(កំពង់ធំ)៖ លោក ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានលើកឡើងថា ការបម្រើសេវាសាធារណៈ ទាំងសេវាចាំបាច់ និងសេវាតម្រូវការ ដោយស្មើភាពគ្នា គឺជាតួនាទី និងភារកិច្ចរបស់មន្ត្រីរាជការគ្រប់រូប។
លោកបានថ្លែងយ៉ាងដូច្នេះនៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ក្នុងពិធីប្រកាសតែងតាំង លោកស្រី លំ គន្ធារី ជាអភិបាលរងខេត្តកំពង់ធំ ជំនួសលោកស្រី ឃួន ឃុនឌី ដែលត្រូវបានផ្លាស់ប្តូរភារកិច្ចទៅបំពេញការងារ ដោយជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភា ហើយក្នុងពិធីនោះដែរ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត មន្រ្តីរាជការ ព្រមទាំងលោកមេឃុំទាំង៨១ឃុំ សង្កាត់ ផងដែរ។
លោក ងី ច័ន្ទ្រផល បានថ្លែងបន្តថា ការបម្រើសេវាសាធារណៈ គឺជាតួនាទី និងភារកិច្ចរបស់មន្ត្រីរាជកាគ្រប់រូប ដែលធ្វើការបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ដោយមិនមានការរើសអើង ប្រកាន់និន្នាការនយោបាយឡើយ ជាពិសេសពាក់ព័ន្ធទៅនឹងការបំពេញនូវលិខិតស្នាមផ្សេងៗ ដែលជាសេវាតម្រូវការប្រចាំថ្ងៃ គឺត្រូវធ្វើយ៉ាងណាឲ្យបានឆាប់រហ័ស ប្រកបដោយតម្លាភាព និងទន់ភ្លន់ ដែលសមស្របតាមពាក្យមួយឃ្លាលើកឡើងថា «មន្ត្រីរាជការ គឺជាអ្នកបម្រើប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយរាស្ត្រទេ»។
លោកបន្តថា ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវយកបញ្ហាដែលជាទិភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីដាក់បញ្ជូលក្នុងផែនការអភិវឌ្ឍ៣ឆ្នាំរំកិលរបស់រដ្ឋបាលឃុំ សង្កាត់ ដែលក្នុងនោះរដ្ឋបាលខេត្ត ក្រុង ស្រុក ត្រូវជួយគាំទ្រ គម្រោងផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ និងប្រកបដោយតម្លាភាព។
ជាមួយគ្នានោះដែរ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានលើកឡើងដែរថា ស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល អនុសាសន៍ដ៏មានតម្លៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដាក់ចេញនូវអនុសាសន៍ដល់គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបន្តបង្កើនចំនួនស្ត្រីជាមន្ត្រីរាជការបន្ថែមទៀត និងការតែងតាំងមុខតំណែងឱ្យមានជាស្ត្រីនៅគ្រប់រចនាសម្ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងជួយឧបត្ថម្ភគាំទ្រទាំងស្មារតី មធ្យោបាយ ថវិកា និងផ្តល់ឱកាសឱ្យមានសម្លេងស្ត្រីចូលរួមយោបល់ក្នុងការសម្រេចតែងតាំងផងដែរ។
ក្នុងឱកាសនេះដែរ លោកស្រី លំ គន្ធារី បានធ្វើការប្តេជ្ញាចិត្ត និងខិតខំអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ច្បាប់លិខិតបទដ្ឋានគតិយុត្តិ និងទិសដៅ មតិណែនាំរបស់ក្រសួង ក៏ដូចជាទិសដៅរបស់ក្រសួងនានាដែលពាក់ព័ន្ធ បន្តនិរន្តភាពការងារក្នុងមន្ទីរ លើសេវាសាធារណៈ ដោយពង្រឹងគុណភាព បច្ចេកទេស គោរពពេលវេលា ព្រមទាំងរក្សាសាមគ្គីភាពផ្ទៃក្នុង និងអង្គភាពពាក់ព័ន្ធទាំងអស់ ដើម្បីជាកំលាំងសម្រាប់ពង្រឹងគុណភាព និងប្រសិទ្ធភាពការងារផងដែរ៕