(ភ្នំពេញ)៖ ក្រុមហ៊ុន សាន់ អេន មូន ចំណាយទុនប្រមាណ១០លានដុល្លារ ដើម្បីចាប់ផ្តើមគម្រោងសាងសង់សណ្ឋាគារលំដាប់ផ្កាយ៤ថ្មីមួយ ដែលមានទីតាំងនៅក្បែរស្ពានអាកាសក្បាលថ្នល់ ក្នុងរាជធានីភ្នំពេញ និងបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០២១ខាងមុខនេះ។
ក្រុមហ៊ុន សាន់ អេន មូន បានចាប់ផ្តើមធ្វើពីធីក្រុងពាលី ដើម្បីបុកគ្រឹះសាងសង់សណ្ឋាគារលំដាប់ផ្កាយ៤ថ្មីមួយ នៅលើផ្ទៃដីសរុបជាង ១៧,០០០ម៉ែត្រការ៉េ ដែលគម្រោងថ្មីនេះស្ថិតនៅជិតនឹងមាត់ទន្លេ តាមបណ្តោយមហាវិថីព្រះនរោត្តម ជាប់ស្ពានអាកាសព្រះមុនីវង្ស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
លោកឧកញ៉ាបណ្ឌិត ជា រតនា ជាប្រធានក្រុមហ៊ុន សាន់ អេន មូន បានបញ្ជាក់ថា ដោយសារតែបច្ចុប្បន្ននេះ កំណើននៃការវិនិយោគ និងចំនួនភ្ញៀវទេសចរដែលមកកាន់កម្ពុជា គឺមានកើនឡើងជាលំដាប់ ដូចនេះតម្រូវការ សណ្ឋាគារ ប្រណិតៗ ក៏ជាកត្តាសំខាន់។ ដោយមើលឃើញបែបនេះហើយ ទើបលោកសម្រេចបោះទុនជាង ១០លានដុល្លារអាមេរិក ដើម្បីសាងសង់សណ្ឋាគារ សាន់ អេន មូន ទី២នេះឡើង ។
លោកក៏បានបញ្ជាក់ដែរថា កន្លងមកប្រជាជនកម្ពុជា ក៏ដូចជាអ្នកវិយោគ តែងតែមានការបារម្ភ មិនហ៊ានវិនិយោគ លើវិស័យអចលនទ្រព្យ ដូចជាការសាងសង់ខុនដូរ ផ្ទះល្វែង ឬសណ្ឋាគារនោះទេ ឲ្យតែកម្ពុជា ជិតដល់ការបោះឆ្នោត ព្រោះខ្លាចម្ពុជាមិនមានស្ថេរភាពនយោយ ធ្វើឲ្យពួកគេខាតបង់ ។ ប៉ុន្តែផ្ទុយទៅវិញសម្រាប់អាណត្តិនេះ លោក ក៏ដូចជាអ្នកវិនិយោគទាំងក្នុង និងក្រៅស្រុកមិនមានការបារម្ភនោះទេ បើទោះបីជាជិតដល់ពេលបោះឆ្នោតក្តី ព្រោះលោកជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ទាំងសេដ្ឋកិច្ច និងនយោបាយ គឺកម្ពុជាកំពុងតែដើរលើផ្លូវដ៏ត្រឹមត្រូវ ខុសពីអ្វីដែលបុគ្គលមួយចំនួនបានបំពុលកន្លងមក ។
សូមបញ្ជាក់ថា គម្រោងសណ្ឋាគារ សាន់ អេន មូន ដែលមានកម្ពស់ជិត២០ជាន់នេះ មាន១២៦បន្ទប់ រួមទាំងមានសាលសន្និសីទ និងបន្ទប់ប្រជុំដែលមានទំហំជាង ២ពាន់ម៉ែត្រការ៉េ ដែលមានកន្លែងអង្គុយសម្រាប់ភ្ញៀវជាង ៤៨០នាក់ផងដែរ ៕