(ភ្នំពេញ)៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨នេះ ដោយសារតែបុរសម្នាក់ បានស្លាប់ភ្លាមៗទាំងសភាពដៃនៅកាន់ចង្កូតរថយន្តនៅឡើយ ក្រោយពីបានបើកបររថយន្តមួយគ្រឿង។
បើតាមសាក្សី ដែលបានឃើញហេតុការ បានឲ្យដឹងថា មុនពេលហេតុការណ៍នេះ គឺនៅវេលាម៉ោងប្រមាណ ១០៖៤០នាទីព្រឹក គេឃើញបុរសម្នាក់បើកបររថយន្តសេរីទំនើបតែម្នាក់ឯង តាមបណ្តោយផ្លូវលេខ១៩៥៨ ស្ថិតក្នុងទឹកដីភូមិទំនប់ទី១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយរថយន្តនោះក៏ឈប់។
សាក្សីបានបន្តថា ដោយសារតែរថយន្តនោះឈប់យូរពេក និងនៅកណ្តាលផ្លូវផង ធ្វើឲ្យមហាជនមានការងឿងឆ្ងល់ ទើបនាំគ្នាទៅអើតមើលទើបដឹងថា អ្នកបើកបរបានស្លាប់ក្នុងរថយន្តបាត់ទៅហើយ។ បន្ទាប់មក ប្រជាពលរដ្ឋក៏បាននាំគ្នារាយការណ៍ ប្រាប់សមត្ថកិច្ចដើម្បីចុះពិនិត្យសាកសព។
ការស្លាប់នេះ សមត្ថកិច្ចបានដាក់ការសង្ស័យជាបឋមថា ជនរងគ្រោះមានអាយុប្រមាណ៤០ឆ្នាំ ហើយករណីស្លាប់នេះសង្ស័យបណ្តាលមកពីខ្យល់គ ខណៈដែលជនរងគ្រោះជិះរថយន្ត តាមផ្លូវរួចឈប់ក៏ ដេកស្លាប់លើដៃចង្កូតរថយន្តតែម្តង។
យ៉ាងណាក៏ដោយ ជនរងគ្រោះនៅមិនទាន់ដឹងអត្តសញ្ញាណនៅឡើយទេ ហើយពេលនេះ កម្លាំងសមត្ថកិច្ចបានទាក់ទង ដើម្បីឲ្យសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃ៕