(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានជំរុញណែនាំឲ្យមន្ត្រីអធិការកិច្ចទេសចរណ៍ ត្រូវរួមសហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ពិសេសមន្ត្រីនគរបាលទេសចរណ៍ និងមន្ត្រីនគរបាលយុត្តិធម៌ ពង្រឹងការគ្រប់គ្រងអាជីវកម្មទេសចរណ៍ឲ្យបានត្រឹមត្រូវតាមច្បាប់ និងប្រកបដោយប្រសិទ្ធភាពខ្ពស់។
ការបញ្ជាក់យ៉ាងដូច្នេះរបស់លោករដ្ឋមន្ត្រី ថោង ខុន ត្រូវបានធ្វើឡើងក្នុងសិក្ខាសាលាស្ដីពី សមត្ថកិច្ចរបស់នគរបាលយុត្តិធម៌នៃមន្ត្រីអធិការកិច្ចទេសចរណ៍ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨។
លោក ថោង ខុន បានឲ្យដឹងថា មន្ត្រីអធិការកិច្ចទេសចរណ៍ ជាមន្ត្រីនគរបាលយុត្តិធម៌ ដូច្នេះត្រូវធ្វើសកម្មភាពប្រកបដោយមានយុត្តិធម៌ ដើម្បីឲ្យប្រតិបត្តិករទេសចរណ៍មានភាពកក់ក្ដៅ និងចូលរួមអនុវត្តច្បាប់ឲ្យបានផុសផុល។ លោកថា សមត្ថកិច្ចរបស់ក្រុមមន្ត្រីអធិការកិច្ចទេសចរណ៍ ក៏ជាការជួយបង្កើនការគ្រប់គ្រងគុណភាពផលិតផលទេសចរណ៍ គុណភាពសេវាកម្មទេសចរណ៍ បង្កើនប្រាក់ចំណូលជូនរដ្ឋ តាមរយៈពន្ធមិនមែនសារពើពន្ធ។ល។
ក្រោយពីប្រព្រឹត្តទៅរយៈពេល១ថ្ងៃកន្លះរួចមក សិក្ខាសាលាស្ដីពីសមត្ថកិច្ចរបស់នគរបាលយុត្តិធម៌នៃមន្ត្រីអធិការកិច្ចទេសចរណ៍នេះ ត្រូវបានប្រកាសបិទជាផ្លូវការក្រោមវត្តមានលោក ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨។
លោក ជា បូរ៉ា បានឲ្យដឹងថា ដើម្បីឆ្លើយតបនឹងកំណើនទេសចរអន្តរជាតិពីមួយឆ្នាំទៅមួយឆ្នាំ និងកំណើននៃសេវាកម្មអាជីវកម្មទេសចរណ៍ ចាំបាច់តម្រូវឲ្យមានការយកចិត្តទុកដាក់ ក្នុងការរៀបចំយន្តការពង្រឹងគុណភាពទេសចរណ៍ ទាំងផលិតផល និងសេវាកម្មឲ្យកាន់តែប្រសើរឡើង។
លោកបានបន្តថា មន្ត្រីអធិការកិច្ចដែលមាននតិសម្បទាជានគរបាលយុត្តិធម៌មានភារកិច្ចសំខាន់ ក្នុងការជំរុញឲ្យម្ចាស់សេវាកម្មទាំងអស់ ចូលរួមអនុវត្តលិខិតបទដ្ឋានគតិយុត្ត ជាពិសេសច្បាប់ស្ដីពីទេសចរណ៍ ដើម្បីធានាទេសចរណ៍នៅកម្ពុជាមានការរីកចម្រើន ប្រកបដោយនិរន្តភាព។
លោកបន្ថែមថា ការពង្រឹងសមត្ថភាពមន្ត្រីអធិការកិច្ច ដែលជាសេនាធិការឲ្យក្រសួងទេសចរណ៍ គឺជាការចាំបាច់បំផុត ដើម្បីឲ្យមានសមត្ថភាពពេញលេញក្នុងការជំរុញឲ្យសេវាកម្ម និងអាជីវកម្មទេសចរណ៍ឲ្យគោរពច្បាប់ ការធ្វើអធិការកិច្ច ការស៊ើបអង្កេត និងការដោះស្រាយវិវាទផ្សេងៗដែលអាចកើតមាន។
ទាំងលោករដ្ឋមន្ត្រី ថោង ខុន និងលោករដ្ឋលេខាធិការ ជា បូរ៉ា បានផ្ដល់អនុសាសន៍មួយចំនួន ដើម្បីជាជំនួយស្មារតីជូនដល់សិក្ខកាមទាំងអស់ ក្នុងនោះរួមមាន៖
* អគ្គាធិការដ្ឋាន ត្រូវសហការជាមួយអគ្គនាយកដ្ឋានគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ ចុះធ្វើអធិការកិច្ច ដើម្បីជំរុញដល់អាជីវករទេសចរណ៍មកដាក់ពាក្យស្នើសុំ និងបន្តអាជ្ញាបណ្ណ។
* មន្រ្តីអធិការកិច្ចទាំងអស់ត្រូវពិនិត្យ និងសិក្សាច្បាប់ស្តីពីទេសចរណ៍ និងលិខិតបទដ្ឋានគតិយុត្តនានារបស់ក្រសួងទេសចរណ៍ឲ្យបានច្បាស់លាស់ជាមុន មុនពេលចុះធ្វើអធិការកិច្ច។
* ត្រូវសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការចាត់វិធានការ និងដោះស្រាយភាពមិនប្រក្រតីក្នុងវិស័យទេសចរណ៍ ហើយរាល់ការចុះធ្វើអធិការកិច្ច ត្រូវមានការអនុញ្ញាតពីលោករដ្ឋមន្រ្តី ឬអភិបាលខេត្ត។
* ត្រូវពង្រឹងការអនុវត្តវិន័យមន្ត្រីអធិការកិច្ចឲ្យបានម៉ឺងម៉ាត់ រាល់ពេលបំពេញបេសកកម្ម៕