(ភ្នំពេញ)៖ នៅរសៀលថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីពិសាអាហារស្រាយបួសជាមួយបងប្អូនខ្មែរឥស្លាមប្រមាណ ៤,៧៥០នាក់មកពីទូទាំងប្រទេស។

លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការរៀបចំពិធីស្រាយបួសខែរ៉ាម៉ាឌននៃសាសនាឥស្លាមកម្ពុជា បានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ ត្រូវនឹងថ្ងៃទី១ ខែរ៉ាម៉ាឌន ឆ្នាំ១៤៣៩ មូហាម៉ាត់សករាជ សាសនិកឥស្លាមកម្ពុជា ក៏ដូចជាសាសនិកឥស្លាមក្នុងពិភពលោក កំពុងបួសតមអាហារ ពីព្រលឹមរហូតដល់ថ្ងៃលិចជាង ១៤ម៉ោង ដោយមានការប្រែប្រួលតាមតំបន់ខ្លះរយៈពេលមួយខែក្នុងមួយឆ្នាំ ដែលជាកាតព្វកិច្ចទី៤ ក្នុងចំណោមកាតព្វកិច្ចទាំង៥ នៃអ្នកកាន់សាសនាឥស្លាមនៅលើសកលលោក។

លោកបន្តថា ថ្ងៃនេះជាថ្ងៃទី១៣ នៃខែរ៉ាម៉ាឌន ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ដែលជាសាសនិកឥស្លាមកម្ពុជា បានឆ្លងបួសរួចចំនួន ១៣ថ្ងៃហើយ នៅសល់តែ ១៧ថ្ងៃ ឬ ១៦ថ្ងៃទៀតប៉ុណ្ណោះ នឹងត្រូវបញ្ចប់បួសដោយអនុវត្តតាមការមើលឃើញនៃខ្នើតខែថ្មី។

សូមបញ្ជាក់ថា នៅឆ្នាំ២០១៨នេះ គឺជាឆ្នាំទី៥ហើយ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចរៀបចំកម្មវិធីស្រាយបួសថ្នាក់ជាតិកាលពីឆ្នាំ២០១៤ ដែលជាកម្មវិធីមួយពុំធ្លាប់មាននៅកម្ពុជាកន្លងមក។

ជារៀងរាល់ឆ្នាំក្រៅពីផ្តល់កិត្តិយសចូលរួមអាហារស្រាយបួសសរបស់បងប្អូនខ្មែរឥស្លាមហើយនោះ សម្តេចនាយករដ្ឋមន្ត្រី តែងតែបានចូលរួមពិសារអាហារជាមួយខ្មែរគ្រិស្តបរិស័ទផងដែរ។

តាមរយៈជំនួបជាបន្តបន្ទាប់នេះ ត្រូវបានគេមើលឃើញថា ជាការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ចំពោះប្រជាពលរដ្ឋដែលកាន់គ្រប់ជំនឿសាសនានៅក្នុងប្រទេសកម្ពុជា ដើម្បីស្វែងរកនូវសុខដុមនីយកម្មផ្នែកសាសនានៅកម្ពុជា។

តាមបណ្តាប្រទេសមួយចំនួនទាំងក្នុងតំបន់ និងនៅលើពិភពលោកនិន្នាការផ្នែកសាសនា និងការរើសអើងផ្នែកសាសនា បានបង្កទៅជម្លោះមួយសម្រាប់ប្រទេសទាំងនោះ។ សម្រាប់កម្ពុជាវិញ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដរាបណាសម្តេចនៅតែបន្តកាន់តំណែង ឬ គណបក្សប្រជាជនកម្ពុជានៅតែបន្តដឹកនាំរាជរដ្ឋាភិបាល គោលនយោបាយផ្នែកសាសនា គឺនៅតែបើកទូលាយ ពោលប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិសេរីភាពជឿគ្រប់សាសនាដែលពួកគេពេញចិត្ត។

អ្វីដែលជាការកត់សម្គាល់ទៀតនោះ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានប្រកាសថា នៅក្នុងប្រទេសកម្ពុជាកន្លែងដែលមានបងប្អូនខ្មែរឥស្លាមរស់នៅច្រើន គឺពួកគេមានសមានចិត្តជាមួយគណបក្សប្រជាជនកម្ពុជា ហើយតែងតែបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាជានិច្ច៕