(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា លេខរៀងទី២០ សម្រាប់គណបក្សប្រជាជនកម្ពុជា គឺគាប់ជួនខ្លាំងណាស់ ព្រោះតែឆ្នាំនេះជាខួបលើកទី២០ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជា ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកដំបូងរយៈពេល៥០០ឆ្នាំ។
ការថ្លែងយ៉ាងដូច្នេះរបស់សម្តេចនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងពិធីពិសាអាហារស្រាយបួសជាមួយប្រជាពលរដ្ឋខ្មែរឥស្លាមប្រមាណ ៤,៧៥០នាក់ មកពីទូទាំងប្រទេស នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការចាប់បានលេខរៀងទី២០ សម្រាប់គណបក្សប្រជាជនកម្ពុជានេះ គឺការគាប់ជួនខ្លាំងណាស់ ព្រោះតែឆ្នាំនេះជាខួបលើកទី២០ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជា ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកដំបូងក្នុងរយៈពេល ៥០០ឆ្នាំ ដែលកម្ពុជាមានការបែកបាក់ និងមានតំបន់ត្រួតត្រាច្រើន ប៉ុន្តែចាប់តាំងពីឆ្នាំ១៩៩៨ កម្ពុជាបានរួបរួមជាធ្លុងតែមួយ ប្រទេសតែមួយ មានព្រះមហាក្សត្រតែមួយ រាជរដ្ឋាភិបាលតែមួយ និងកងកម្លាំងប្រដាប់អាវុធតែមួយ។
សម្ដេចតេជោថ្លែងយ៉ាងដូច្នេះថា «ក្នុងចំណោមគណបក្ស២០ គណបក្សប្រជាជនកម្ពុជា គឺចាប់បានលេខទី២០តែម្ដង វាហាក់ដូចជា ការគាប់ជួនខ្លាំងណាស់ នៅត្រង់ថា ឆ្នាំនេះគឺជាខួបលើកទី២០ នៃការបញ្ចប់សង្គ្រាមនៅប្រទេសកម្ពុជា ដែលជាព្រឹត្តិការប្រវត្តិសាស្ត្រលើកដំបូងក្នុងរយៈកាល ៥០០ឆ្នាំ ដែលកម្ពុជាចេញពីភាពបែកបាក់ ជាប្រទេសមួយដែលមានតំបន់ត្រួតត្រាច្រើន មានកម្លាំងប្រដាប់អាវុធច្រើន ដែលចាប់ពីឆ្នាំ១៩៩៨ ជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ដែលព្រះរាជាណាចក្រកម្ពុជា បានលេចចេញជារូបរាង ជាប្រទេសមួយមានតំបន់ត្រួតត្រាតែមួយ រដ្ឋធម្មនុញ្ញតែមួយ ព្រះមហាក្សត្រតែមួយ រាជរដ្ឋាភិបាល និងកម្លាំងប្រដាប់អាវុធតែមួយ ដូច្នេះលេខទី២០នេះ មិនមែនជាការចៃដន្យទេ...។ សូម្បីតែព្រះពុទ្ធ ព្រះអាឡោះ ឬព្រះយេស៊ូ ក៏ហាក់ដូចជាប្រុងប្រៀបរៀបចំសម្រាប់ការចងចាំ ការគិត ការគូសទៅលើសន្លឹកឆ្នោត ដែលមានលេខទី២០»។
សម្តេចតេជោ ហ៊ុន សែន បានបន្តថ្លែងថា ប្រវត្តិនៃជម្លោះរបស់កម្ពុជាពីអតីតកាល បានទុកជាមេរៀនដ៏ឈឺចាប់សម្រាប់កម្ពុជា ហើយជម្លោះជាតិសាសន៍ និងសាសនានៅប្រទេសនានា ក៏ជាពិសោធន៍ដ៏ល្អសម្រាប់កម្ពុជា ក្នុងការរួបរួមគ្នារក្សាឲ្យបាននូវសុខសន្តិភាពនៅកម្ពុជា។
សូមជម្រាបថា នាព្រឹកមិញនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានរៀបចំដំណើរការចាប់ឆ្នោតកំណត់លំដាប់លេខរៀងគណបក្សនយោបាយនៅលើសន្លឹកឆ្នោត សម្រាប់ការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបានលេខរៀងទី២០ ពោលគឺលេខរៀងចុងក្រោយគេបង្អស់ ក្នុងចំណោមគណបក្សនយោបាយទាំង២០ ដែលចុះឈ្មោះចូលរួមប្ហរកួតប្រជែងការបោះឆ្នោត។
បន្ទាប់ពីទទួលបានលេខរៀងដ៏ពេញចិត្តនេះហើយ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការចាប់បានលំដាប់លេខរៀងទី២០ របស់គណបក្សប្រជាជនកម្ពុជា នៅលើសន្លឹកឆ្នោតនោះ ជាលេខរៀងល្អ ងាយស្រួលចំណាំសម្រាប់ពលរដ្ឋទូទាំងប្រទេស ក្នុងការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា៕