(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍បណ្ឌិត ជា តារា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទទួលបន្ទុកជាសាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ នៃក្រសួងការពារជាតិ បានអនុញ្ញាតឲ្យប្រតិភូនិស្សិតនាយទាហានចម្រុះជាតិសាសន៍ មកពីមហាវិទ្យាល័យការពារជាតិឥណ្ឌា ចំនួន១៩រូប ចូលជួបសម្ដែងការគួរសម ក្នុងឱកាសមកបំពេញទស្សនកិច្ចសិក្សានៅប្រទេសកម្ពុជា។
ក្នុងជំនួបនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ ប្រតិភូមហាវិទ្យាល័យការពារជាតិឥណ្ឌាទាំង១៩រូប ដឹកនាំដោយលោក ហាលីម អាន់វរ (Haleem Anwar) លេខាធិការចម្រុះ នៃមហាវិទ្យាល័យការពារជាតិឥណ្ឌា។
នាយឧត្តមសេនីយ៍ ជា តារា បានលើកឡើងថា កម្ពុជា និងឥណ្ឌា មានវប្បធ៌ អរិយធម៌ប្រហាក់ប្រហែលគ្នាហើយប្រទេសទាំងពីរក៏មានទំនាក់ទំនងល្អ ជាយូរលង់ណាស់មកហើយ។ ក្រោយថ្ងៃរំដោះ៧មករា ឥណ្ឌាបានគាំទ្រដល់កម្ពុជា រហូតចូលរួមបញ្ជូនកងកម្លាំងរក្សាសន្តិភាព (UNTAC) ជួយដល់ដំណើរការបោះឆ្នោត ឆ្នាំ១៩៩៣។
នាយឧត្តមសេនីយ៍បន្ដថា ពិតមែនតែពេលនោះសង្គ្រាមផ្ទៃក្នុងនៅបន្តរហូតឆ្នាំ១៩៩៨ អាស្រ័យដោយនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានបញ្ចប់ទាំងស្រុងនូវ សង្គ្រាមរ៉ាំរ៉ៃជាងបីទសវត្សរ៍ នាំមកនូវសុខសន្តិភាពពេញលេញ បង្កជាមូលដ្ឋានគ្រឹះដល់ការអភិវឌ្ឍន៍ប្រទេសជាតិ លើគ្រប់វិស័យដល់ថ្ងៃនេះ។ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ បានរីកចម្រើនធំធាត់ ជាពិសេសតាមរយៈទស្សនកិច្ចនាពេលថ្មីៗនេះរបស់ សម្ដេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសឥណ្ឌា។
នាយឧត្តមសេនីយ៍ ជា តារា ក៏បានជំរាបជូនប្រតិភូអំពីសភាពការណ៍ថ្មីនៅកម្ពុជា ក្រោយពេលគណបក្សមួយក្បត់ជាតិ ត្រូវបានរំលាយចោលដោយច្បាប់ទៅហើយក្តី មេបក្សប្រឆាំងតែងតែរកលេសវាយប្រហារមកលើរាជរដ្ឋាភិបាល បង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ។
ជាមួយគ្នានេះ លោក ហាលីម អាន់វរ (Haleem Anwar) ប្រធានប្រតិភូចម្រុះជាតិសាសន៍ នៃមហាវិទ្យាល័យការពារជាតិឥណ្ឌា បានថ្លែងកោតសរសើរប្រទេសកម្ពុជា ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលថែរក្សាបាននូវសុខសន្តិភាពជូនជាតិ និងប្រជាជនកម្ពុជា ទាំងកំណើនសេដ្ឋកិច្ច និងទំនាក់ទំនងការទូតជាដើម។
ជាក់ស្តែងកម្ពុជា ពីអ្នកដែលបានទទួលនូវកងកម្លាំងរក្សាសន្តិភាព អង្គការសហប្រជាជាតិ (UNTAC) ទៅជាអ្នកបញ្ជូនកងកម្លាំងរក្សាសន្តិភាព ក្រៅប្រទេសក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ កម្ពុជាពីប្រទេសដែលទទួលរងគ្រោះ ដោយសារមីនក្លាយជាប្រទេសដែលឈាន មុខគេក្នុងពិភពលោក ក្នុងយុទ្ធនាការប្រឆាំងមីន និងប្រែក្លាយការផ្ដោតតែទៅលើបញ្ហាសន្តិសុខក្នុងប្រទេស ទៅជានយោបាយការទូតការពារជាតិ ដែលមានលក្ខណៈបើកចំហ ទៅខាងក្រៅ គឺស្ថិតក្នុងបរិបទអាស៊ាន តំបន់អាស៊ី និងលើពិភពលោក។
លោក ហាលីម អាន់វរ បានបន្ថែមថា ពិតមែនតែមានឯកសណ្ឋានខុសៗគ្នា តែកាតព្វកិច្ចរបស់យើង គឺដូចៗគ្នា ត្រូវចេះការពារជាតិរបស់ខ្លួនរៀងៗខ្លួន មិនអាចមានអ្នកខាងក្រៅមកលូកលាន់បានឡើយ៕