(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោកសាស្រ្តាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨នេះ បានចុះសំណេះសំណាលសួរសុខទុកអ្នកជំងឺ ដែលមកទទួលសាវាព្យាបាលនានា នៅមន្ទីរពេទ្យកាល់ម៉ែត។
លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានកោតសរសើរដល់ថ្នាក់ដឹងនាំ មន្ត្រីបុគ្គលិក របស់មន្ទីរពេទ្យកាល់ម៉ែត ក៏ដូចជាមន្ទីរពេទ្យទាំងអស់នៅទូទាំងប្រទេស ដែលបានបំពេញភារៈកិច្ច ក្នុងការបម្រើជូនប្រជាពលរដ្ឋអស់ពីកម្លាំងកាយចិត្តក្នុងការព្យាបាល ហើយលោកបានជំរុញឲ្យក្រុមគ្រូពេទ្យទាំងអស់ បន្តយកចិត្តទុកដាក់ ពិនិត្យថែទាំនិងព្យាបាលអ្នកជំងឺឲ្យបានល្អបន្ថែមទៀត ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈពេទ្យឲ្យបានត្រឹមត្រូវ។
លោក ម៉ម ប៊ុនហេង បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងក្រុមគ្រូពេទ្យទាំងអស់ របស់មន្ទីរពេទ្យកាល់ម៉ែត ក្នុងការពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋ ហើយលោកបានកត់សម្គាល់ឃើញថា មានប្រជាពលរដ្ឋបានមកទទួលសេវា ពិនិត្យ និងព្យាបាល របស់មន្ទីរពេទ្យកាល់ម៉ែត ជាច្រើននាក់ដែលអាចបញ្ជាក់ពីកំម្រិត នៃបច្ចេកទេសខ្ពស់ក្នុងការព្យាបាល ទាំងបច្ចេកទេស និងសម្ភារៈ ទំនើបៗនៅក្នុងប្រទេសកម្ពុជា។
បន្ទាប់ពីចុះសួរសុខទុកអ្នកជំងឺ និងក្រុមគ្រូពេទ្យទៅតាមជំនាញ នៅតាមអគារសង្រ្គោះនានា នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត និងពិនិត្យពីដំណើរការ នៃការសាសង់អគារសង្រ្គោះបន្ទាន់អាគារ១២ជាន់ របស់មន្ទីរពេទ្យកាល់ម៉ែត ដែលកំពុងបុកគ្រឹះដំណើរការសាងសង់ផងដែរ។
ជាមួយគ្នានេះ លោកសាស្ត្រាចារ្យ ឈាង រ៉ា បានលើកឡើងថា អត្រាជាសះស្បើយ នៃអ្នកជំងឺដែលមកសម្រាកព្យាបាល នៅមន្ទីរពេទ្យនេះ មានប្រមាណ៩៨,៥ភាគរយ ហើយប្រភេទជំងឺ ដែលមកសម្រាកព្យាបាលច្រើនជាងគេនោះគឺ គ្រោះថ្នាក់ចរាចរណ៍ បន្ទាប់មកគឺជំងឺលើសឈាម និងទឹកនោមផ្អែម។
លោកអគ្គនាយកមន្ទីរពេទ្យ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ការពារសុខភាព កុំឲ្យកើតមានជំងឺដោយសារវាជាវិធីដ៏ប្រសើរបំផុត ព្រោះថាមន្ទីរពេទ្យ មិនអាចព្យាបាលជាសះស្បើយ លើគ្រប់មុខជំងឺនោះទេ ប្រសិនបើជំងឺ ឈានដល់ដំណាក់កាលធ្ងន់ធ្ងរ។ ក្នុងន័យនេះ លោកបានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ ទៅត្រួតពិនិត្យសុខភាពឲ្យបានទៀងទាត់ បើនៅក្មេងគួរតែទៅពិនិត្យសុខភាពយ៉ាងហោចណាស់៦ខែម្តង ឬ៣ខែម្តង ដោយគោរពទៅវេជ្ជបញ្ជា របស់គ្រូពេទ្យជំនាញ ដើម្បីឲ្យសុខភាពរបស់ទាំងអស់គ្នាល្អប្រសើរ៕
\