(ភ្នំពេញ)៖ មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨នេះ បានចុះត្រួតពិនិត្យគុណភាពចំណីអាហារ និងបន្លែ ប្រមាណជាង៥០មុខ នៅផ្សារព្រែកលៀប ខណ្ឌជ្រោយចង្វារ ដោយបានរកឃើញសារធាតុគីមីនៅក្នុងឆៃថាវ ដែលអាចនឹងធ្វើឲ្យប៉ះពាលដល់សុខភាព អ្នកបរិភោគ។
លោក គង់ វុទ្ធី អនុប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានឲ្យដឹងថា ក្រុមការងាររបស់លោក បានសហការជាមួយ មន្រ្តីមន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សារព្រែកលៀប ចុះត្រួតពិនិត្យទំនិញស្រាវជ្រាវទប់ស្កាត់ នូវទំនិញខូចគុណភាព ដែលជនខិលខូចមួយចំនួនលួច លក់ចែកចាយលើទីផ្សារ បានធ្វើតេស្តបឋម និងយកគំរូ ចំនួនជាង៥០មុខ ដែលសង្ស័យមានហានិភ័យខ្ពស់ដូចជា សរសៃមីលឿង ប្រហិតសាច់គោ មឹក បង្គា ត្រីងៀត ត្រីហើម សាច់ក្រក បាញ់កាញ់ លត គុយទាវសរសៃធំ គុយទាវសរសៃតូច គ្រឿងសមុទ្រ ផ្លែឈើគ្រប់មុខ បន្លែគ្រប់មុខបញ្ជូនមកមន្ទីរពិសោធន៍អគ្គនាយកដ្ឋានកាំកុងត្រូល ដើម្បីរកសារធាតុគីមីហាមឃាត់។
ក្រោយការពិនិត្យយ៉ាងត្រឹមត្រូវនោះ ក្រុមការងាររបស់លោក បានរកឃើញសារធាតុគីមី ដែលហាមឃាត់នៅក្នុងឆៃថាវ ក្រុមការងាររបស់លោកបានដកហូតភ្លាម ដើម្បីយកមកកកម្ទេចចោល និងធ្វើកិច្ចសន្យាជាមួយអាជីវករ មិនឲ្យដាក់លក់នូវបន្លែ ដែលមានសារធាតុហាមឃាត់បន្តទៀត។
បើតាមលោក គង់ វុទ្ធី បញ្ជាក់ថា នៅក្នុងប្រតិបត្តិការចុះឆែកឆេរនេះ គឺធ្វើឡើងតាមបទបញ្ជារបស់ថ្នាក់លើក ដែលគិតអំពីសុវត្ថិភាព និងសុខភាពដល់ប្រជាពលរដ្ឋ ហើយសកម្មភាពនេះ គឺបានធ្វើឡើងដូចភ្លៀងរលឹមយ៉ាងដូច្នេះដែរ។ លោក គង់ វុទ្ធី បានណែនាំដល់ក្រុមអាជីវករទាំងអស់ ដាក់តាំងលក់ផលិត ផលឲ្យត្រូវតាមលក្ខណៈបច្ចេកទេស ដោយញែកចេញពីគ្នារវាងគ្រឿងប្រើប្រាស់ដែលផ្ទុកសារ ធាតុពុល និងម្ហូបអាហារហាម ការដាក់តាំងផលិតផល ភេសជ្ជៈត្រូវកំដៅថ្ងៃ និងការដាក់លក់ផលិតផលហួសកាលបរិច្ឆេទជាដើម។
លោក ក៏បានអំពាវនាវដល់អាជីវករ អ្នកចែកចាយលក់ដុំ លក់រាយ អ្នកផលិត នាំចូលចែកចាយត្រូវតែមានប្រភពច្បាស់លាស់សិន មុននឹងទទួលលក់ ហើយបញ្ជប់ការលាយបន្ថែមនូវសារធាតុគីមី ទៅលើផលិតផលម្ហូបអាហារ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់៕