(ភ្នំពេញ)៖ លោកស្រី ប៉ូលីន ថាម៉េស៊ីស (Pauline Tamesis) អ្នកសម្របសម្រួលថ្មីរបស់អង្គការសហប្រជាជាតិ និងជាតំណាងអង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះល្បឿននៃការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសការសម្រេចបាននូវការអភិវឌ្ឍសហវត្សរ៍គោលដៅអភិវឌ្ឍន៍សហវត្សរ៍ឆ្នាំ២០៣០។

លោកស្រី ប៉ូលីន ថាម៉េស៊ីស បានថ្លែងកោតសរសើរ និងបង្ហាញមោទនភាពផងចំពោះភាពរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ក្នុងពេលដែលលោកស្រីអញ្ជើញចូលជួបសម្តែងការសមចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨នេះ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រាប់ក្រុមអ្នកព័ត៌មានថា នៅក្នុងជំនួបនេះ លោកស្រីតំណាងអង្គការសហប្រជាជាតិ បានជម្រាបសម្តេចតេជោថា ដំណើរបំពេញបេសកកម្មនៅកម្ពុជានាពេលនេះ គឺជាពេលដែលអង្គការសហប្រជាជាតិ មានមូលដ្ឋានយ៉ាងរឹងមាំនៅកម្ពុជា ក្នុងការធ្វើកិច្ចសហប្រតិបត្តិការ ការជួបពិភាក្សារវាងភ្នាក់ងារអង្គការសហប្រជាជាតិ ជាមួយរាជរដ្ឋាភិបាល គឺបានប្រព្រឹត្តទៅជារៀងរាល់ឆ្នាំ ហើយការពិភាក្សាគ្នានេះ មានសារៈសំខាន់ណាស់ គឺផ្តល់ឲ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអង្គការសហប្រជាជាតិ​​ និងរាជរដ្ឋាភិបាល មានប្រសិទ្ធិភាពខ្ពស់ហើយមានគុណភាពខ្ពស់ផងដែរ។

«លោកស្រី បានសម្តែងការកោតសរសើរ និងមានមោទនភាពយ៉ាងខ្លាំងចំពោះការវិវឌ្ឍន៍ និងការទទួលបានជោគជ័យរបស់កម្ពុជា ជាពិសេសការសម្រេចបានការអភិវឌ្ឍសហវត្សរ៍ គោលដៅអភិវឌ្ឍន៍សហវត្សរ៍ឆ្នាំ២០៣០។ លោកស្រី ក៏បានថ្លែងអំណរគុណសម្តេចតេជោ និងប្រជាជនកម្ពុជា ដែលបានចូលរួមចំណែកក្នុងការថែរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ»។ លោក អ៊ាង សុផល្លែត បញ្ជាក់បន្ថែម។

ក្នុងជំនួបនេះលោកស្រី ប៉ូលីន ថាម៉េស៊ីស ក៏បានលើកឡើងដែរថា កម្ពុជា ជាប្រទេសមួយដែលបានបញ្ជូនកងទ័ពទៅបំពេញការងាររក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិច្រើនជាងគេបំផុត នៅក្នុងតំបន់អាស៊ាន។

លោកស្រីថា អង្គការសហប្រជាជាតិ បានចាត់ទុកថា កម្ពុជាជាប្រទេសគំរូមួយ ព្រោះកម្ពុជាជាប្រទេសមួយធ្លាប់បានទទួលកងទ័ពអង្គការសហប្រជាជាតិ ដើម្បីស្វែងរកសន្តិភាព ប៉ុន្តែត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ កម្ពុជាបានក្លាយជាប្រទេសមួយ ដែលបានបញ្ជូនកងទ័ពទៅជួយថែរក្សាសន្តិភាពជាមួយនឹងប្រទេសដទៃទៀត។

លោកស្រីតំណាងអង្គការសហប្រជាជាតិ បានជម្រាបជូនសម្តេចតេជោដែរថា អង្គការសហប្រជាជាតិ ទទួលស្គាល់របៀបវារៈទី១៩ របស់កម្ពុជា ដែលនៅក្នុងគោលដៅអភិវឌ្ឍន៍សហវត្សរ៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ គឺមានរបៀបវារៈតែ១៨ទេ ប៉ុន្តែកម្ពុជាបន្ថែមមួយទៀត គឺរបៀបវារៈទី១៩ នោះគឺពាក់ព័ន្ធនឹងបញ្ហាមីន។ លោកស្រី ក៏បានលើកឡើងដែរថា ប្រព័ន្ធអង្គការនៅកម្ពុជា នឹងបន្តជួយដល់កម្ពុជា ក្នុងការជំរុញសម្រេចឲ្យបាននូវរបៀបវារៈនៃគោលដៅអភិវឌ្ឍន៍ដោយចីរភាពឆ្នាំ២០៣០ខាងមុខ។

លោកស្រី ក៏បានជម្រាបជូនសម្តេចតេជោផងដែរថា ប្រព័ន្ធអង្គការសហប្រជាជាតិ គឺប្តេជ្ញាធ្វើការរួមជាមួយកម្ពុជា និងគាំទ្រកម្ពុជា ចំពោះការរៀបចំឲ្យមានប្រព័ន្ធសុវត្ថិភាព សន្តិសុខ ដល់កម្មករកម្មារិនី ដែលសម្តេចបានប្រកាសកន្លងមកនេះ។

ជាការឆ្លើយតបសម្តេចតេជោ បានមានប្រសាសន៍ថា កម្ពុជាមានមោទនភាពណាស់ ដែលបានធ្វើការជាមួយអង្គការសហប្រជាជាតិ ក្នុងការថែរក្សាសន្តិភាព មកដល់ពេលនេះកម្ពុជា បានបញ្ជូនកងទ័ពជាង ១ពាន់នាក់ហើយ ហើយវាជាកាតាព្វកិច្ច របស់កម្ពុជា ក្នុងការធ្វើការភាពជាដៃគូជាមួយអង្គការសហប្រជាជាតិ។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណដល់អង្គការសហប្រជាជាតិ ដែលបានគាំទ្រ និងទទួលស្គាល់របៀបវារៈទី១៩ របស់កម្ពុជា ព្រោះបញ្ហាមីន គឺមានសារៈសំខាន់ណាស់សម្រាប់កម្ពុជា។

លើសពីនេះទៀត សម្តេចតេជោ បានលើកទឹកចិត្តឲ្យប្រព័ន្ធភ្នាក់ងារអង្គការសហប្រជាជាតិទាំងអស់ ធ្វើការជាមួយស្ថាប័នកម្ពុជា ព្រោះថាជារៀងរាល់ឆ្នាំ តែងតែមានកិច្ចជួបពិភាក្សាគ្នាជាប្រចាំ ប៉ុន្តែមួយឆ្នាំម្តង គឺមានរយៈវែងណាស់ ដូច្នេះសូមលើកទឹកចិត្ត ពិចារណាមើល ធ្វើយ៉ាងណាអាចបង្កើតជាក្រុមការងាររបស់អង្គការសហប្រជាជាតិ ធ្វើការនៅចម្លោះមួយឆ្នាំជាមួយភាគីស្ថាប័នកម្ពុជា ដើម្បីធ្វើយ៉ាងណាជំរុញឲ្យកិច្ចពិភាក្សាប្រចាំឆ្នាំនេះ មានគុណភាពផង និងប្រសិទ្ធិភាពផង៕