(សៀមរាប)៖ លោក ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងលោកស្រី នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨នេះ បានដឹកនាំប្រតិភូ នាំយកមូលនិធិសប្បុរសរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ចំនួន៣៦,៣០០ដុល្លារ ប្រគល់ជូនមន្ទីរពេទ្យគុន្ធបុប្ផាទី៣ ដើម្បីរួមចំណែក ជួយទ្រទ្រង់កិច្ចដំណើរការរបស់មន្ទីរពេទ្យកុមារបេះដូងមនុស្សធម៌មួយនេះ។
លោកវេជ្ជបណ្ឌិត DENIS LAURENT ប្រធានស្ថានិក និងជាប្រធានមូលនិធិមន្ទីរពេទ្យកុមារគន្ធបុប្ផា បានឲ្យដឹងថា អ្នកជំងឺមកទទួលសេវា ពិនិត្យព្យាបាល ក្នុងមួយថ្ងៃៗ មិនលើសពី៦០០ ទៅ៨០០នាក់ឡើយ ហើយមន្ទីរពេទ្យកុមារគន្ធបុប្ផាទី៣ មានគ្រូពេទ្យ បុគ្គលិក កម្មករ និងសន្តិសុខ មានចំនួន១,២០០នាក់ ដែលបម្រើការងារនៅក្នុងមន្ទីរពេទ្យនេះ។
លោក ឃឹម ប៊ុនសុង បានគូសបញ្ជាក់ថា ការដឹកនាំប្រតិភូនាំយកមូលនិធិសប្បុរស របស់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប មកប្រគល់ជូនមន្ទីរពេទ្យគុន្ធបុប្ផាទី៣ គឺដើម្បីរួមចំណែកជួយទ្រទ្រង់កិច្ចដំណើរការ របស់មន្ទីរពេទ្យកុមារបេះដូងមនុស្សធម៌មួយនេះ ហើយក៏ជាឆ្នាំលើកទី៤ផងដែរ។
លោកបានបន្ថែមថា ថវិកានេះ គឺទទួលបានពីសប្បុរសជនជាតិ អន្តរជាតិ ក្នុងទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហមលើកទី១៥៥ ក្រោមប្រធានបទ «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោលឡើយ» ក្នុងការទ្រទ្រង់សកម្មភាពកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន។
លោក ឃឹម ប៊ុនសុង បានថ្លែងអំណរគុណ ចំពោះក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផាទី៣ ពិសេសលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត Beat Richner ប្រធានស្ថានិក និងជាប្រធានមូលនិធិមន្ទីរពេទ្យកុមារគន្ធបុប្ផា ដែលបានយកចិត្តទុកដាក់ក្នុងការពិនិត្យព្យាបាលកុមារ និងស្ត្រីកម្ពុជា ដែលត្រូវបានប្រជាពលរដ្ឋខ្មែរ យើងគ្រប់គ្នាបានហៅលោកជាគ្រូពេទ្យទេវតា ដោយព្យាបាលជំងឺមិនប្រកាន់វណ្ណៈពូជសាសន៍អ្វីឡើយ ទោះបីអវត្តមាន លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត Beat Richner ក៏ពិតមែន តែក៏មានគ្រូពេទ្យចំណានៗបានបន្តដើម្បីសង្រ្គោះអាយុជីវិតកុមារកម្ពុជា។
ក្នុងនោះលោក ឃឹម ប៊ុនសុង និងលោកស្រី បានផ្តល់នូវថវិកាផ្ទាល់ខ្លួន ចំនួន៥ពាន់ដុល្លារ, លោកស្រី អ៊ាន សុខា ប្រធានក្រុមហ៊ុន រតនា ខូអបភើរេសិន និងសំណង់ ថវិកា៥០០ដុល្លារ, លោកស្រី ម៉ម វាសនា ថិវកា៥០០ដុល្លារ, លោកស្រី ស៊ុន លី សិលា ថវិកា១០០ដុល្លារ, កញ្ញា សារ៉ាន់ ម៉ូនីតា ថវិកា២០០ដុល្លារ និងថវិការរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ចំនួន៣ម៉ឺនដុល្លារ៕