(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីប្រមាណ ១៦,៤៧៤នាក់ មកពីរោងចក្រ សហគ្រាសចំនួន១០មកពីតំបន់នានាស្ថិតក្នុងស្រុកស្អាង និងស្រុកកោះធំ ខេត្តកណ្តាល។
ពិធីសំណេះសំណាលនេះធ្វើឡើងនៅភូមិកំពង់ព្រីង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល។ ជំនួបសំណេះសំណាលរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយកម្មករ កម្មការិនីនាព្រឹកនេះ គឺជាជំនួបសំណេះសំណាលលើកទី៣ហើយសម្រាប់ខេត្តកណ្តាល។
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោក អ៉ិត សំហេង បានឲ្យដឹងថា រោងចក្រទាំង១០ ដែលអនុញ្ញាតឲ្យកម្មករ កម្មការិនីចូលរួមសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន នៅព្រឹកស្អែកនេះ គឺវិនិយោគដោយជនជាតិទាំងអស់។ រោងចក្រទាំង១០នេះ មានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន៨ បោកគក់ចំនួន១ និងតម្បាញចំនួន១ ផលិតផលផលិតចេញពីរោងចក្រទាំង១០នេះ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស។
លោករដ្ឋមន្ត្រី បានអះអាងថា រោងចក្រ សហគ្រាសនៅក្នុងស្រុកស្អាង បានកសាងនៅតាមមូលដ្ឋានជាប់នឹងប្រជាពលរដ្ឋ ដែលបានបង្កើតនូវមុខរបរ និងការងារបន្ថែមជាច្រើន ងាយស្រួលដល់យុវជនក្នុងការរកការងារធ្វើក្នុងមូលដ្ឋានរបស់ខ្លួន របរជួលផ្ទះ លក់ម្ហូបអាហារ ការដឹកជញ្ជូន និងសេវាកម្មផ្សេងៗទៀត រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋ។
បើតាមលោក អ៉ិត សំហេង បានឲ្យបានដឹងថា មកដល់ពេលបច្ចុប្បន្ន នៅក្នុងតំបន់នេះ មានរោងចក្រ សហគ្រាស និងគ្រឹះស្ថានចំនួន៤៦៧ មានកម្មករ និយោជិត ១៥០,៥១៥នាក់ ក្នុងនោះមានរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងមានចំនួន១៦៨ មានកម្មករ និយោជិតចំនួន ១៣៤,៣២៣នាក់ ដែលមានប្រាក់ឈ្នួលសរុបជាង ២៧៤លានដុល្លារក្នុងមួយឆ្នាំ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានសម្រេចជ្រើសយកក្នុងមួយសប្តាហ៍យ៉ាងតិចមួយថ្ងៃ ដើម្បីចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីទាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។ ការធ្វើដំណើរចុះជួបនេះ ក្រៅពីបំណងចង់ស្វែងយល់ពីសុខទុក្ខ និងទុក្ខលំបាករបស់កម្មករ កម្មការិនីហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏ចង់ជំរុញវិស័យឧស្សាហកម្មឲ្យបោះពួយទៅមុខដ្បិតវិស័យឧស្សាហកម្មនាពេលបច្ចុប្បន្នបានក្លាយជាវិស័យដ៏សំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។
គិតចាប់តាំងពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន បានជួបកម្មករ កម្មការិនី ប្រធានរដ្ឋបាល ប្រធានក្រុម ប្រធានផ្នែកសរុប ៤៣លើក ដែលមានសរុប ៥៤០,៩៥០នាក់។
តាមរយៈជំនួបជាបន្តបន្ទាប់នេះបានធ្វើឲ្យបរិយាកាសការងារនៅតាមរោងចក្រ សហគ្រាសមានភាពល្អប្រសើរ បញ្ហា និងកង្វល់ជាច្រើនរបស់កម្មករ កម្មការិនីត្រូវបានដោះស្រាយជាបន្តបន្ទាប់ ហើយអត្ថប្រយោជន៍ជាច្រើនត្រូវបានសម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនកម្មករ។ ក្នុងនោះគិតចាប់តាំងពីខែមករា ឆ្នាំ២០១៨មក គ្រប់រោងចក្រទាំងអស់បានអនុវត្តប្រាក់ឈ្នួលអប្បបរមា ១៧០ដុល្លារ។
កម្មករ និយោជិត បានទទួលការពិនិត្យព្យាបាលជំងឺដោយមិនបង់ប្រាក់។ កម្មការិនីបានទទួលប្រាក់ឈ្នួល ១២០ភាគរយ និងឈប់សម្រាករយៈពេល ៣ខែ ក្នុងពេលសម្រាកកូន។
គិតចាប់តាំងពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨នេះ មានកម្មការិនីសម្រាលកូនចំនួន ២២,៧១៩នាក់ ចំនួនកូន ២២,៨៩៩នាក់ ហើយបានទទួលប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលជាង ៩.១ប៊ីលានរៀល៕