(ភ្នំពេញ)៖ ស្ដែងចេញពីកម្លាំងឆន្ទៈមិនរុញរា លោកគ្រូអ្នកគ្រូទូទាំងបារាយណ៍ ខេត្តកំពង់ធំ បានបញ្ជាក់ការពីប្ដេជ្ញាចិត្តថា នឹងទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឲ្យបានគ្រប់ៗគ្នា ដើម្បីបន្តរក្សាសុខសន្តិភាពឲ្យបានយូរអង្វែង និងការអភិវឌ្ឍរីកចម្រើនទៅមុខ ជាមួយនឹងការត្រៀមអត្តសញ្ញាណបណ្ណ និងឯកសារបម្រើឲ្យការបោះឆ្នោតរួចជាស្រេច។
ក្នុងកិច្ចសម្ភាសជាមួយភ្នាក់ងារព័ត៌មាន Fresh News អ្នកគ្រូ ឃី ឈីម ដែលជាគ្រូបង្រៀនវ័យក្មេងនៅសាលាបឋមសិក្សាត្រពាំងស្វាយ បានឲ្យដឹងដែរថា ការបោះឆ្នោតមានសារសំខាន់ណាស់ ពីអនាគតប្រទេសជាតិ សន្ដិភាព ការអភិវឌ្ឍប្រទេសជាតិ និងសេចក្ដីត្រូវរបស់ប្រជាពលរដ្ឋ គឺស្ថិតលើសន្លឹកឆ្នោតរបស់ពលរដ្ឋនេះហើយ ដូច្នេះរូបអ្នកគ្រូផ្ទាល់ ក៏ដូចជាក្រុមគ្រួសារអ្នកគ្រូ បានត្រៀមខ្លួន និងអត្តសញ្ញាណបណ្ណរួចជាស្រេច ក្នុងការទៅចូលរួមបោះឆ្នោត នាពេលខាងមុខ។
ជាមួយនឹងអារម្មណ៍រំភើបពោរពេញដោយភាពរួសរាយរាក់ទាក់ លោកគ្រូ ហួន កុយ ជាគ្រូបង្រៀននៅអនុវិទ្យាល័យគគីរធំ នៃស្រុកបារាយណ៍ បានសម្ដែងនូវការតាំងចិត្តយ៉ាងមុតមាំក្នុងការត្រៀមខ្លួនទៅបោះឆ្នោតខាងមុខ និងបានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរដទៃទៀត ដែលគ្រប់អាយុបោះឆ្នោត សូមទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ទាំងអស់គ្នា ដើម្បីជ្រើសរើសមេដឹកនាំដែលខ្លួនពេញចិត្ត ពិសេសដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋ។
ចំណែកលោកគ្រូ ប៉េង ស្រ៊ាង ជាគ្រូបង្រៀននៅសាលាបាក់ស្នា បានឲ្យដឹងថា ក្នុងនាមជាប្រជាពលរដ្ឋខ្មែរមួយរូប លោកត្រូវទៅចូលរួមបោះឆ្នោតឲ្យបាន ដើម្បីជ្រើសរើសមេដឹកនាំមួយរូបដែលលោកគ្រូពេញចិត្ត។
លោកគ្រូ ប៉េង ស្រ៊ាង បានបញ្ជាក់ថា មេដឹកនាំដែលលោកគ្រូពេញចិត្ត គឺអ្នកដែលនាំមកនូវសន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រទេស និងផ្ដល់ឱកាសការងារដល់ក្រុមគ្រួសារលោកគ្រូ ជំរុញឲ្យជីវភាពគ្រួសារលោកគ្រូ និងប្រជាពលរដ្ឋខ្មែរទូទៅមានការរីកចម្រើនទៅមុខ។
លោកគ្រូអ្នកគ្រូខាងលើ បានបញ្ជាក់ពីឆន្ទៈយ៉ាងមោះមុតក្នុងការទៅចូលរួមឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះហើយ ចុះអ្នកវិញ?
សូមទស្សនាវីដេអូខ្លីដែលបង្ហាញពីឆន្ទៈក្នុងការទៅចូលរួមបោះឆ្នោតរបស់លោកគ្រូអ្នកគ្រូ នៅមូលដ្ឋានស្រុកបារាយណ៍ ខេត្តកំពង់ធំ៖