(ភ្នំពេញ)៖ កាលពីពេលកន្លងទៅថ្មីៗនេះ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានចេញសេចក្ដីប្រកាស ពាក់ព័ន្ធទៅនឹងការយកពន្ធ ក្នុងវិស័យភាពយន្ត ខណៈដែលការផលិតខ្សែភាពយន្ត ក្នុងប្រទេសកម្ពុជា នៅមានកម្រិតនៅឡើយ។ យ៉ាងណាមិញ ជុំវិញរឿងរ៉ាវទាំងនេះ ត្រូវបានអ្នកដឹកនាំសម្ដែង និងជាតារាកំប្លែង លោក ពែកមី បានលើកយកមកនិយាយ នៅក្នុងថ្ងៃបើកសម្ពោធ រឿង «ចិញ្ចៀនខ្មោច» នាល្ងាចថ្ងៃទី២៨ ខែឧសភានេះ ដោយលោកធ្វើការសំណូមពរ ដល់រដ្ឋមន្រ្ដីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សុំផ្ដល់ឱកាសឲ្យផលិតករ គ្រប់រូបបានស្រោចស្រង់ ខ្សែភាពយន្តឲ្យរឹងមាំបន្តិចសិន ចាំគិតគូរពីការបង់ពន្ធ ចូលរដ្ឋ។
នាថ្ងៃបើកសម្ពោធ នៃការដាក់បញ្ចាំង រឿង «ចិញ្ចៀនខ្មោច» វណ្ណកម្មថ្មីរបស់ផលិតកម្ម LD Picture នាយ ពែកមី បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា លោកសូមសំណូមពរ ដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សុំជួយពន្យាការកាត់ពន្ធ១០ឆ្នាំ ដើម្បីឲ្យផលិតករ មានលទ្ធភាព ផលិតរឿងបន្តទៀត។ ការផលិតកុនចំណាយអស់ច្រើន ខណៈដែលការគាំទ្រ ចូលទស្សនាខ្សែភាពយន្ត នៅមានកម្រិតតិចនៅឡើយ ពោលគឺផលិតករត្រូវចំណាយអស់ ទៅលើពន្ធផង ការចំណាយទៅលើតួអង្គនីមួយៗផង ហើយនៅពេលដែលអ្នកចូលទស្សនា មានចំនួនតិច ផលិករខាតបង់ច្រើន ដូច្នេះផលិតករ មិនចង់ផលិតរឿងទៀតនោះទេ។ ចំណែកឯ សិល្បករ-សិល្បការិនី ដែលមានអាជីព ជាអ្នកសម្ដែង ក៏គ្មានការងារធ្វើបន្តទៀតដែរ។ ដូច្នេះលោកចង់សំនូមពរដល់ក្រសួង ចាំបន្តិចទៀត ចាំមើលខ្សែភាពយន្ត រឹងដៃរឹងជើង មានលំនឹង ជាងនេះចាំកាត់ពន្ធ ក៏មិនទាន់ហួសពេលដែរ។
ដោយឡែក បើក្រឡេកមកចាប់អារម្មណ៍ ចំពោះខ្សែភាពយន្ត រឿង «ចិញ្ចៀនខ្មោច» ត្រូវបានអ្នកដឹកនាំសម្ដែង លោក ពែក មី បានបញ្ជាក់ទៀតថា នៅពេលថត គឺជួបប្រទះផលលំបាកជាច្រើន ជាពិសេសឈុតកូនស្រីរបស់លោក ប្រថុយនឹងគ្រោះថ្នាក់ច្រើន មានដូចជាឈុតចងក ព្យួរលើបង្អួច លោតពីលើផ្ទះ លោតក្នុងទឹកបឹង ក្នុងអាកាសធាតុត្រជាក់ ម៉ោង៤ទល់ភ្លឺ ជាដើម ជាហេតុធ្វើឲ្យលោកយល់ឃើញថា ភាពយន្តនេះ នឹងមានទស្សនិកជនគាំទ្រច្រើនជាមិនខាន ព្រោះអ្នកគាំទ្រ ចង់ឃើញឈុតលំបាកៗទាំងនោះ។
យ៉ាងណាមិញ ចាងហ្វាងផលិតកម្ម LD Picture លោក លៀក លីដា បានបន្ថែមទៀតថា លោកបានចំណាយទុនច្រើន ក្នុងការផលិតរឿង «ចិញ្ចៀនខ្មោច»នេះ ដើម្បីសម្រិតសម្រាំងឲ្យមានគុណភាពល្អ ស្របតាមស្តង់ដា និងតម្រូវទៅតាមចិត្តមហាជន ជាពិសេសយុវវ័យ។ ក្រៅពីភ័យលស់ព្រលឹង កំប្លែងសើចចុកពោះ រឿងនេះក៏បង្កប់អត្ថន័យអប់រំ កុំឲ្យលោភលន់យកទ្រព្យសម្បត្តិអ្នកអ្នកដទៃផង។ ខ្សែរឿងនេះ នឹងបញ្ចាំងជូនទស្សនា តាមរោងភាពយន្តទូទាំងរាជធានីភ្នំពេញ នៅថ្ងៃ៣១ ខែឧសភា ខាងមុខនេះ៕