(ភ្នំពេញ)៖ ប្រជាពលរដ្ឋខ្មែរឥស្លាម ដែលក្រីក្រជាច្រើនគ្រួសារ រស់នៅភូមិចុងកោះ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ទទួលបានជំនួយសប្បុរសធម៌ ក្នុងខែរ៉ាម៉ាឌន ពីអង្គការសម្ព័ន្ធនារីឥស្លាមកម្ពុជា សហការជាមួយអង្គការ Angkasa malaysia នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨។ សកម្មភាពមនុស្សធម៌នេះ គឺមានការចែកក្រម៉ាស្ត្រី ឬ ហៅថា ទទុង និងចែកនំដល់ក្មេងៗ ក្នុងភូមិផងដែរ។
លោកស្រី ទៀត រ៉ទស ប្រធានសម្ព័ន្ធនារីឥស្លាមកម្ពុជា ហៅកាត់ថា Camwa បានលើកឡើងថា ដោយសារកម្ពុជា មានសុខសន្តិភាព ហើយមានការបើកឱកាសទូលាយពីរាជរដ្ឋាភិបាលកម្ពុជា ទើបក្រុមការងារ បានមានឱកាសស្នើសុំជំនួយ ពីមិត្តម៉ាឡេស៊ី ដើម្បីជួយមកដល់ពលរដ្ឋខ្មែរឥស្លាម ដែលមានជីវភាពក្រីក្រ។
លោកស្រីថា ជំនួយនេះ ថ្វីត្បិតតិចតួចស្ដួចស្ដើងក្ដី ប៉ុន្តែនេះជាទឹកចិត្តរបស់អ្នកឥស្លាម ជួយអ្នកឥស្លាមដូចគ្នា ជាពិសេសខែរ៉ាម៉ាឌន ដែលជាខែពោរពេញទៅដោយសប្បុរសធម៌ទូទាំងពិភពលោក។
លោក Abdul fattah ប្រធានអង្គការ Angkasa malaysia បានថ្លែងថា ការចុះជួយនេះ ក៏បានដោយសារតែរដ្ឋាភិបាលកម្ពុជាបើកសិទ្ធិ ហើយផ្ដល់នូវភាពងាយស្រួលមិនមានការលំបាកឡើយ។ លោកបន្តថា នេះជាលើកទី៣ហើយ ដែលអង្គការបានជួយ ពោលគឺលើកទី១៖ ជួយដល់សហគមខ្មែរឥស្លាមនៅជ្រោយចង្វា លើកទី២៖ ជួយនៅស្រុកកោះធំ ហើយលើកទី៣៖ មកជ្រោយចង្វាម្ដងទៀត គ្រាន់តែខុសភូមិគ្នាតែប៉ុណ្ណោះ។
លោកបានឲ្យដឹងបន្តថា គម្រោងជួយ នឹងនៅតែបន្ត ហើយការជួយបន្តទៀតនោះ អាចនឹងផ្ដល់ជាមុខរបរណាមួយដល់ពលរដ្ឋ បានន័យថា នឹងផ្គត់ផ្គង់នូវជំនាញមុខរបរណាមួយ ដល់ពលរដ្ឋក្រីក្រ ដើម្បីពួកគាត់អាចប្រកបរបរចិញ្ចឹមជីវិត បានងាយស្រួល។
គួរបញ្ជាក់ថា អង្គការសម្ព័ន្ធនារីឥស្លាមកម្ពុជា ហៅកាត់ថា Camwa បានចុះជួយដល់សហគមន៍ខ្មែរឥស្លាម ច្រើនតំបន់ណាស់ ហើយលើកនេះ Camwa បានចុះជួយសហគមន៍ដោយមិនគិតពីការនឿយហត់ ខណៈពេលកំពុងចំខែបួសរ៉ាម៉ាឌន នោះឡើយ៕