(ភ្នំពេញ)៖ ការិយាល័យធនាគារ អេស៊ីលីដា ភីអិលស៊ី សាខាសែនសុខ (ផ្សារអ៊ីអន) ថ្មី ដែលបានបើកស្វាគមន៍អតិថិជន ចាប់ពីថ្ងៃនេះតទៅ នឹងធ្វើឲ្យអតិថិជន កាន់តែមានទំនុកចិត្តខ្ពស់ ខណៈដែលអគារនេះ មានបំពាក់ដោយឧបករណ៍ ប្រព័ន្ធឌីជីថល និងមានសុវត្ថិភាពខ្ពស់បន្ថែមទៀត លើសេវាធនាគារទូទៅ។ ជាការពិត ធនាគារ អេស៊ីលីដា ភីអិលស៊ី «ប្រជាធនាគារ ដែលលោកអ្នកជឿទុកចិត្ត» បានប្រកាសចាប់ផ្តើម បើកការិយាល័យថ្មី ដែលមានទីតាំងស្ថិតនៅភូមិបាយ៉ាប សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ នេះ។
តំណាងធនាគារ អេស៊ីលីដា ភីអិលស៊ី បានថ្លែងឲ្យដឹងថា អគារថ្មីនេះ បានសាងសង់ឡើង តាមស្តង់ដារធនាគារ ដែលបំពាក់ដោយឧបករណ៍ ប្រព័ន្ធឌីជីថលខ្ពស់ ដើម្បីបម្រើសេវាហិរញ្ញវត្ថុ ជូនអតិថិជន ប្រកបដោយផាសុកភាព ក្នុងការធ្វើស្វ័យប្រតិបត្តិការ បានយ៉ាងងាយស្រួល និងមានសុវត្ថិភាពខ្ពស់បន្ថែម លើសេវាធនាគារទូទៅ។ អគារឌីជីថលនេះ បើកទទួលស្វាគមន៍អតិថិជន និងសាធារណៈជនគ្រប់មជ្ឈដ្ឋាន ៧ថ្ងៃ ក្នុង១សប្តាហ៍ ចាប់ពីម៉ោង ០៩៖០០នាទីព្រឹក ដល់ម៉ោង ០៧៖០០នាទីយប់។ សាខាថ្មីនេះមានបុគ្គលិក និងថ្នាក់គ្រប់គ្រងពោរពេញ ទៅដោយបទពិសោធន៍ខ្ពស់ និងទេពកោសល្យ ក្នុងការផ្តល់ប្រឹក្សាជូនអតិថិជន ក្នុងការធ្វើប្រតិបត្តិការបច្ចេកវិទ្យា «FinTech» និងមានការផ្តល់ការគាំទ្រពីការិយាល័យទំនាក់ទំនងអតិថិជន ក្នុងម៉ោងធ្វើការបូករួមទាំងថ្ងៃ ឈប់សម្រាក។
តំណាងដដែលបន្តថា សាខាសែនសុខ (ផ្សារអ៊ីអន) របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី បានបង្កើតឡើង ស្របតាមយុទ្ធសាស្រ្តរយៈពេលវែង ដោយបានពង្រីកបណ្តាញ ប្រតិបត្តិការរបស់ខ្លួនឲ្យទាន់សម័យ និងទូលំទូលាយ តាមតម្រូវការ និងគ្រប់ទីកន្លែង ជូនដល់សាធារណៈជនគ្រប់មជ្ឈដ្ឋាន ក្នុងសហគមន៍។
សូមបញ្ជាក់ថា អេស៊ីលីដា ភីអិលស៊ី ធនាគារ អេស៊ីលីដា ភីអិលស៊ី បានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនប្រាំ គឺធនាគារ អេស៊ីលីដា ឡាវ លីមីធីត, អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា, ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា, និងអេស៊ីលីដា ប្រូភើធី អិលធីឌី ព្រមទាំងមានការិយាល័យតំណាង នៅសាធារណរដ្ឋ សហភាពមីយ៉ាន់ម៉ា។ ធនាគារ អេស៊ីលីដា ភីអិលស៊ី ទ្រព្យសកម្មសរុបចំនួនជាង ៥,៤៩ ប៊ីលានដុល្លារអាមេរិក សមតុល្យឥណទានសរុបចំនួន ៣,១៥ ប៊ីលានដុល្លារអាមេរិក និងប្រាក់បញ្ញើសន្សំសរុបចំនួន ៣,៥៧ ប៊ីលាន ដុល្លារអាមេរិក គិតត្រឹមខែមេសា ឆ្នាំ២០១៨ នេះ៕