(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨នេះ បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តថ្មីចំនួន២រូប ដែលពិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាព លោក ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាលប្រជុំសាលាខេត្តឧត្តរមានជ័យ។
នៅក្នុងពិធីនោះផងដែរ ក៏មានការចូលរួមពីសំណាក់ លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។
អភិបាលរងខេត្តថ្មីចំនួន២រូប ដែលរដ្ឋបាលខេត្តបានរៀបចំប្រកាស ចូលកាន់មុខតំណែងគឺទី១៖ លោក ឌី រ៉ាដូ អតីតអនុប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ តែងតាំងជាអភិបាលរងខេត្តឧត្តរមានជ័យ ជំនួសលោក ប៊ូ សាខន អភិបាលរងខេត្ត ដែលត្រូវចូលនិវត្តន៍ ទី២៖ លោកស្រី មុំ ពទ្ធីតា អតីតអភិបាលរងស្រុកបន្ទាយអំពិល ជំនួសលោកស្រី ឯក សុវណ្ណភារៈ ដែលបានផ្ទេរភារកិច្ចជាអភិបាលរងខេត្តស្វាយរៀង។
លោករដ្ឋលេខាធិការ បានផ្តាំផ្ញើ ដល់ថ្នាក់ដឹកនាំខេត្តត្រូវតែខិតខំបន្តថែរក្សាការពារ ពង្រឹងសុខសន្តិភាព អធិបតេយ្យភាព ស្ថេរភាពនយោបាយឱ្យបានល្អ ហើយខិតខំបន្តកសាងអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន ឱ្យកាន់តែរីកចំរើនបន្ថែមទៀត។
លោកក៏បានជំរុញដល់គណៈអភិបាលខេត្ត ត្រូវពង្រឹងដល់មន្ត្រីរាជការនៅក្នុងខេត្ត នូវការទទួលខុសត្រូវ ការគោរពវិន័យ ក្រមសីលធម៌វិជ្ជាជីវៈ ឱ្យស័ក្តិសមជាមន្ត្រីដែលជាអ្នកបម្រើរាស្ត្រពិតប្រាកដ។
លោកក៏បានណែនាំដល់គណៈបញ្ជាការឯកភាព គ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវយកចិត្តទុកដាក់ខិតខំចូលរួមថែរក្សា សុខសុវត្ថិភាព ការពារសណ្តាប់ធ្នាប់ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលនឹងប្រព្រឹត្តទៅនាខែកក្កដាខាងមុខនេះ ឱ្យដំណើរការប្រកបដោយសេរី យុត្តិធម៌ ត្រឹមត្រូវ និងមានតម្លាភាព៕