(ភ្នំពេញ)៖ ខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ បានឃាត់រថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿង រកឃើញសត្វព្រៃជាច្រើនប្រភេទ ដាក់ក្នុងកេសសរុបប្រមាណជិតកន្លះតោន នៅតាមបណ្តោយផ្លូវលេខ៧០ ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក។
ប្រតិបត្តិការដែលបានធ្វើឡើង នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨នេះ ដឹកនាំដោយ លោក គាំ សីហា នាយការិយាល័យរដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ និងមានការសម្របសម្រួលពី លោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ។
សមត្ថកិច្ចខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ បានឲ្យដឹងថា រថយន្តដែលបង្ក្រាបបានជាប្រភេទរថយន្តក្រុងដឹកអ្នកដំណើររបស់ក្រុមហ៊ុន «សីលាអង្គរខ្មែរ អ៊ិចប្រេស្ស» ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ3C-9774 អ្នកបើកបររថយន្តគេចខ្លួនបាត់។ ភ្លាមៗកម្លាំងខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ បានយករថយន្តក្រុង ដែលមានលួចលាក់ដឹកសត្វព្រៃមករក្សាទុក នៅខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ នៅខណ្ឌចំការមន រងចាំព្រះរាជអាជ្ញា ចុះមកត្រួតពិនិត្យដើម្បីប្រគល់ទៅឲ្យអង្គការសត្វព្រៃបន្ត។
លោក គាំ សីហា បានបញ្ជាក់ថា ប្រតិបត្តិការគឺកម្លាំងរបស់លោក បានតាមដានស៊ើបអង្កេតរយៈពេលមួយសប្តាហ៍មកហើយ ទើបនៅព្រឹកកើតហេតុនេះ បានឃើញរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿង ដោយមានការសង្ស័យ ក៏បានឃាត់ឆែកឆេររកឃើញសត្វព្រៃជាច្រើនកេសនៅក្នុងរថយន្ត។
នាយការិយាល័យរដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ បានបន្តថា សត្វព្រៃដែលបង្ក្រាបបានមានចំនួន១៧កេស ក្នុងនោះមានសត្វចំនួន៥ប្រភេទ គឺអន្សង កន្ធាយ អណ្តើក ពស់ និងសត្វប្រវឹង សរុបទាំងអស់ស្មើនឹង៤២១គីឡូក្រាម។
បន្ទាប់ពីធ្វើរបាយការណ៍រួចសត្វព្រៃទាំងអស់នេះ ត្រូវបានលោក គាំ សីហា ប្រគល់ទៅឲ្យអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដែលមានទីតាំងនៅក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ដើម្បីយកទៅព្រលែងនៅតាមតំបន់ព្រៃភ្នំ រីឯសត្វដែលងាប់ គឺក្រុមការងារយកទៅដុតកម្ទេចចោល៕