(ភ្នំពេញ)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ជាថ្មីម្ដងទៀត បានប្រកាសថា សូមបរទេសទាំងឡាយ កុំមកព្យាយាមបំផ្លាញកម្ពុជា ដែលបានរស់ឡើងវិញ យ៉ាងលំបាកដោយខ្លួនឯង ព្រោះកម្ពុជាមានសិទ្ធិគ្រប់គ្រាន់ ក្នុងការធ្វើសេចក្តីសម្រេចចិត្ត ក្នុងនាមជារដ្ឋមានឯករាជ្យ និងអធិបតេយ្យភាព។
ការប្រកាសខ្លាំងៗរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងនៅល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨នេះ ក្នុងឱកាសសម្ដេចអញ្ជើញអធិបតី ក្នុងពិធីពិសាអាហារស្រាយបួស ជាមួយបងប្អូនខ្មែរឥស្លាមជិត ៥ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិពរណ៌កោះពេជ្រ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «រហូតមកដល់ពេលនេះ មានអ្នកខ្លះក៏មានបំណង់ចង់មកបំផ្លិចបំផ្លាញយើងថែមទៀតផង [...] អតីតកាលរបស់កម្ពុជា គឺមានការឈឺចាប់គ្រប់គ្រាន់ណាស់ទៅហើយ សូមកុំបំផ្លាញយើងទៀត សូមមេត្ដាគោរពដល់សេចក្ដីសម្រេចរបស់យើង ខ្ញុំអត់មានសុំអ្វីនោះទេ ខ្ញុំចង់ឲ្យតែប្រទេសកម្ពុជាមួយនេះ មានសិទ្ធិគ្រប់គ្រាន់ក្នុងការធ្វើសេចក្ដីចិត្ត ក្នុងឋានៈជារដ្ឋដែលមានឯករាជ្យ និងអធិបតេយ្យតែប៉ុណ្ណោះ»។
សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹករឿងកាលពីអតីតកាលដែរថា ការតស៊ូវាយចូលដល់រាជធានីភ្នំពេញនៅឆ្នាំ១៩៧៩ រាជធានីភ្នំពេញ សម្ដេចបានជួបមនុស្សតែ៧០នាក់ប៉ុណ្ណោះ ហើយក៏មិនមែន៧០០នាក់ ឬ៧០០០នាក់ ឬ៧ម៉ឺននាក់នោះទេ ដូច្នេះសូមបរទេសកុំភ័ន្ដច្រឡំ។
សម្ដេចនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ដោយផ្ដាំទៅបរទេសថា សូមត្រូវមើលព្រៃទាំងមូល មិនត្រូវមើលព្រៃឈើតែមួយដើមនោះទេ ពោលកុំមើលមកកម្ពុជា តឹ្រមតែមួយជ្រុងតូច ហើយសុំវាយតម្លៃតាមក្រោយ ព្រោះនៅពេលប្រទេសកម្ពុជា មានសង្គ្រាមពលរដ្ឋស្លាប់យ៉ាងរង្គាល តើអ្នកការពារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សស្ថិតនៅឯណា?។
បើតាមសម្ដេចតេជោ ហ៊ុន សែន បើគ្មានសន្ដិភាពនោះទេ កុំនិយាយដល់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សឲ្យសោះ ហើយកម្ពុជាសព្វថ្ងៃនេះ កំពុងយកចិត្តទុកដាក់ទាំងសុខសន្តិភាព ការអភិវឌ្ឍ និងលទ្ធិប្រជាធិបតេយ្យ តាមរយៈការប្រព្រឹត្តយ៉ាងទៀងទាត់តាមរយៈការបោះឆ្នោត។
បន្ថែមពីនេះ សម្ដេចក៏មិនភ្លេចរំលឹកថា បើមិនមានសុខសន្តិភាពទេ នឹងគ្មានភាពសុខដុមនីយកម្មដូចពេលបច្ចុប្បន្ននោះឡើយ ព្រោះភាពសុខដុម និងការអភិវឌ្ឍន៍ ចាប់ផ្ទៃតែក្នុងប្រទេសមានសុខសន្តិភាពប៉ុណ្ណោះ មិនចាប់ផ្ទៃនៅក្នុងសង្គ្រាមនោះទេ៕