(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងប្រារព្ធពិធី ផ្សព្វផ្សាយរបាយការណ៍អង្កេតចំនួនពីរស្តីពី តម្រូវការជំនាញរបស់និយោជកសម្រាប់ឆ្នាំ២០១៧ និងទស្សនវិស័យការងារកម្ពុជាឆ្នាំ២០១៨ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ១៣៖៣០នាទីរសៀល នៅទីភ្នាក់ងារជាតិមុខរបរ និងការងារ។
ពិធីនេះ នឹងប្រារព្ធទៅ ក្រោមអធិបតីភាពរបស់លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មាធិការជាតិបណ្តុះបណ្តាល និងលោកស្រី Maria Sargren ឯកអគ្គរដ្ឋទូតស៊ុយអែត ប្រចាំកម្ពុជា ព្រមទាំងមានការចូលរួមពីភាគីពាក់ព័ន្ធ មកពីគ្រឹះស្ថានឯកជន និងស្ថាប័នរដ្ឋមួយចំនួនទៀត។
នៅក្នុងគម្រោងស្តីពី ការគាំទ្រការអភិវឌ្ឍជំនាញ និងការងារសម្រាប់យុវជននៅកម្ពុជា ដែលគាំទ្រថវិកាដោយ ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ ប្រទេសស៊ុយអែត (SIDA) តាមរយៈទីភ្នាក់ងារផ្តល់សេវាការងារសាធារណៈ ស៊ុយអែត (SPES) ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បានធ្វើការអង្កេត និងប្រមូលទិន្នន័យ ស្តីពីតម្រូវការជំនាញរបស់និយោជកក្នុងឆ្នាំ២០១៧ និងទស្សនវិស័យការងារកម្ពុជាឆ្នាំ២០១៨ ដើម្បីធ្វើការវិភាគទៅលើស្ថានភាពទីផ្សារការងារនៅកម្ពុជា ជាពិសេសភាពមិនស៊ីគ្នានៃជំនាញ ការព្យាករណ៍ពីតម្រូវការជំនាញ តាមប្រភេទនៃមុខរបរ និងវិស័យការងារ។
ដើម្បីបង្កើនការយល់ដឹង និងផ្សព្វផ្សាយព័ត៌មានឱ្យកាន់តែទូលំទូលាយ ដល់ស្ថាប័នពាក់ព័ន្ធក្នុងរាជរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ វិស័យឯកជន សិស្ស-និស្សិត និងសាធារណជនទូទៅនោះ NEA នឹងរៀបចំ ធ្វើពិធីផ្សព្វផ្សាយជាផ្លូវការនូវរបាយការណ៍លទ្ធផលអង្កេតទាំងពីរខាងលើ។
នៅក្នុងពិធីនោះផងដែរ ក៏មានការធ្វើបទបង្ហាញពី លោក គួច សុមាន អនុប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ អំពីរបកគំហើញនូវរបាយការណ៍អង្កេតស្តីពី ១៖ តម្រូវការជំនាញរបស់និយោជក សម្រាប់ឆ្នាំ២០១៧ និង ២៖ ទស្សនវិស័យការងារកម្ពុជាឆ្នាំ២០១៨ ដែលក្រុមការងារបានសិក្សា និងរកឃើញកន្លងមក៕