(ភ្នំពេញ)៖ អង្គុយចាំផ្ទះមើលកូនស្រីក្នុងឋានះជាប្តីផង ប្រពន្ធផង និងឪពុកផង ខណៈម្តាយរបស់កូនស្រីខ្ញុំជាប់រវល់ចូលរួមសិក្ឋាសាលាពីរថ្ងៃនៅកន្លែងធ្វើការរបស់គាត់ ខ្ញុំអាចលកលៃពេលវេលាតាមដានការបោះឆ្នោតជ្រើសរើសលេខរៀងរបស់បក្សនយោបាយ ដែលនឹងចូលរួមការបោះឆ្នោតនាថ្ងៃ២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ។ ចប់ការប្រកាសជាផ្លូវការរបស់គណៈកម្មការជាតិរៀបចំការបោះឆ្នោត ខ្ញុំមើលឃើញ និងមានកំណត់សំគាល់សំខាន់ៗ ដែលខ្ញុំគួចែករំលែកជូនដូចខាងក្រោម៖

ក៖ វាប្រហែលមិនមែនជារឿងចៃដន្យពេកទេ ដែលបក្សប្រជាធិបតេយ្យមូលដ្ឋាន បានចូលមកជំនួសលេខ៧ ដែលជាលេខរបស់គណបក្សសង្គ្រោះជាតិលើកមុន។ ក្នុងគ្រាបក្សនោះ ត្រូវបានរំលាយ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ទំនងមកជំនួសតួនាទីបក្សប្រឆាំងដ៏ធំ ហើយប្រហែលអាចទាក់ទាញប្រជាប្រិយភាពខ្លួនពីគណបក្សសង្គ្រោះជាតិបាន។

ការជំនួសនេះហាក់សាកសមឥតខ្ចោះ បើទោះគណបក្សសង្គ្រោះជាតិធ្លាប់បានចោទប្រកាន់ថា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គឺជាបក្សឆ្លៀតឱកាសនិយមប៉ុណ្ណោះ ចំណែកអ្នកមានជំនឿមុតមាំក្នុងផ្លូវចិត្ត និងផ្លូវងងឹតវិញ ពួកគេជឿថា វាជាសញ្ញាអ្វីមួយពិតដូចដែលបានរៀបរាប់ហើយ... ព្រោះថា វាពិតជាសមស្របដែរដែលបក្សនេះ បង្កើតឡើងដោយក្រុមបណ្ឌិត និងបញ្ញវ័ន្ធមានបទពិសោធន៍ច្រើនក្នុងការកសាងសង្គមជាតិ តាមរយៈកិច្ចការកន្លងមករបស់ពួកគេក្នុងអង្គការក្រៅរដ្ឋាភិបាល។

ខ៖ គណបក្សឆន្ទះខ្មែរ ដែលខ្ញុំបានយល់យ៉ាងច្បាស់ថា គឺជាបក្សថ្មីបង្កើតឡើងដើម្បីស្នងបក្សសង្គ្រោះជាតិ (ដោយមិនទាន់ប្រកាសឲ្យគេស្គាល់ជាផ្លូវការ ព្រោះដើម្បីទាញយក នូវការគាំទ្ររបស់សមាជិកខ្លួនជាង៣លាននាក់ កុំឲ្យទៅបោះឆ្នោតនោះ) តាមការវិភាគ វាគ្រាន់តែជាលេសមួយដែលបក្សសង្គ្រោះជាតិនេះធ្វើដើម្បីសាកល្បងទឹកចិត្តអ្នកគាំទ្រខ្លួនថា នឹងអនុវត្តតាមខ្លួននិងបន្តគាំទ្របក្សខ្លួនយ៉ាងដាច់អហង្សាដូចមុនដែរឬទេនោះ។ បក្សនេះបានទទួលលេខរៀងទី១៧ ដែលអត្ថន័យហាក់មិនល្អឡើយសម្រាប់បក្សថ្មី ព្រោះត្រូវថែមលេខ១០ពីមុខលេខ៧មុនរបស់បក្សដើមខ្លួន។

គណបក្សនេះត្រូវបានបង្កើតឡើង ដោយការមិនទុកចិត្តរដ្ឋាភិបាល និងសមាជិក ដូច្នេះពួកគេបានត្រៀមបក្សមួយថ្មីរួចជាស្រេច ដើម្បីបន្តបេសកកម្មនយោបាយរបស់ខ្លួន បើទោះពួកគេទាំង១១៨នាក់ មិនត្រូវបានផ្តល់សិទ្ធិឲ្យធ្វើនយោបាយក៏ដោយ។ សំរាប់ខ្ញុំ ខ្ញុំមិនជឿថា ពួកគេបោះបង់ជីវិតនយោបាយត្រឹមហ្នឹងទេ ពួកគេប្រាកដណាស់នឹង បន្តការងារនយោបាយរបស់ពួកគេដោយគ្មានបញ្ចប់។ មែន យុទ្ធសាស្ត្រលាក់កន្ទុយរបស់បក្សសង្គ្រោះជាតិនេះពិតជាល្អណាស់ ព្រោះចាំមើលមុនតែថ្ងៃបោះឆ្នោត នាថ្ងៃទី២៩ ខែកក្កដា ពួកគេនឹងប្រកាសតាមបណ្តាញសង្គមរបស់គេ ជម្រាបទៅសមាជិកអ្នកគាំទ្រគេឲ្យទៅបោះឆ្នោតជូនលេខ១៧ ដែលជាបក្សស្នងរបស់គេហើយ។

គ៖ ដោយឡែក រឿងដែលចម្លែក និងចៃដន្យពេកនោះគឺគណបក្សប្រជាជន បែរជាទទួលបានលេខរៀងចុងក្រោយគេបង្អស់ និងលេខច្រើនជាងគេ គឺលេខរៀងទី២០។ ពិនិត្យមើលរឿងដ៏ចម្លែក ចៃដន្យ និងមិននឹកស្មានដល់នេះ ដោយការពិនិត្យមើលស្ថានភាព និងបរិបទជាក់ស្តែងនៃបក្សនេះ វាហាក់ពន្យល់នូវខ្លឹមសារសំខាន់មួយចំនួន ដែលខ្ញុំស្រាវជ្រាវឃើញ និងជម្រាបជូន ដើម្បីពិភាក្សាគ្នា។ សម្រាប់ខ្ញុំ អត្ថន័យលេខរៀងទី២០ គឺមានអត្ថន័យជាក់ស្តែងដូចខាងក្រោម៖

១៖ ២០ឆ្នាំនៃការបានបញ្ចប់ដោយជោគជ័យការបែកបាក់ផ្ទៃក្នុង និងសាមគ្គីភាពរវាងខ្មែរនិងខ្មែរ
២៖ ២០ឆ្នាំនៃការបានផ្តើមកសាងការអភិវឌ្ឍន៍ក្រោយការបែកបាក់ ដោយចាប់ដៃគ្នាកសាងជាតិ
៣៖ ២០ឆ្នាំនៃការបានរក្សា និងពង្រឹងសន្តិសុខសម្រាប់ប្រទេសកម្ពុជា នៅក្រោយការស្តារឡើងវិញ
៤៖ ២០ឆ្នាំនៃការបានពង្រីក និងពង្រឹងនូវទំានក់ទំនងល្អ ក្នុងកិច្ចការកាទូតជាលក្ខណះអន្តរជាតិ
៥៖ ២០ឆ្នាំនៃការបានគណបក្សប្រជាជនដឹកនាំប្រទេសម្នាក់ឯង ដោយស្មារដៃពិតនិងសមិទ្ធិផលពិតៗ
៦៖ ២០ឆ្នាំនៃការធ្វើកំណែទម្រង់មន្ត្រីសាធារណៈ និងមុខមាត់ប្រទេសជាតិ ដោយគោលនយោបាយថ្មីៗ
៧៖ ២០ឆ្នាំនៃការដែលសម្តេចបានសម្រេចចិត្តប្រឆាំងមេដឹកនាំខ្មែរក្រហម និងដាក់ទោសមេរបបអាវខ្មៅ
៨៖ ២០ឆ្នាំនៃការបានបង្កើនសាមគ្គីភាព និងការបង្រួបបង្រួមជាតិ ពោលអ្វីៗដើម្បីប្រទេសជាតិខ្មែរតែមួយ
៩៖ ២០ឆ្នាំនៃការបានកសាងល្បឿននៃការអភិវឌ្ឍលើជីវភាពប្រជាជន និងសេដ្ឋកិច្ចជាតិមានកំណើនខ្ពស់
១០៖ ២០ឆ្នាំនៃការបានរក្សា-ពង្រឹងដល់សន្តិភាពនិងសន្តិសុខ ឲ្យមាននូវពេញលេញបរិបូរនៅក្នុងប្រទេស

អ្វីរៀបរាប់ខាងលើ វាជាការមើលឃើញមួយផ្នែកដ៏ធំនៃសមិទ្ធិផលមហិមារដែលបក្សប្រជាជនបានធ្វើនិងកសាង ហើយអាចនឹងមិនបានបញ្ជាក់ឲ្យអស់ពីភាពជាក់ស្តែង និងសមិទ្ធិផលមិនអាចកាត់ថ្លៃជាច្រើនទៀតដែលគណបក្សប្រជាជនបានធ្វើទេ ព្រោះខ្ញុំគ្រាន់តែជាមនុស្សនៅកណ្តាលនៅឆ្ងាយពីគណបក្សទាំងនេះ ហើយការមើលឃើញរបស់ខ្ញុំអាចនឹងមិនគ្រប់ជ្រុងជ្រោយ។

ទោះជាយ៉ាងណាក៏ដោយ ខណះបក្សនីមួយៗអបអរនិងព្យាករណ៍ ឬទស្សទាយប្រៀបធៀបពីរាសីដែលលេខរៀងបក្សខ្លួនទទួលបាន ប្រជាជនកម្ពុជាខ្ញុំសូមអបអរជាមួយបក្សនយោបាយទាំងអស់ចំពោះការបានបំពេញកតព្វកិច្ចចូលរួមការបោះឆ្នោត ដែលយ៉ាងហោចណាស់នេះជាការវិវត្តន៍ថ្មីបន្ថែមដែលប្រជាជនខ្មែរមានការភ្ញាត់រឮកក្នុងការអនុវត្តសិទ្ធិ សេរីភាព និងកតព្វកិច្ចរបស់ខ្លួន ហើយសម្រាប់ខ្ញុំ ការអំពាវនាវរបស់បុគ្គល ឬអតីតមេដឹកនាំបក្សសង្គ្រោះជាតិ និងសកម្មជនរបស់ខ្លួន វាគ្រាន់តែជាមធ្យោបាយអប្បាយមុខដើម្បីបន្ទុចបង្អាក់ និងបំផ្លិតបំផ្លាញដល់ការផ្សះផ្សារជាតិ និងសន្តិភាព ព្រមទាំងការអភិវឌ្ឍដែលរដ្ឋាភិបាល និងប្រជាជនកម្ពុជាឆ្លងកាត់ដោយញើស និងឈាម ទំរាំទទួលបានអ្វីដែលកំពុងកើតមានក្នុងថ្ងៃនេះ៕

ដោយ៖ ឃុន ប៊ុននី ថ្ងៃ២៩ ខែឧសភា ឆ្នាំ២០១៨