(បន្ទាយមានជ័យ)៖ លោក សេរី កុសល ទេសរដ្ឋមន្ត្រី អនុប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ នៅខេត្ដបន្ទាយមានជ័យ ទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។
ការអំពាវនាវយ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែលលោក សេរី កុសល អញ្ជើញចូលរួមបើកវេទិកាសាធារណៈ ជាមួយបងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងភូមិគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ និង ប្រជាពលរដ្ឋ រស់នៅភូមិស្វាយសរ ឃុំពន្លៃ ស្រុកភូមិស្រុក ចំនួន៤៩០នាក់ នារសៀលថ្ងៃទី២៨ ខែឧសភាម្សិលមិញ។
ក្នុងពិធីនោះ លោកបានរៀបរាប់អំពីប្រវត្តិអតីតកាលនៃប្រទេសជាតិ ជាបន្តបន្ទាប់ ឈានដល់ការបញ្ចប់សង្គ្រាម ដោយនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន និងបានពន្យល់ស្ថានភាពនយោបាយ នៅពេលបច្ចុប្បន្នផងដែរ ជូនបងប្អូនប្រជាពលរដ្ឋ។
លោកទេសរដ្ឋមន្ត្រីបានលើកឡើងថា ការទៅចូលរួមបោះពេលវេលា៥ឆ្នាំម្ដង វាមានសារៈសំខាន់ណាស់ សម្រាប់បងប្អូនប្រជាពលរដ្ឋ ដើម្បីជ្រើសអ្នកដឹកនាំដែលខ្លួនពេញចិត្ត។
ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានពន្យល់ប្រជាពលរដ្ឋ ពីអំពើគំនិតអាក្រក់របស់អតីតគណបក្សសង្គ្រោះជាតិ បើទោះបីជាការបោះឆ្នោត មានអ្នកសង្កេតការណ៍បក្ស ហើយមានអ្នកសង្កេតការណ៍អន្ដរជាតិថាត្រឹមត្រូវ ក៏ពួកអតីតបក្សសង្គ្រោះជាតិ នៅតែធ្វើបាតុកម្មដដែល។
លោកបានរៀបរាប់អំពីប្រវត្តិនៃការរំលាយគណបក្សសង្គ្រោះជាតិ ទៅដល់បងប្អូនប្រជាពលរដ្ឋ ដោយលោកបានប្រាប់ថា អតីតគណបក្សសង្គ្រោះជាតិរលាយ គឺដោយសារតែ លោក សម រង្ស៊ី ជាដើមចម នៃការរំលាយគណបក្សរបស់ខ្លួនឯង។
លោក សេរី កុសល បានលើកឡើងថា គណបក្សប្រជាជន ក្នុងនាមជាគណបក្សកាន់អំណាច ត្រូវតែអនុវត្ដច្បាប់ បើមិនអនុវត្ដច្បាប់ទេ គឺពួក សម រង្ស៊ី នឹងឌឺដងឲ្យថា មានភស្ដុតាងប៉ុណ្ណោះហើយ នៅមិនអនុវត្ដច្បាប់ ជាពិសេសទាក់ទងទៅនឹងអ្វី ដែលលោក កឹម សុខា និយាយប្រចាំនៅអូស្ដ្រាលីនោះ។
លោកទេសរដ្ឋមន្ត្រី សេរី កុសល បន្តថា វិដេអូដែលជាភស្តុតាងសំខាន់ លោក កឹម សុខា និយាយនៅអូស្ត្រាលីនោះ គឺត្រូវបានបង្ហាញដោយពួក សម រង្ស៊ី ប្រចាំនៅអូស្ដ្រាលី ដូច្នេះគឺជាការឈ្លោះទាស់ទែងគ្នា ផ្ទៃក្នុងរវាងពួក សម រង្ស៊ី និងពួក កឹម សុខា នាំឲ្យរលាយបក្ស។
លោកទេសរដ្ឋមន្ត្រីបន្តថា អតីតគណបក្សសង្គ្រោះជាតិ មិនអាចរស់ឡើងវិញបាននោះទេ ហើយ សម រង្ស៊ី បានអំពាវនាវឲ្យបងប្អូន ប្រជាពលរដ្ឋធ្វើបាតុកម្ម ឲ្យកងកម្លាំងប្រដាក់អាវុធបែរកាណុងរករដ្ឋាភិបាល គឺជាខុសច្បាប់ ដែលនាំឲ្យប្រទេសជាតិ ចលាចល ដើម្បីបម្រើតែមហិច្ឆិតារបស់ខ្លួនតែប៉ុណ្ណោះ មិនបានគិតពីផលប្រយោជន៍ជាតិនោះទេ ហើយអ្វីដែល សម រង្ស៊ី ធ្វើ គឺដើម្បីសងសឹកជូនឪពុករបស់ខ្លួន ដែលជាជនក្បត់ជាតិប៉ុណ្ណោះ។
លោកបានលើកឡើងថា ចំពោះការអំពាវនាវរបស់លោក សម រង្ស៊ី ដែលមិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត គឺជាមធ្យោបាយចុងក្រោយ បន្ទាប់ពីអស់មធ្យោបាយផ្សេងទៀត ដែលនេះ គឺជាអំពើខុសច្បាប់នៃការបោះឆ្នោត គឺត្រូវមានទោស។
លោក សេរី កុសល ក៏បានប្រៀបធៀបការធ្វើនយោបាយ និងការបោះឆ្នោត ដូចនឹងរដូវធ្វើស្រែចំការ ដោយលោកបានជម្រាបជូនអ្នកស្រុកថា «រដូវធ្វើស្រែ កុំដឹកឆ្កែដើរលេង»។ ធ្វើស្រែដូចធ្វើនយោបាយ ត្រូវរើសពូជឲ្យបានល្អ ដើម្បីលក់ទៅឲ្យបានថ្លៃ។ ធ្វើនយោបាយក៏ដូចគ្នា ត្រូវជ្រើសរើសអ្នកស្នេហាជាតិ ពិតប្រាកដ ទើបជាតិអភិវឌ្ឍន៍រុងរឿង។
លោកថា កម្ពុជាបើទោះបីជាមិនទាន់គ្រប់គ្រាន់ ហូរហៀរដូចប្រទេសផ្សេងៗ ប៉ុន្តែកម្ពុជាកំពុងឆ្ពោះទៅកាន់ ការអភិវឌ្ឍន៍លើគ្រប់វិស័យ ដោយមានផ្លូវស្ពានថ្នល់ខ្វាត់ខ្វែង ដូច្នេះហើយការអញ្ជើញទៅបោះឆ្នោត គឺជាកាព្វកិច្ចរបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី សេរី កុសល បានថ្លែងអរគុណបងប្អូនប្រជាពលរដ្ឋ ដែលមានជំនឿជឿជាក់ គាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា និងបន្តអំពាវនាវដល់ប្រជាពលរដ្ឋ បន្តគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០៕