Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឯកអគ្គរដ្ឋទូតហ្វីលីពីន សន្យាខិតខំអស់លទ្ធភាព ធ្វើយ៉ាងណាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ពិសេសលើវិស័យកសិកម្ម

29-05-2018 18:07

(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨នេះ បានអនុញ្ញាតឲ្យលោក Christopher B. Monter ឯកអគ្គរដ្ឋទូតហ្វីលីពីន ប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារទាក់ទង ទៅនឹងការពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យកសិកម្មរវាងប្រទេសទាំងពីរ និងការត្រៀមរៀបចំកិច្ចប្រជុំ ក្រុមការងារបច្ចេបទេស រវាងភាគីទាំងពីរ ដែលនឹងរៀបចំធ្វើនៅថ្ងៃទី០៥-០៦ ខែមិថុនា ឆ្នាំ២០១៨ នៅខេត្តសៀមរាប។

លោករដ្ឋមន្រ្តី វេង សាខុន បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរដ្ឋាភិបាលហ្វីលីពីន ដែលកន្លងមកបានជួយគាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្ម ដែលប្រទេសទាំងពីរ បានចុះអនុស្សរណៈយោគយល់គ្នា កាលពីឆ្នាំ២០១៥ តាមរយៈខ្លឹមសារនៃអនុស្សរណៈនេះ បានធ្វើឲ្យសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ កាន់តែល្អប្រសើរឡើង។

លោកឯកអគ្គរដ្ឋទូត បានកោតសរសើរពីការរីកចម្រើនរបស់ប្រទេសកម្ពុជា ដែលក្នុងនោះវិស័យកសិកម្ម បានចូលរួមចំណែកក្នុងការជំរុញ កំណើនសេដ្ឋកិច្ចជាតិ។

លោកឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ពិសេសលើវិស័យកសិកម្ម ដោយទទួលបានកិច្ចសហការពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានយ៉ាងល្អប្រសើរ។

លោកឯកអគ្គរដ្ឋទូត ក្នុងឱកាសបំពេញបេសកកម្មការទូតនៅកម្ពុជា លោកនឹងខិតខំអស់លទ្ធភាព ធ្វើយ៉ាងណាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនេះ ឲ្យបាន់តែល្អប្រសើរថែមទៀត។ លោកបញ្ជាក់ទៀតថា ថ្មីៗនេះមានក្រុមហ៊ុនកែច្នៃផ្លែស្វាយដ៏ធំមួយ របស់ហ្វីលីពីន បានរៀបចំគម្រោងវិនិយោគសាងសង់ រោងចក្រកែច្នៃផលិតផលនេះ ទៅតាមស្តង់ដារគុណភាព និងសុវត្ថិភាពនៅកម្ពុជា ដើម្បីធ្វើការនាំចេញ។

ក្នុងជំនួបនោះ ភាគីទាំងពីរបានឯកភាពគ្នា លើចំណុចសំខាន់ៗមួយចំនួនដូចជា៖ ១៖ការផ្លាស់ប្តូរបទពិសោធន៍ របស់មន្រ្តីជំនាញតាមរយៈការធ្វើទស្សនកិច្ច ការរៀបចំសិក្ខាសាលា កិច្ចប្រជុំនិងការបណ្តុះបណ្តាល ទី២៖សិក្សាពី លទ្ធភាពនៃការបង្កើនការធ្វើពាណិជ្ជកម្ម លើវិស័យកសិកម្មឲ្យកាន់តែល្អប្រសើរ ទី៣៖ពិនិត្យពិចារណាផ្តល់អាហារូបករណ៍ ថ្នាក់អនុបណ្ឌិតដល់មន្រ្តីជំនាញកសិកម្ម លើមុខវិជ្ជាក្សេត្រសាស្រ្ត វិទ្យាសាស្រ្តដី និងវិទ្យាសាស្រ្តជលផល៕