(កំពង់ធំ)៖ នៅអនុវិទ្យាល័យទំរីង ឃុំទំរីង រដ្ឋបាលស្រុកសណ្តាន់ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨នេះ បានរៀបចំទិវាពិភពលោកគ្មានថ្នាំជក់ ៣១ឧសភា ឆ្នាំ២០១៨ ក្រោមប្រធានបទ «ថ្នាំជក់បំផ្លាញបេះដូង ជ្រើសរើសយកសុខភាពកុំយកថ្នាំជក់»។
ពិធីនេះ បានធ្វើឡើងក្រោមអធិបតីភាពលោក ជុំ វីរៈ អភិបាលរងស្រុកសណ្តាន់ ដែលរៀបចំដោយអង្គការ អាដ្រាកម្ពុជាប្រចាំខេត្តព្រះវិហារ និងខេត្តកំពង់ធំ នៃគម្រោងអោប (EMBRACE៖ គម្រោងថែទាំសុខភាពមាតា និងទារកតាមរយៈការថែទាំ និងការចូលរួមពីសហគមន៍) ដែលឧបត្ថម្ភដោយ កិច្ចការសកលនៃរដ្ឋាភិបាលកាណាដា និងអង្គការអាដ្រា កាណាដា។
លោក កែន ចំរើន អនុប្រធានគម្រោងអោប ប្រចាំស្រុកសណ្តាន់ បានលើកឡើងថា កម្មវិធីនេះបង្កើតឡើងគ្នុងគោលបំណង ដើម្បីបង្កើនចំណេះដឹងប្រជាពលរដ្ឋនៅក្នុងសហគមន៍ ឲ្យយល់ដឹងអំពីផលប៉ះពាល់ដ៏ធ្ងន់ធ្ងរចំពោះសុខភាព ដោយសារការជក់បារី ឬចុកថ្នាំ ឬការប្រើប្រាស់ផលិតផលថ្នាំជក់ ពិសេសចំពោះស្ត្រីមានផ្ទៃពោះ ឬកុមារតូចៗ ដែលស្រូបផ្សែងបារីពីគេ។ លោកបន្តថា កម្មវិធីនេះ ក៏ជំរុញ និងលើកទឹកចិត្តប្រជាពលរដ្ឋ អាណាព្យាបាល អ្នកថែទាំកុមារ ឲ្យលះបង់ចោលទម្លាប់ជក់ ឬចុកថ្នាំ ដើម្បីសុខភាពខ្លួនឯង និងអ្នកដទៃ។
លោក ជុំ វីរៈ បានថ្លែងអំណរគុណបំផុត ចំពោះអង្គការអាដ្រានៃគម្រោងអោប ដែលតែងតែជួយគាំទ្រ ទាំងសម្ភារៈ និងថវិកាដល់អាជ្ញាធរស្រុកសណ្តាន់ ក្នុងនោះដែរលោកបានលើកឡើងថា នេះជាលើកទី១ ហើយដែលអាជ្ញាធរ និងអង្គការដៃគូរអភិវឌ្ឍន៍ បានធ្វើការផ្សព្វផ្សាយអំពីផលិតផលថ្នាំជក់ដែលទាក់ទងទៅនឹងផ្នែកសុខភាព និងសេដ្ឋកិច្ច។
លោកបានបន្តថា ដើម្បីជាប្រយោជន៍យកទៅអនុវត្តន៍ក្នុងសហគមន៍រស់នៅ មានសុខភាពទាំងអស់គ្នា នាំគ្នាឈប់ប្រើប្រាស់ផលិតផលថ្នាំជក់ មានន័យថា បានចូលរួមលើកកម្ពស់សុខភាពគ្រួសារ សុខមាលភាពសហគមន៍ ហើយក៏ចូលរួមគាំទ្ររាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិផងដែរ។
សូមជម្រាបថា ផលិតផលថ្នាំជក់មានផ្ទុកសារធាតុគីមីពុលចំនួន ៧ពាន់ប្រភេទ ដែលធ្វើឲ្យអ្នកប្រើប្រាស់កើតជំងឺផ្សេងៗ ជាច្រើនពិការភាព និងស្លាប់ ជាង៦លាននាក់ជារៀងរាល់ឆ្នាំ ទូទាំងពិភពលោក។ នេះបើយោងតាម របាយការណ៍របស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក។
ជាមួយគ្នានេះ បើតាមទិន្នន័យរបស់វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការឆ្នាំ២០១៤ បញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជាជាង ១៥លាននាក់មានអ្នកប្រើប្រាស់ថ្នាំជក់ជាង ២លាននាក់។ ហើយបើតាម របាយការណ៍បន្ថែម របស់ក្រសួងសុខាភិបាល ប្រទេសកម្ពុជា ក៏បានបាត់បង់ធនធានមនុស្សប្រមាណ ១ម៉ឺននាក់ជារៀងរាល់ឆ្នាំផងដែរ៕