាព (UNTAC) ជួយដល់ដំណើរការបោះឆ្នោតឆ្នាំ១៩៩៣។ ពិតមែនតែពេលនោះសង្គ្រាមផ្ទៃក្នុង នៅបន្តរហូតឆ្នាំ១៩៩៨ អាស្រ័យដោយនយោបាយឈ្នះ ឈ្នះ! របស់សម្តេចតេជោ ហ៊ុនសែន ជានាយករដ្ឋមន្ត្រី បានបញ្ចប់ទាំងស្រុងនូវ សង្គ្រាមរ៉ាំរ៉ៃជាងបីទសវត្សរ៍ នាំមកនូវសុខសន្តិភាពពេញលេញ បង្កជាមូលដ្ឋានគ្រឹះដល់ការអភិវឌ្ឍន៍ប្រទេសជាតិ លើគ្រប់វិស័យដល់ថ្ងៃនេះ។ ដូច្នេះតម្លៃនៃសន្តិភាពនៅកម្ពុជា គឺវាធំណាស់ មានសារៈសំខាន់ខ្លាំងណាស់សម្រាប់យើង។
នាយឧត្តមសេនីយ៍បន្តថា «យើងមិនខ្លាចនឹងធ្វើការលះបង់ និងចំណាយអ្វីក៏ដោយឲ្យតែរក្សាបាននូវសន្តិភាព។ ចង់បានសន្តិភាពត្រូវតែការពាររាជរដ្ឋាភិបាល ស្របច្បាប់ឱ្យទាល់តែបាន មិនបណ្តោយឱ្យក្រុមជនអគិតណាមួយ មកបំផ្លិចបំផ្លាញសន្តិភាពនៅកម្ពុជាបាននោះទេ។ ក្នុងន័យនេះគឺ យើងមិនអនុញ្ញាតឲ្យជនក្បត់ជាតិណា ឬបរទេសណាមកបំផ្លាញកម្ពុជា ដូចទៅនឹងអតីតកាលដ៏ជូរចត់ម្ដងទៀតឡើយ ទោះក្នុងតម្លៃណាក៏ដោយ ក៏ត្រូវតែទប់ស្កាត់ជាដាច់ខាត។ នៅទីនេះកងទ័ព និងប្រជាជនកម្ពុជាបានចាត់ទុកសម្តេចអគ្គមហាសេនាបតី តេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាស្របច្បាប់ កើតចេញពីការ បោះឆ្នោត ជាមហាវិរៈបុរសរដ្ឋ ជាស្ថាបនិកនៃនយោបាយឈ្នះ ឈ្នះ! នាំសុខសន្តិភាពពេញលេញដល់ប្រជាជនកម្ពុជា។ នៅពេលនេះ សាកលវិទ្យាល័យការពារជាតិកម្ពុជា បាននឹងកំពុងធ្វើជាថ្នាលបណ្តុះបណ្តាលវិស័យការពារជាតិ ធ្វើជាមជ្ឈមណ្ឌលតម្រង់ ទិសដល់និស្សិតគ្រប់ជាន់ថ្នាក់ ឲ្យក្លាយជាបញ្ជាការដ៏ឈ្លាសវៃអនុវត្ត និងបន្តកសាងកម្លាំងពិត ក្នុងភារកិច្ចការពារជាតិមាតុភូមិ»។
លោក ហាលីម អាន់វរ (Haleem Anwar) ប្រធានប្រតិភូចម្រុះជាតិសាសន៍ នៃមហាវិទ្យាល័យការពារជាតិឥណ្ឌា បានថ្លែងកោតសរសើរប្រទេសកម្ពុជា ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស ក្រោមការដឹកនាំរបស់សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលថែរក្សាបាននូវសុខសន្តិភាព ជូនជាតិនិងប្រជាជនកម្ពុជា ទាំងកំណើនសេដ្ឋកិច្ច និងទំនាក់ទំនងការទូតជាដើម។ ជាក់ស្តែង កម្ពុជាបានប្រែក្លាយ ពីប្រទេសដែលបានទទួលនូវកងកម្លាំងរក្សាសន្តិភាពអង្គការសហ ប្រជាជាតិ (UNTAC) ទៅជាអ្នកបញ្ជូនកងកម្លាំងរក្សាសន្តិភាពក្រៅប្រទេសក្រោមឆ័ត្រ អង្គការសហប្រជាជាតិ ។
លោក ហាលីម អាន់វេ បានលើកឡើងទៀតថា កម្ពុជាពីប្រទេសដែលទទួលរងគ្រោះ ដោយសារមីនក្លាយជាប្រទេស ដែលឈានមុខគេក្នុងពិភពលោក ក្នុងយុទ្ធនាការប្រឆាំងមីន និង ប្រែក្លាយការផ្ដោតតែទៅលើបញ្ហាសន្តិសុខក្នុងប្រទេស ទៅជានយោបាយការទូតការពារជាតិដែលមានលក្ខណៈបើកចំហទៅខាងក្រៅប្រទេស ។ ក្នុងនាមមហាវិទ្យាល័យការពារជាតិឥណ្ឌា គាំទ្រដំណើរការកែទម្រង់គ្រប់បែបយ៉ាងរបស់សាកលវិទ្យាល័យការពារជាតិ កម្ពុជា ដើម្បីថែរក្សាសន្តិភាពជាចម្បង។
លោក ហាលីម អាន់វរ បានបន្ថែមថា ពិតមែនតែយើងមានឯកសណ្ឋានខុសៗគ្នា តែកាតព្វកិច្ចរបស់យើងគឺដូចៗគ្នា គឺត្រូវចេះការពារជាតិរបស់ខ្លួន រៀងៗខ្លួន មិនអាចមានអ្នកខាងក្រៅមកលូកលាន់ចូលកិច្ចការផ្ទៃក្នុងបានឡើយ ៕