(ព្រះសីហនុ)៖ កូនប្រុសចិត្តតិរិច្ឆានវ័យទើបតែ១៧ឆ្នាំ មិនបានសងគុណអ្វីទៅលោកឪពុក ហើយថែមទាំងហ៊ានលើកដៃចាប់សម្លាប់ឪពុកបង្កើតរបស់ខ្លួនថែមទៀត នៅឯខេត្តសៀមរាប ប៉ុន្ដែអំពើឃោរឃៅនេះរំលងបានត្រឹមតែ៥ថ្ងៃប៉ុណ្ណោះ ក៏ត្រូវកម្លាំងនគរបាលខេត្តព្រះសីហនុចាប់ខ្លួនបាន នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨នេះ។
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងថា ការចាប់ខ្លួនជនសង្ស័យរូបនេះ ត្រូវបានធ្វើឡើង តាមដីកាបញ្ជាឲ្យចូលខ្លួន ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ របស់លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប ពីបទឃាតកម្ម ចាក់សម្លាប់ឪពុកបង្កើតឈ្មោះ សុខ ប៉ក់ អាយុ៤៩ឆ្នាំ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ នៅភូមិចាន់ហៀរ ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។
បើតាមលោកឧត្តមសេនីយ៍ស្នងការ ជនសង្ស័យឈ្មោះ ប៉ក់ ផាន់ ហៅរើន អាយុ១៧ឆ្នាំ មុខរបរកម្មករសំណង់ ទីលំនៅមុនពេលឃាត់ខ្លួន នៅភូមិបឹងមាលា ឃុំមាលា ស្រុកស្វាយលើ ខេត្តសៀមរាប ហើយត្រូវចាប់ខ្លួនបាននៅចំណុចការដ្ឋានសំណង់ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។
បច្ចុប្បន្នជនសង្ស័យកម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីប្រគល់ជូនសមត្ថកិច្ចផែននគរបាលព្រហ្មទណ្ឌខេត្តសៀមរាប យកទៅចាត់ការបន្ដតាមច្បាប់៕